ភ្ជាក់ផ្អើល! សណ្ឋាគារកាំបូឌីយ៉ាណានឹងត្រូវវ៉ៃកំទេចដើម្បីសង់អាគារកំពស់៦០០ម៉ែត្រនាពេលឆាប់ៗនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សណ្ឋាគារកាំបូឌីយ៉ាណាដែលកម្មសិទ្ឋរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងវ៉ៃកំទេចនៅអំឡុងខែកក្កដា ឬ កញ្ញា ២០១៨ខាងមុខនេះដើម្បីសាងសង់អាគារខ្ពស់កម្ពស់ជាង៦០០ម៉ែត្រ ជាគម្រោងអាចជារបស់រដ្ឋាភិបាលកម្ពុជា។

ប្រសិនជាផែនការសាងសង់អគារថ្មីនេះ ដំណើរការជោគជ័យនោះ អគារនេះនឹងក្លាយទៅជាអគារដែលមានកម្ពស់ខ្ពស់បំផុតទី៤ក្នុងពិភពលោក។

នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ក៏បានប្រកាសពីផែនការការសាងសង់អគារមួយដែលមានកម្ពស់៥៦១ម៉ែត្រ នៅទីតាំងជិតទីតាំងនោះផងដែរ ពោលគឺនៅក្នុងអតីតសួនកម្សាន្ត Dream Land ក្រោមទុនវិនិយោគប្រមាណ៦០០០លានដុល្លារ។

សម្រាប់គម្រោងធំៗទាំង២នេះ ប្រសិនជាវាលេចរូបរាងឡើងប្រាកដមែននោះ នឹងក្លាយជាអគារដ៏ខ្ពស់ ដែលមានចម្ងាយជិតបំផុតពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលជាទីកម្សាន្តប្រវត្តិសាស្រ្ត និងពេញនិយមនៅក្នុងរាជធានីភ្នំពេញ។

ការវិនិយោគអគារលើសណ្ឋាគារកាំបូឌីយ៉ាណាចាស់នោះ គឺក្រុមហ៊ុន Royal Group បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដើម្បីអភិវឌ្ឍគម្រោងធំៗចំនួន២ នៅកម្ពុជា តែយ៉ាងណាក៏ដោយគេមិនទាន់ដឹង ពីទុនវិនិយោគជាក់លាក់នោះទេ ចំពោះការសាងសង់អគារនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទិញយកសណ្ឋាគារកាំបូឌីយ៉ាណាកាលពីឆ្នាំ២០០៥។ សណ្ឋាគារនេះ ជាសណ្ឋាគារទំនើបលំដាប់អន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ ប៉ុន្តែបានបិទទ្វាទៅវិញនៅឆ្នាំបន្ទាប់ នៅពេលលោកលន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ សណ្ឋាគារនេះ បានបើកជាថ្មីនៅឆ្នាំ១៩៩០។

យ៉ាងណាមន្រ្តីស្និទ្ឋជាមួយអ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបា​ថ្លែងថា លោកមិនទាន់ដឹងពីព៌តមាននេះទេ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកសេង ឡូតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ ឧសភានេះថា រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យមានការសាងសង់ អាគារកំពស់ ៦០០​ម៉ែត្រនៅទីតាំងនេះរួចហើយ ប៉ុន្តែ​រហូតមកទល់ពេលនេះ លោកមិនទាន់ឃើញមានពាក្យស្នើសុំសាងសង់អាគារនេះពីសំ​ណាក់ក្រុមហ៊ុន Royal Groupនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here