ភាគខាងត្បូងក្រុងតាខ្មៅ កំពុងក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅ តាមបណ្តោយផ្លូវជាតិលេខ២១កំពុងមានការរីកចម្រើនយ៉ាងលឿន បន្ទាប់ពីផ្លូវនេះបានពង្រីកពីពីរ ដល់៤គន្លងសម្រាប់​រថយន្ត។

តាមរយៈការចុះសង្កេតផ្ទាល់ពីស្ថាបនិក នៃគេហទំព័រ Propertyarea.asia បានរកឃើញថា បច្ចុប្បន្នមានបុរីសំណង់លំនៅដ្ឋាន ប្រមាណជាង១០ក្រុមហ៊ុនធំៗ កំពុងដំនើរ​ការសាងសង់ និងបញ្ចប់ការសាងសង់។ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសមួយក៏ត្រៀមបើកដំណើរការផងដែរនៅតំបន់នេះ។

ជាមួយនឹងគំរោងសាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិតម្លៃ១៥០០លានដុល្លារនៅភាគខាងត្បូងក្រុងនេះ បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានប្រមូលទិញ​ដី ដើម្បីសាងសង់គំរោងរបស់ពួកគេ និងទាក់ទាញបាននូវផលប្រយោជន៍ចេញពីព្រ​លានយន្តហោះនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា​តំបន់ភាគខាងត្បូងក្រុងតាខ្មៅ ពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានបុរីជាច្រើនកំពុងសាងសង់នៅតំបន់នោះ​ដូចជាបុរីពិភពថកមី បុរីគ្រីស្តាល់ និងគំរោងជាច្រើនទៀត។លោកបន្តថា ការពង្រីកផ្លូវជាតិលេខ២១ បានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើ​នចាប់អារម្មណ៍តំបន់ដែលធ្លាប់តែស្ងប់ស្ងាត់នេះ។

លោកបន្តថា “ទោះជាតំបន់នេះភាគច្រើនជាដីបឹងក្តី ប៉ុន្តែលក្ខខ័ណ្ឌអាកាសធាតុនៅតំបន់នេះមានភាពល្អប្រសើរ ដោយសារមានទន្លេបាសាក់ ដែលផ្តល់នូវខ្យល់អាកាស​ល្អប្រសើរ”។ លោកបន្តថា “ជាមួយគំរោងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅ និងស្ថិតក្នុងស្រុកកណ្តាលស្ទឹង នឹងជាកំលាំងចលករជួយជម្រុញឲ្យតំបន់នេះមានការរីកចម្រើនកាន់តែលឿននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here