ទុនវិនិយោគក្នុងវិស័យសំណង់ មានទំហំទឹកប្រាក់ ១៧៨០លានដុល្លារអាមេរិកក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអលនទ្រព្យក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់១៧៨០លានដុល្លារអាមេរិក និងមានគំរោងវិនិយោគ១៣៧០គំរោង ដែលបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ជាមួយនឹងគំរោងវិនិយោគដ៏ច្រើននេះ របាយការណ៍​នេះបានកត់សំគាល់ឃើញថា ក្នុងដំណាច់ត្រីមាសទី២ឆ្នាំនេះ ចំនួនខុនដូដែលបានបញ្ចប់ការ​សាងសង់ និងដាក់ចូលក្នុងទីផ្សាររំពឹងនឹងកើនដល់២ម៉ឺនយូនីតនៅដំណាច់ឆ្នាំនេះ។

របាយការណ៍ដដែលបានបង្ហាញថា ជាមួយនឹងកំនើនតម្រូវការ និងការវិនិយោគ​បានធ្វើឲ្យទីផ្សារការិយាល័យ ស្ថិតនៅតាមតំបន់ពាណិជ្ជកម្មមានកំនើន៦ភាគរយ និង៣,៤ភាគរយ សម្រាប់ការិយាល័យលំដាប់B និងការិយាល័យលំដាប់C។ ជាមួយគ្នានេះ ទំហំផ្សារទំនើបបានកើនឡើង៤៣ភាគរយផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា ស្ថានភាពនៃការអភិវឌ្ឍន៍ និងទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាណាមួយមានបញ្ហានោះទេ គឺអ្វីៗនៅតែដំណើរការ​យ៉ាងល្អប្រសើរ ដោយសារការផ្គត់ផ្គង់ និងតម្រូវការនៅមានស្ថិរភាពល្អ។ អ្នកនាងបន្តថា ការចុះបញ្ជីរវិនិយោគក្នុងវិស័យនេះ ហាក់ថយថយបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហាដោយ​សារការបោះឆ្នោតទេ តែជាបញ្ហាទីផ្សារខ្លួនឯង ដែលមានន័យថា ការផ្គត់ផ្គង់បានកើនច្រើនក្នុងប៉ុន្មានឆ្នាំមកនេះ ហេតុនេះទីផ្សារត្រូវការពេលវេលាបន្តិចដើម្បីស្រូបយកនូវអ្វីដែលបានអភិវឌ្ឍន៍រួចហើយ។

អ្នកនាងបន្ថែមថា “អ្វីៗនៅតែដំណើរការល្អប្រសើរ សុខភាពក្នុងវិស័យនេះនៅតែ​មានកំនើនរ៉ឹងមាំបន្តទៀត”។

លោក ខេន ឡូ (Ken Lo) អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានយល់ស្រប​នឹងការលើកឡើងខាងលើ ដោយបានមានប្រសាសន៍ថា លោកនៅតែមើលឃើញថា វិស័​យអចលនទ្រព្យសម្រាប់រយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងនៅរីកចម្រើនបន្តទៀត ដោ​យសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាព​រ៉ឹងមាំល្អប្រសើរ។

លោកបន្តថា “កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដែលពួកគេមើលឃើញថាទីផ្សារនេះនៅតែមានភាពទាក់ទាញ និងរកឳកាសចំណេញបានច្រើនពីការបោះទុនវិនិយោគរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here