រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដាក់ផែនការចំនួន៦ ដើម្បីធ្វើឲ្យបុណ្យសមុទ្រនៅខេត្តកោះកុងកាន់តែទាក់ទាញ

0

ដោយ វុត្ថា

ភ្នំពេញ ក្រសួងទេសចរណ៍បានដាក់ចេញផែនការសំខាន់និងចាំបាច់ចំនួន៦ដើម្បី​រៀបចំពិធីបុណ្យសមុទ្រនៅខេត្តកោះកុងឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូននិងទាក់ទាញទេស​ចរណ៍ជាតិ និងអន្តរជាតិច្រើនជាងមុន។

បន្ទាប់ពីលោកស្រីអភិបាលខេត្តកោះកុង មិថុនា ភូថនបានរាយការណ៍ពីលទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកជំនាញទាំងអស់របស់ខេត្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិអោយបានល្អ និងការពិភាក្សាផ្តល់យោបល់ពីអង្គប្រជុំរួចមក លោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើការបូកសរុប និងដាក់ចេញនូវអនុសាសន៍ណែនាំសម្រាប់អនុវត្តចំនួន៦ ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំពិធីបុណ្យសមុទ្រ ប្រព្រឹត្តិទៅបានល្អប្រសើរ។

ផែនការសំខាន់ៗទាំងនោះរូមមាន ទី១-រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូទេសចរណ៍ ពិសេសត្រូវរៀបចំអោយមានឆ្នេរខ្សាច់មួយ ដើម្បីជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្ត ទី២ ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍។ សំខាន់ត្រូវជម្រុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

ទី៣-ការរៀបចំកែលំអរ និងលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀប​រយ ចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែងលំអរនៅទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនាអោយប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។ ទី៤-ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ នៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។

ទី៥-ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានដូចជា ការសំដែងសិល្បៈវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័ណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។ និង៦-រៀបចំបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធីបុណ្យសមុទ្រ និងសហការជាមួយក្រុមការងារថ្នាក់ខេត្ត។

ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៧ នៃការរៀបចំបុណ្យសមុទ្រ និងជាជុំទី២ សម្រាប់ខេត្តកោះកុង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ បន្ទាប់ពីបានធ្វើលើកទី១កាលពីឆ្នាំ២០១៤ ប្រកបដោយជោគជ័យ។

ដោយមានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ពិធីបុណ្យសមុទ្រឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់​ខ្ពស់ក្នុងពិធីបើកបុណ្យសមុទ្រ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here