លោក Ken Lo អះអាងថា វិស័យអចលនទ្រព្យ នឹងបន្តរីកចម្រើន ៥ទៅ១០ឆ្នាំទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យកម្ពុជាលោក Ken Lo អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជានឹង​បន្តរីកចម្រើននៅរយៈពេល៥ទៅ១០ឆ្នាំទៀត។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៨ កក្កដាកន្លងមកថា ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា នឹងបន្តរីកចម្រើនសម្រាប់រយៈពេល៥ទៅ១០ឆ្នាំទៀត ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចនៅបន្តមានភាព​រ៉ឹងមាំ ដែលធ្វើឲ្យប្រទេសកម្ពុជា នៅតែជាប្រទេសដែលទាក់ទាញការវិនិយោគ ពិសេ​សអ្នកវិនិយោគមកពីប្រទេសចិន។

លោកបន្តថា “បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង ច្បាប់វិនិយោគ​និងច្បាប់ពន្ឋរបស់កម្ពុជានៅតែមានភាពអនុគ្រោះ និងទាក់ទាញ ដែលធ្វើឲ្យអ្នកវិនិយោគនៅតែមានទំនុកចិត្ត”។លោកបន្តថា “អ្នកវិនិយោគអន្តរជាតិនៅតែមើលឃើញទីផ្សារនេះអាចរកផលចំណេញបាន និងមានឳកាសរីកចម្រើន”។

លោក Ken Lo បានបន្តថា ជាក់ស្តែងកំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះ ប្រជាពលរដ្ឋកម្ពុជាពួកគេមិនមានការបារម្ភណាមួយនោះទេ ព្រោះពួកគេសុំានឹងព្រឹត្តិការណ៍នេះហើយថា អ្វីៗនឹងមានភាពល្អប្រសើរ និងមានស្ថិរភាព ហេតុនេះទើបពួកគេបន្តសម្រេចចិត្តវិនិយោគនៅក្នុងទីផ្សារនេះ ជាមួយអ្នកវិនិយោកអន្តរជាតិ។លោកបន្តថា តម្លៃអចលនទ្រព្យ ពិសេសតម្លៃដីបាននិងកំពុងបន្តកើនឡើងនៅស្ទើរគ្រប់ទី​កន្លែង។ លោកបន្តថា នេះជាចំណុចពិសេសមួយ ដែលប្រជាជនកម្ពុជាជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល និងស្ថានភាពនយោបាយរបស់កម្ពុជាកាន់តែមានភាពចាស់ទុំជាងមុន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីចុងខែឧសភាកន្លងមកនេះបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានស្ថិរភាព និងមិនធ្លាក់ចុះតម្លៃនោះទេ ហើយវិស័យនេះនៅតែបន្តរីកចម្រើន ខុសពីការបោះឆ្នោតអាណត្តិមុនៗដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាដាំក្បាលចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here