ផ្សារទំនើបបែបសហគមន៍មួយទៀតនឹងបើកនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ ផ្សារទំនើបថ្មីមួយដែលមានទស្សនទាននៃការអភិវឌ្ឍន៍ថ្មី ស្ថិតនៅកណ្តាលមជ្ឈមណ្ឌលភ្នំពេញ នឹងបើកដំណើរការនៅក្នុងឆ្នាំនេះហើយ។

ផ្សារនេះជាផ្សារមួយក្នុងចំណោមផ្សារទំនើបខ្នាតអន្តរជាតិ និងខ្នាតតូចចំនួន១៣ ដែលនឹងបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំនេះ ដោយអ្នកជំនាញបានហៅឆ្នាំ២០១៨នេះថា ជាឆ្នាំនៃផ្សារទំនើប។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍EDEN GARDENនេះ ស្ថិតនៅក្នុងPhnom Penh CITY CENTER​(អតីតបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ។ផ្សារនេះមានទំហំ៥០០០ម៉ែត្រការ៉េ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ផ្សារបែបសហគមន៍សំដៅដល់ផ្សារដែលលក់ចំណីអាហារ និងភេសជ្ជៈ និងសេវាកម្មកំសាន្តតិចតួច ខុសពីផ្សារទំនើបលំដាប់អន្តរជាតិ ដូចជា ផ្សារAEON MALL ដែលជា​ផ្សារទំនើបលក់ទំនិញចម្រុះ និងមានសេវាកម្មកំសាន្ត ការលក់ចំណីអាហារ និងភេសជ្ជៈ ដ៏សម្បូរបែប។

អ្នកនាងបន្តថា ការវិនិយោគផ្សារទំនើប ជាការវិនិយោគមានប្រាក់ចំណេញពីការវិនិយោគខ្ពស់ ប៉ុន្តែអ្នកវិនិយោគត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើបច្ចុប្បន្នភាព ព្រោះរយៈពេល៥ទៅ៨ឆ្នាំម្តង ផ្សារទំនើបនិមួយៗត្រូវធ្វើការឌីសាញ និងរៀបចំការលក់ឡើងវិញ ដើម្បីទាក់ទាញអតិថិជន។អ្នកនាងបន្តថា ទោះជាផ្សារទំនើបបើកច្រើនក្តី ប៉ុន្តែចំនួនផ្សារមិនទាន់លើសតម្រូវការនៅឡើយទេ ដោយសារផ្សារនិមួយៗស្ថិតនៅទីតាំង និងចាប់យក​ចំណែកអតិថិជនខុសៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here