លោកជា ចាត់តូ៖ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនរ៉ឹងមាំរយៈពេលវែង​បន្តទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាថ្លែងថា នៅក្នុងរយៈពេលជាង២ទស​វត្សរ៍សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំនើនជាង៧ភាគរយ និងបន្តមានកំនើនរ៉ឹងមាំរយៈពេ​លវែងខាងមុខបន្តទៀត។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Vassili PROKOPENKO សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានទីផ្សារមូលធន និងរូបិយវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ សម្រេចបានកំណើន៧ភាគរយ ហើយនៅពេលខាងមុខនោះទៀត កម្ពុជាក៏នៅតែទទួលបានកំណើនរឹងមាំក្នុងរង្វង់៧ភាគរយដដែល ដោយសារកំលាំងចលករសំខាន់ជួយជំរុញវិស័យនេះ ដូចជាវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងភាពប្រសើរឡើងវិញជាសន្សឹមៗហើយវិស័យកសិកម្មក៏មានភាពរីកចម្រើន។

លោកបន្តថា “អតិផរណាបន្តមានកម្រិតទាបសមរម្យ។ រីឯកត្តាចម្បងនៃកំនើនអតិផរណា គឺការបន្តកើនថ្លៃលើម្អូបអាហារ ដែលឆ្លុះបញ្ចាំងកំណើនតម្រូវការប្រើប្រាស់គួបផ្សំនិងកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធ នឹងប្រេងឥន្ធនៈ ដែលបណ្តាលមកពីការកាត់បន្ថយបរិមាណផ្គត់ផ្គង់ របស់ប្រទេសនាំចេ​ញមួយចំនួន”។លោកបន្តថា “ប្រព័ន្ធធនគារ មានការរីកចម្រើនយ៉ាងខ្លាំង  និងកំពុងក្លាយជាស្ថាប័នមួយប្រកបដោយការគោរព និងជឿជាក់ពីសំណាក់អតិថិជន តាមរយៈការរក្សាសុវត្ថិភាព ការគ្រប់គ្រងទីផ្សារប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ”។

លោកទេសាភិបាលបានបន្តទៀតថា វិស័យធនាគារ នៅក្នុងរយៈពេល២ទស្សវត្សចុងក្រោយ ប្រព័ន្ធធនាគារមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលការរីកចម្រើននេះ ត្រូវទាមទារឲ្យធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្លាយជាស្ថាប័នមួយប្រកបដោយការគោរព និងមានភាពជឿជាក់ពីសាធារណៈជន លើសមត្ថភាពរបស់ខ្លួន តាមរយៈការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ ការរក្សារប្រព័ន្ធសុវត្ថិភាពធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងទីផ្សារប្តូរប្រាក់ ទុនបម្រុងអន្តរជាតិ ការគ្រប់គ្រប់ប្រព័ន្ធទូទាត់ ការបោះពុម្ភ ផ្សាយរូបិយវត្ថុជាតិ ការផ្តល់សេវាជូនរាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផងដែរ។

ជាការឆ្លើយតប លោក Vassili PROKOPENKO សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានទីផ្សារមូលធន និងរូបិយវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនដ៏ល្អ  និងជាកំណើនខ្ពស់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក  ដែលកម្ពុជាគួរតែមានមោទនភាពយ៉ាង ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here