រយៈពេល៧ខែ អគ្គនាយកដ្ឋានពន្ឋដា ប្រមូលចំណូលបាន ១៣៥៦លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង១,៣៥៦ លានដុល្លារអាមេរិក ស្មើជាង៧០ភាគរយនៃផែនការកំណត់ដោយច្បាប់ ក្នុងរយៈពេល៧ខែឆ្នាំ២០១៨នេះ។

លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំ ខែកក្ដដា ឆ្នាំ២០១៨កាលពីម្សិលម៉ិញនេះថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័​ន្ធគ្រប់​គ្រងទិន្នន័យចំណូលអនឡាញ Online ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានចំនួនជាង មានចំនួនជាង ៦៨៩ ពាន់លានរៀល ស្មើប្រមាណជាង ១៧២ លានដុល្លារអាមេរិកកើនឡើងចំនួន ១៨៦ពាន់លានរៀល ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា ក្នុងចំណោមចំណូលដែលទទួលបានក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៨ អគ្គនាយ​កដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានជាង ៥,៤២៥លានរៀល  ត្រូវប្រមាណជាង១,៣៥៦ លានដុល្លារអាមេរិកស្មើជាង៧០ភាគរយ ក្នុងនោះបើប្រៀបធៀបទៅនឹងរយៈ៧ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងឆ្នាំ២០១៨ កើនឡើងចំនួនជាង៧០៨ ពាន់លានរៀល ត្រូវប្រមាណជាង១៧៧ លានដុល្លារអាមេរិក ស្មើជាង១៥ភាគរយ។

ឯកឧត្តមគង់ វិបុលបានបន្តថា កំណើនចំណូលពន្ធក្នុងខែកក្កដានេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងថា សាធារណៈជន និងអ្នកវិនិយោគជាតិ និងអន្តជាតិ មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោ​យ​គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ក្នុងការឆ្លើយតបតាមអនុវត្ត តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំដល់មន្រ្តីពន្ធដារទាំងអស់ត្រូវបំពេញតួនាទីជាអ្នកបម្រើរាស្ត្រ និងជាអ្នកផ្តល់សេវាជូនសាធារណៈជន មិនមែនជាអ្នកត្រួតត្រានោះឡើយ ហើយត្រូវកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here