លោកគុយ វ៉ាត៖ តើកម្ពុជាគួរធ្វើដូចម្តេចដើម្បី​បង្កើនការទាក់ទាញអ្នកវិនិយោគអន្តរជាតិ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ការរក្សាបាននូវគុណភាពសេវាកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិ​យោ​​គ​មិ​ន​ត្រឹមតែអាចទាក់ទាញអ្នកវិនិយោគថ្មីៗនោះទេ តែអាចធ្វើឲ្យដំណើរ​ការ​អភិវឌ្ឈន៍​អចល​នទ្រព្យ និងសំណង់នៅកម្ពុជាមាននិរន្តរភាពផងដែរ ខណៈទីផ្សា​រ​នេះកាន់តែ​រីកធំនិងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនVTRUST GROUP និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មី​ៗនេះថា កម្ពុ​ជា​​ក្លាយ​ជា​ប្រទេសទទួល​បានការចាប់អារម្មណ៍ខ្លាំង ដោ​យសារប្រទេសនេះ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃអាស៊ាន និងមានលក្ខខ័ណ្ឌអំណោយផលជាច្រើនដូចជា កត្តាសុខ​សន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរ៉ឹងមាំ និងច្បាប់បទដ្ឋានគតិយុត្តិរបស់កម្ពុ​ជាពិសេសច្បាប់វិនិយោគបានបើកចំហយ៉ាងខ្លាំង។

លោកបន្តថា ដូច្នេះក្នុងនាមយើងជាអ្នកផ្តល់សេវា តើយើងគួរផ្តល់​សេវា​កម្មយ៉ាង​ដូច​ម្តេច ​ដើម្បី​ទទួ​ល​បានទំនុ​ក​ចិត្តដល់អ្នកវិនិយោគ លោកគុយវ៉ាតបាន​ថ្លែងថា “យើងជា​អ្នក​ផ្តល់សេវា និងអ្នកសាងសង់ យើងត្រូវតែ​ផ្តល់វាសេវាកម្មប្រកបដោយយគុណភាព និង​ទំនុកចិត្ត ដើម្បីអាចទទួលបានប្រាក់ពីសេវារបស់យើងផង ហើយអ្នកអភិវឌ្ឈន៍​ក៏​អាច​​ទទួលបាន​ប្រា​​ក់​ចំណេញ”។លោកបន្តថា “​ការផ្តល់សេវាកម្មប្រកប​ដោយ​គុណ​​ភាព និង​ចេះ​ធ្វើបច្ចុ​ប្បន្នភាព សេវារបស់យើងឲ្យស្របតាមសម័យកាល ពិតជាមាន​សារៈ​សំ​ខា​ន់ណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគ​កាន់តែ​ច្រើន ​ចូល​មកកាន់ប្រទេ​ស​របស់យើង”។

លោកគុយ វ៉ាតបានបន្តថា ក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើន ដូចជា​ផ្នែក​អភិវឌ្ឈន៍ ​វាយ​តំលៃ ​គ្រប់គ្រង និងផ្នែកទិញលក់ជួលអចលនទ្រព្យ ដែលផ្នែកទាំង​អស់នេះ​ពិតជា​មាន​សា​រៈសំខាន់ ព្រោះពេលសំណង់​សាងសង់រួច យើង​ត្រូវការផ្នែក​លក់ ហើយ​ពេលលក់​តើយើងលក់នៅទីណា គឺយើងត្រូវការទីផ្សារនៅបរទេសនិង​ក្នុង​ស្រុក​។ចំណែក​ផ្នែកវាយ​តំលៃ​ក៏ជា​រឿងសំខាន់ផងដែរ។ ដូច្នេះផ្នែក​និមួយៗ​មាន​ភាព​ពាក់ព័ន្ឋ​គ្នា ហើយ​ដើម្បីឲ្យ​ផ្នែក​និមួយៗដំណើរការល្អ យើងត្រូវមានធន​ធាន​មនុស្ស​ដែលមាន​គុណភាព ហើយ​ដើម្បី​​មានធនធានមនុស្សមានគុណភាព​ គឺទាម​ទារ​ការ​បណ្តុះបណ្តា​ល​ច្បាស់លាស់ ដើ​ម្បី​ផ្តល់សេវាកម្មមានគុណភាព អាចប្រកួត​ប្រ​ជែង​ជាមួយប្រទេស​ជិត​ខាង។

តើធ្វើដូចម្តេចដើម្បីឲ្យទីផ្សារអចលនទ្រព្យ រក្សាបាននូវការអភិវឌ្ឈន៍ប្រកប​ដោ​យ​និរន្តរ​ភាព?លោកគុយ វ៉ាតបានថ្លែងថា “ខ្ញុំគិតថាដើម្បីឲ្យការអភិវឌ្ឈន៍​ប្រក​ប​ដោយ​និរ​ន្តរភាព ត្រូវធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ព្រោះពេលគេមាន​ទំនុកចិត្ត​គេនឹង​ដាក់​ទុន​ចូលមក និងទទួលបានប្រាក់ចំណេញ និងធ្វើឲ្យទីផ្សាររបស់​យើងកាត់​បន្ថយបាន​នូវ​ហា​និភ័យ​”។

លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលអនុម័តច្បាប់សហកម្មសិទ្ឋ​នៅឆ្នាំ​២០១១ ​ដែ​ល​​អនុ​ញ្ញាត្តឲ្យជនបរទេស ​ទិញខុនដូចាប់ពីជាន់ទី១ទ្បើង​ទៅ ​ទីផ្សារខុនដូ​កម្ពុជា​មិនមែន​សម្រាប់ប្រជាជនខ្មែរ១៥លាននាក់ និងមិនមែនសម្រាប់តែប្រជាជនក្នុង​តំប​ន់​​អា​ស៊ា​នទេ ប៉ុន្តែវាជាការបើកចំហសម្រាប់ទីផ្សារទូទាំងពិភពលោក។ ច្បាប់​នេះ​បាន​ទាក់ទាញ​អ្នកវិនិ​យោគលើវិស័យខុនដូច្រើន និងមានក្រុមហ៊ុនអន្តរជាតិជា​ច្រើន​ ដូចជា​ក្រុមហ៊ុនCentury​21, Hutton, និងក្រុមហ៊ុនCBRE ជាដើមបាន​ចូលមកកា​ន់​ទីផ្សារនេះ ដែលធ្វើឲ្យទី​ផ្សារនេះកាន់តែទទួលបានទំនុកចិត្ត។

​ដំណើរការអភិវឌ្ឈន៍របស់យើង​មាន​និរន្ត​រភាពឬ​អត់ ​វាអាស្រ័យលើការផ្តល់​សេវា​កម្មប្រកបដោយទំនុកចិត្ត ស្ថេរភាពនយោបាយ កំនើ​នសេដ្ឋកិច្ច និងការធ្វើ​សមា​ហរណ​កម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ នៅចុងឆ្នាំនេះ សុទ្ឋតែជា​កត្តា​ទាក់ទា​ញអ្នក​វិនិ​យោគកាន់តែច្រើន ​ឲ្យមកបណ្តាក់​ទុន​នៅ​កម្ពុ​ជា​កាន់​តែច្រើន​ថែមទៀត។លោកគុយ វ៉ាតបញ្ជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here