ប្រធាន CATA ជំរុញឲ្យអាជ្ញាធរតាមបណ្តាខេត្តទេសចរណ៍មួយចំនួនពង្រឹងស្តង់ដាអនាម័យ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានជំរុញឲ្យអាជ្ញាធរ​ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋពង្រឹងស្តង់ដាអនាម័យ និងសេវាបដិសណ្ឋារកិច្ចឲ្យបាន​ល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកា​ល​ពីសប្តាហ៍មុនថា សណ្ឋាគារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ​ខេត្តសៀម​រាប ព្រះសីហនុជាដើម មានសេវាបដិសណ្ឋារកិច្ចល្អប្រសើរហើយ ពិសេសសណ្ឋា​គារកម្រិតផ្កាយ៤និងផ្កាយ៥ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌ​ល​គិរី និងខេត្តស្ទឹងត្រែងជាដើម មិនទាន់បានពង្រឹងបទដ្ឋានអនាម័យ និងគុណភាព​បដិសណ្ឋារកិច្ចល្អប្រសើរនៅឡើយទេ។

លោកស្រីបន្តថា “ដោយសារមានបញ្ហាបែបនេះ ទើបយើងមិនអាចរៀបចំកញ្ចប់​ទស្សនកិច្ចទៅកាន់ខេត្តទាំងនោះបានទេ ព្រោះវានឹងធ្វើឲ្យភ្ញៀវទេសចរ​មានអារម្មណ៍​មិនល្អ និងខូចដល់កញ្ចប់ទស្សនកិច្ចរបស់យើង”។ លោកស្រីបន្តថា “អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋ គួរពិចារណាឲ្យបានច្រើនពីចំណុចនេះ ទាំងអនាម័យ បញ្ហា​សំរាម និងបញ្ហាជាច្រើនទៀត ដែលមិនទាន់មានការយកចិត្តទុកដាក់នៅឡើយ”។

លោកស្រីបន្តថា ការពង្រឹងស្តង់ដាអនាម័យ បដិសណ្ឋារកិច្ចល្អប្រសើរ នឹងធ្វើឲ្យខេត្ត​ទាំងនោះទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយវានឹងផ្តល់ចំណូលដោយ​ផ្ទាល់​ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងវិស័យនេះប្រកបដោយនិរន្តរភាព។

សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ លោក លូ ម៉េង បានមានប្រ​សាសន៍ស្រដៀងគ្នាថា បញ្ហាសំរាម ជារឿងធំមួយដែលយើងត្រូវដោះស្រាយ​ទាំងអស់​គ្នា ហើយប្រជាពលរដ្ឋ ពិសេសអ្នកវិនិយោគក្នុងវិស័យនេះ គួរយកចិត្តទុកដាក់ឲ្យបាន​ខ្លាំងក្លា​បំផុត។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិមកពីអាស៊ី និងពីបណ្តាប្រទេស​នានា​ក្នុងទ្វីបអឺរុប ពួកគេតែងតែខ្លាចរអា នៅពេលឃើញសំរាមរាយប៉ាយ ពាសវាល​ពាស​កាល​នៅតាមដងផ្លូវ​និងរមណីយដ្ឋាននានា។

លោកបន្តថា “បញ្ហាសំរាមគួរជាអាទិភាពមួយ ហើយប្រជាពលរដ្ឋកម្ពុជាសូមចូល​រួម​ថែររក្សាអនាម័យ និងកុំបោះចោលសំរាមពាសវាលពាសកាល ហើយសូមចាត់ទុកនេះ​ជាបញ្ហារបស់យើងទាំងអស់គ្នា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា វិស័យទេសចរណ៍​ជាវិស័យ​ដែលត្រូវមានការចូលរួមពហុវិស័យ ព្រោះក្រសួងទេសចរណ៍មិនអាចធ្វើបានជោគជ័​យនោះទេ ប្រសិនជាគ្មានការសហការចូលរួមពីក្រសួងពាក់ព័ន្ឋ ពិសេសអាជ្ញាធរថ្នាក់​ក្រោមជាតិ។ លោកបន្តថា បញ្ហាសំរាម និងអនាម័យជាកង្វល់របស់យើង ដែលទាម​ទារ​ឲ្យមានការយកចិត្តទុកដាក់ទាំងអស់គ្នា។ លោកបន្តថា “សូមទាំងអស់គ្នារួមគ្នាគិត រួមធ្វើនិងរួមដោះស្រាយទាំងអស់គ្នា ទើប​យើងអាចសម្រេចបាននូវគោលដៅ​របស់​យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here