ផ្លូវជាតិលេខ១ស្ថិតនៅក្នុងគំរោងផ្លូវសូត្រធ្វើឲ្យតំបន់នេះកាន់តែមានសក្តានុពល

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តំបន់ផ្លូវជាតិលេខ១ មិនត្រឹមតែលេចធ្លោ ដោយសារការបញ្ចប់ការពង្រីកផ្លូវជាតិលេខ១នោះទេ ប៉ុន្តែតំបន់នេះនឹងកាន់តែមានសក្តានុពលបន្ថែមទៀត ដោយសារតំបន់ដ៏សំខាន់នេះ ស្ថិតនៅក្នុងបណ្តាញផ្លូវនៃគំរោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

ជាមួយនឹងគំរោងផ្លូវទំហំ៦០ម៉ែត្រ ដែលជាគំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ដែលភ្ជាប់ភាគខាងលិចទីក្រុងភ្នំពេញ ទៅកាន់កំពង់ផែស្វយ័ត្នភ្នំពេញ(ស្ថិតក្នុងស្រុកកៀនស្វាយ) និងផ្លូវភ្ជាប់ទៅកាន់តំបន់អ្នកលឿង បានននិងកំពុងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៅ​កាន់តំបន់នេះ ដែលបាននិងកំពុងធ្វើឲ្តតម្លៃដីបានកើនឡើងយ៉ាងខ្ពស់។

អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនកំពុងរៀបចំ​អភិវឌ្ឍន៍នៅតំបន់នេះ និងមានក្រុមហ៊ុនធំៗជាច្រើនទៀតនឹងចូលទៅតំបន់នេះនា​ពេលអនាគត ដោយសារផ្លូវថ្មីដែលគ្រោងសាងសង់នាពេលខាងមុខ ស្ថិតនៅក្នុងគំរោងផ្លូវសូត្រ ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

អ្នកនាងបន្តថា “ខ្ញុំគិតថាតំបន់នេះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោយសារការសាងសង់ផ្លូវថ្មី និងគំរោងរបស់អ្នកវិនិយោគអន្តរជាតិជាច្រើន បានសម្លឹងមកកាន់តំបន់នេះ”។

ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកសាយឡុងបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នចលនានៃការដោះដូរដីធ្លីកំពុងកើនឡើងនៅតំបន់នេះ ហើយតម្លៃដីធ្លីបានកើនឡើងច្រើនជាងទ្វេរដង ជាក់ស្តែងដីនៅតំបន់នេះពីមុនមានតម្លៃត្រឹម៦ដុល្លារ បច្ចុប្បន្នឡោះងថ្លៃដល់១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េរួចទៅហើយ។លោកបន្តថា ចំណែកដីស្ថិតនៅជាប់គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានកើនឡើងខ្ពស់ផងដែរ ដែលពីមុនមានតម្លៃក្រោម១០ដុល្លារ ឥឡូវកើនដល់ចន្លោះ១៥ទៅ២០ដុល្លារក្នុងមួយ​ម៉ែត្រការ៉េផងដែរ។

លោកបន្តថា “អ្នកចូលមកទិញដីនៅតំបន់នេះ ភាគច្រើនជាអ្នកមានជីវភាពធូរធារខ្លាំង និងជាអ្នកមានអំណាច ដោយសារពួកគេបានដឹងពីគំរោងសាងសង់ផ្លូវថ្មី និងគំរោង​អភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here