រំលឹកឡើងវិញ៖ កម្ពុជាចំណេញច្រើនពីប្រព័ន្ឋអនុគ្រោះពន្ឋរបស់សហរដ្ឋអាមេរិក

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រទេសកម្ពុជាជាថ្មីម្តងទៀត បានទទួលការអនុគ្រោះពន្ឋនាំចីលសហរដ្ឋអាមេរិករយៈពេលពីរឆ្នាំ ដែលចាប់អនុវត្តន៍ពីថ្ងៃទី១​មករា ឆ្នាំ២០១៨ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ​២០២០ខាងមុខនេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ មេសានេះថា ប្រព័ន្ឋអនុគ្រោះពន្ឋនេះ សហរដ្ឋអាមេរិកបានផ្តល់ជូនកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ទី៩០ ហើយប្រព័ន្ឋបែបនេះ សហរដ្ឋអាមេរិកតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង ដើម្បីពិនិត្យលើមុខទំនិញ ដើម្បីការផ្តល់ការអនុ​គ្រោះ​ ដល់ប្រទេសនិមួយៗដែលស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីនាំទំនិញចូលសហរដ្ឋអាមេរិក។

លោកបន្តថា “ “ក្នុងចំណោមទំនិញទាំងនោះ កម្ពុជាផលិតបានខ្លះ និងទំនិញខ្លះកម្ពុជាមិនទាន់មានលទ្ឋភាពផលិតបានខ្លួនឯងទេ ប៉ុន្តែជារួមការផ្តល់ការអនុគ្រោះបែបនេះ ជាការផ្តល់ផលចំណេញដល់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគលើមុខទំនិញទាំងនោះ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក”។

លោកសុវិជាតិបានបន្តថា កន្លងមកសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះលើមុខទំនិញប្រមា​ណ៥០០០មុខដល់កម្ពុជា ប៉ុន្តែមិនមែនរាល់មុខទំនិញទាំងនោះ សុទ្ឋតែអនុ​គ្រោះពន្ឋនោះទេ គឺមានទំនិញមួយចំនួនក៏បានគិតពន្ឋក្នុងកម្រិតតិចតួចផងដែរ”។

សហរដ្ឋអាមេរិកបានផ្តល់ជូនកម្ពុជា នូវប្រព័ន្ឋអនុគ្រោះលើមុខទំនិញនាំចេញនេះ បានធ្វើឡើងតាំងពីដើមទសវត្សរ៍ទី៩០ មុនពេលកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា ការផ្តល់កូតាពីសហរដ្ឋអាមេរិក ដើម្បីប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជានេះ ពិតជាផ្តល់ផលចំណេញដល់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគមកផលិតទំនិញទាំងនោះ ដើម្បីនាំចេញ ទៅកាន់សហរដ្ឋអាមេរិក។លោកបន្តថា ការដំឡើងពន្ឋទំនិញរបស់សហរដ្ឋអាមេរិក ជាមួ​យប្រទេសចិន និងប្រទេសដទៃទៀតលើមុខទំនិញមួយចំនួន ដូចជាដែកថែប អាល្លុយមីញ៉ូមជាដើម សុទ្ឋតែផ្តល់ផលចំណេញដល់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចិន និងអ្នកវិនិយោគដទៃទៀតមកផលិតនៅកម្ពុជា ដើម្បីនាំចេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រដ្ឋបាលលោ​កដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់ស្តីពីH R 1625 The consolidated Appropriations Act 2018 ដើម្បីបន្តឡើងវិញនៃប្រព័​ន្ឋ អនុគ្រោះពន្ឋទូទៅ ដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្ម។ ការឡើងវិញនៃប្រព័ន្ឋអនុគ្រោះ ទូទៅនេះ នឹងចូលជាធរមានពីថ្ងៃទី២២ មករា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។  អ្នកនាំចូលទៅសហ​រដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ មេសា អាចមកស្នើសុំដកប្រាក់ពន្ឋ ដែលបានបង់ពន្ឋរួចវិញបាន តាមការជូនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here