វិភាគ៖ រដ្ឋាភិបាលថ្មីបង្ហាញពីសមាហរណកម្មផ្លូវចិត្តឆ្ពោះទៅរកអនាគតរ៉ុងរឿងមួយ

0

ដោយលាងគង់ យិនស្ថាបនិកនៃគេហទំព័រ Propertyarea.asia

       ភ្នំពេញសមាហរណកម្មបច្ចុប្បន្ន ដើម្បីឆ្ពោះទៅកាន់អនាគតដ៏រ៉ុងរឿងមួយ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ជ្រើសរើសសម្រា​ប់ដើរទៅមុខដោយខ្លួនឯង សម្រាប់ដំនើរដ៏ស្វា​ហាប់ និងឆ្ពោះទៅកាន់វិបុលភាពសម្រាប់ប្រជាជាតិនេះ។

ដំណើរឆ្ពោះទៅមុខរបស់ជាតិកម្ពុជា បានបង្ហាញតាមរយៈព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ជាពេលវេលាដ៏អង់អាចមួយ ដែលប្រជាជន​កម្ពុជាជិត៧លាននាក់ បានបង្ហាញពីឆន្ទៈ និងភាពចាស់ទុំនៃផ្នត់គំនិតរបស់ពលរដ្ឋ ដែលចង់ឃើញប្រទេសមានសុខ​សន្តិភាព ចង់ឃើញស្ថេរភាព និងការអភិវឌ្ឍបន្តរបស់ប្រជាជាតិនេះ។

មិនថាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណាមួយទេ ប៉ុន្តែក្នុងចំណោមគណបក្សទាំង២០ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែលបានបញ្ចប់ក្នុងថ្ងៃទី២៩ កក្កដា ត្រូវបានអ្នក​សង្កេតការណ៍ជាតិ និងអន្តរជាតិថា ជាការបោះឆ្នោតមួយអាចទុកចិត្តបាន តម្លាភាព សុក្រិត យុត្តិធ៌ម និងតំណាង​លទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកផ្តល់ទំនុកចិត្ត

សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិមួយនេះ ដែលធ្លាប់រង​ទឹក​ភ្នែក ថ្លុកឈាម ដែលជាសោកនាដកម្មអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនេះ​។ ហេតុនេះការពូនជ្រុំ និងបង្ហាញឆន្ទៈយ៉ាងមុតមាំរបស់បុរសខ្លាំងកម្ពុជា ដើម្បីរក្សានិងការពារសន្តិភាពនេះឲ្យ​បាន ទោះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវបានប្រជាពលរដ្ឋតបស្នងយ៉ាងពេញចិត្តតាមរយៈសន្លឹកឆ្នោត ដោយប្រជាជន​បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់៤,៨៨៩,១១៣សម្លេង។

នេះជាលទ្ធផលបណ្ដោះអាសន្ន របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅ។

ជាមួយនឹងក្តីបារម្ភ ការភ័យខ្លាចពីព្រឹត្តិការណ៍ដ៏អាក្រក់លើដងផ្លូវ ដែលធ្លាប់បាន កើតឡើងកាលពីឆ្នាំ២០១៣​ ដែលបង្កដោយគណបក្សប្រឆាំង និងមានមហាអំណាចនៅពីក្រោយ ដើម្បីបង្កើតបដិវត្តន៍ព៌ណនៅកម្ពុជា ប្រជាជនពិតជាយល់ច្បាស់ពីសោកនាដ​កម្មនឹងកើតឡើង ហើយពួកគេចង់បាន និងរក្សាតម្លៃសន្តិភាព ស្ថិរភាពនយោបា​យ និង​ការ​អភិវឌ្ឍន៍ដ៏រលូនមួយ។

សេចក្តីភ័យខ្លាច ការរត់បិទស្តង់តាមផ្សារ បិទហាងតាមដងផ្លូវនានា នៅពេលបាតុករទៅ​ដល់ ពិតជាមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជាទៀតនោះទេ។ ប្រជាជនប្រទេសនេះ ពិតជាបានរៀនពីបទពិសោធន៍នោះហើយ។ នេះជាហេតុផលពួកគេមិនស្តាប់តាមការញុះញង់ របស់អតីតមេដឹកនាំគណបក្សប្រឆាំ​ង ដែលអពាវនាវឲ្យប្រជាជនកុំទៅបោះឆ្នោត តាមរយៈយុទ្ឋនាការ “ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯងស្អីគេនោះ”។

ហេតុផលនៃការទៅបោះឆ្នោត

       ការចាកចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល​ថ្មីនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាកត្តាសន្យានុម័តមួយ ដែលមានលក្ខណៈ​វិទ្យាសាស្រ្តអាចទទួលយកបាន។

ការសម្លឹងទៅមុខប្រកបដោយចក្ខុវិស័យច្បាស់លាស់ជាងមុន ប្រកបដោយទំនុក​ចិត្តជាងមុន និងជឿជាក់ជាងមុន តាមរយៈការធ្វើសមាហរណកម្មបច្ចុ​ប្បន្ន ឆ្ពោះទៅកាន់អនាគតប្រកបដោយស្នាមញញឹមមួយ ជាអ្វីដែលប្រជាពលរដ្ឋចង់បាន និងអាចមើល​ឃើញយ៉ាងប្រត្សក្រ តាមរយៈស្នាមញញឹមក្នុងកែវភ្នែករបស់ពួកគេ។

ការសម្រេចចិត្តចេញទៅបោះឆ្នោតរបស់ប្រជាជនកម្ពុជា ជិត៧លាននាក់ ពិតជា  ​ស្តែងចេញនូវឆន្ទៈ និងមនសិកាស្នេហាជាតិមួយ ពិសេសបង្ហាញពីសមានចិត្តចំពោះគណ​បក្សប្រជាជន ដែលតែងតែរួមសុខទុក្ខជាមួយពួកគេ។ អ្វីដែលពួកគេមើលឃើញជាក់ស្តែងគឺ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានសម្រេចសមិទ្ឋិផលជាប្រវត្តិ​សាស្រ្តជាច្រើន ដូចជា ជំរុញកំនើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ និងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងមួយឆ្នាំនឹងកើនដល់១៩០០ដុល្លារសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២០។

កំនើននៃប្រាក់ចំណូលរបស់រដ្ឋាភិបាល កំនើននៃសហគមន៍វិនិយោគអន្តរជាតិ ពិសេសក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា បានធ្វើឲ្យមុខមាត់កម្ពុជាផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ និងការរៀបចំប្រព័ន្ឋការពារសង្គម ដើម្បីជួយដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ដែលពួកគេស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ សុទ្ឋតែជាអ្វីដែលប្រជាពលរដ្ឋមើលឃើញយ៉ាងច្បាស់ដោយខ្លួនឯង។

ហេតុនេះរដ្ឋាភិបាលថ្មី ដែលនឹងបង្កើតឡើងនៅថ្ងៃទី៦កញ្ញាខាងមុខ ជារដ្ឋាភិបាល​មួយ ដែលកើតឡើងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដ និងជារដ្ឋាភិបាលកើតចេញពី​សមាណចិត្ត និងការសមាហរណកម្មផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់អនាគត​រួមគ្នាមួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រលកនយោបាយ

កត្តាភូមិសាស្រ្តនយោបាយ និងសង្រ្គាមត្រជាក់ចង់លងកម្ពុជាជាថ្មី តាមរយៈការចេញសេចក្តីថ្លែងការណ៍ ឬការប្រកាសមិនពេញចិត្ត ឬខកចិត្តចំពោះលទ្ឋផលនៃការបោះ​ឆ្នោត ពីមហាអំណាចមួយចំនួន ដែលចង់បានយុត្តិធ៌មតែសម្បកក្រៅ ចង់បានយុត្តិធ៌មបែប​ “សត្វភេ”។ ពួកគេចង់ឲ្យកម្ពុជាដើរតាមតាមរយៈអ្វី ដែលពួកគេចង់នាំយកនូវលទ្ឋិប្រជាធិបតេយ្យមួយ ដែលមិនសមស្របជាមួយនឹងបរិបទសេដ្ឋកិច្ច សង្គម វប្បធ៌មរបស់ពួកគេមកបញ្រ្ចកដល់ប្រជាជនកម្ពុជា ដែ​លធ្លាប់មានអរិយធ៌មមួយខ្ពស់ជាងគេក្នុងតំបន់​។

រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាសម្ព័ន្ឋមិត្តរបស់សហរដ្ឋអាមេរិក និងកំពុងស្ថិតនៅពីក្រោយខ្នងប្រទេសជិតខាងរបស់កម្ពុជាមួយនោះ បានសម្តែងការខកចិត្តចំពោះលទ្ឋ​ផល​នៃការបោះឆ្នោត និងស្នើឲ្យមានការរៀបចំចចារវាងគណបក្សប្រជាជន និងអតីតគណបក្សសង្រ្គោះជាតិឡើងវិញ គឺជារឿងគួរឲ្យអស់សំណើច និងគួរឲ្យចំអកមួយពីប្រជាជនកម្ពុជា។

ទោះបីជាអ្នកគិតបែបណាក្តី មានទស្សនវិជ្ជានយោបាយបែបណាក្តី ប៉ុន្តែវិចារណញ្ញាញបានកំណត់នូវការពិចារណារវាងខុស និងត្រូវសម្រាប់មនុស្សម្នាក់ៗ ដែលអាច​កំ ណត់ភាព “ខុស និងត្រូវ“ បាន”។

តើអតីតមេដឹកនាំគណបក្សប្រឆាំង ដែលតែងតែអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច បញ្ឈប់ការទិញទំនិញពីកម្ពុជា ជួលឲ្យសារព៌តមានបរទេសសរសេរអាក្រក់ពីប្រជាជាតិខ្លួនឯង អំពាវនាវឲ្យកងកំលាំងប្រដាក់អាវុធបែរកាណុងដាក់រដ្ឋាភិ​បាល រៀបចំផែនការដើម្បីបង្កើតបដិវត្តន៍ព៌ណ ដើម្បីខ្លួនឯងបានកាន់អំណាច ដោយអះ​អាងនាំយកលទ្ឋិប្រជាធិបតេយ្យមកកម្ពុជា ពិតជាមេដឹកនាំស័ក្តិសមនឹងទទួលបានការ គោរព និងលើកតម្កើងឬ?។

ឥរិយាបទនាំមកនូវភាពអាម៉ាស់

ជាចេតនាដោយចំពោះ ដើម្បីបំផ្លាញនូវការបោះឆ្នោត មេដឹកនាំអតីតគណបក្សប្រឆាំ​ងបានព្យាយាមម្តងហើយម្តងទៀត តាមរយៈប្រព័ន្ឋផ្សព្វផ្សាយដែលក្រុមខ្លួនបានបង្កើតឡើង និងមានការគាំទ្រពីប្រព័ន្ឋផ្សព្វផ្សាយបរទេស ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាជន​ចេញទៅបោះឆ្នោត កុំឲ្យប្រជាជនទទួលស្គាល់លទ្ឋផលបោះឆ្នោត កុំឲ្យប្រជាជនទទួ​លស្គាល់​រដ្ឋាភិបាលថ្មី សុទ្ឋតែមិនទទួលបានជោគជ័យនោះទេ។

វាជាជ័យជម្នះយ៉ាងអាម៉ាស់គណបក្សប្រឆាំង គឺជ័យជម្នះសម្រាប់តែខ្លួនឯង ប៉ុន្តែបរាជ័យសម្រាប់ជាតិសាសន៍របស់ខ្លួន។ ការបង្ហាញសុឆន្ទៈរបស់ប្រជាជាតិកម្ពុជា ទៅបោះឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី មានន័យរួចទៅហើយថា ប្រជាជនកម្ពុជាបានបដិសេដវត្តមានគណបក្សប្រឆាំង ហើយសម្តីមេដឹកនាំបក្សប្រឆាំងគឺ “សាបដូចទឹកទន្លេ”។

នៅក្នុងវិទ្យាសាស្រ្តនយោបាយ អ្នកប្រាជ្ញាដែលបានស្រាវជ្រាវនិងសរសេរសៀវ​ភៅ​នេះបានលើកឡើងថា “វិទ្យាសាស្រ្តនយោបាយ សំដៅដល់ការធ្វើអ្វីៗគ្រប់យ៉ាងដើម្បី​ផ្តលភាពសុខដុមរមនាដល់ប្រជាជាតិមួយ ឬការធ្វើនយោបាយ ដើម្បីផ្តល់ភាពសុខសាសន្តដល់ប្រជាជាតិរបស់ខ្លួន”។

ផ្អែកលើមូលដ្ឋាននេះ យើងអាំចឆ្លុះបញ្ចាំងបានហើយថា តើសកម្មភាពនយោបាយ​របស់អតីតគណបក្សមួយនោះ ពិតជាដើរសមស្របនឹងអ្វី ដែលជាមូលដ្ឋានវិទ្យាសាស្រ្ត និងដើម្បីភាពសុខសាន្តនៃប្រជាជាតិរបស់ខ្លួ​ន ឬដើម្បីតែឈ្នះដើម្បីបានអំណាចតែម្យ៉ាងប៉ុណ្ណោះ?។

ការប្រកាសទទួលស្គាល់ពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិថាបរិយាកាសបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរ គ្មានអំពើហឹង្សា ប្រកបដោយបរិយាកាសសុខសន្តិភាព តម្លាភាព និងអាចទុកចិត្តបាន ពិតជាបង្ហាញរួចហើយថា ការបោះឆ្នោតដែលមានគណបក្សចូលរួមប្រកួតប្រជែងចំនួន២០នេះ ជាការបោះឆ្នោតមួយសមស្របតាមលទ្ឋិ​ប្រ​ជាធិបតេយ្យរបស់កម្ពុជា ដោយប្រជាជនបានផាត់ចោលនូវគណបក្សមួយ ដែលតែងតែអុចអាល និងបង្កចលាចលក្នុងសង្គមយ៉ាងអាម៉ាស់រួចទៅហើយ។

សហរដ្ឋអាមេរិក និងសម្ព័ន្ឋមិត្ត

ជានិច្ចកាល សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបតែងតែមាន​សម្លេងតែមួយក្នុងឆាកអ​ន្តរជាតិ នៅក្នុងគោលនយោបាយអន្តរជាតិរបស់ពួកគេ។ ស​ហរដ្ឋអាមេរិក តែងតែប្រើប្រាស់ពាក្យលទ្ឋិប្រជាធិបតេយ្យ ដើម្បីបន្លាច និងដាក់គំនាបដល់​ប្រទេសនានានៅលើពិភពលោក ប៉ុន្តែលទ្ឋិប្រជាធិបតេយ្យបែបអាមេរិក ដែលមានរសជាតិប័រ ឈីស មិនប្រាកដថាបាននាំនូវសន្តិភាព និងវិបុលភាពដល់ប្រជាពលរដ្ឋ  នៃ ប្រទេសដែលមនោគមពួកគេទៅដល់នោះទេ។

ការសម្តែងការសោកស្តាយរបស់អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក​និងបណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុបមួយចំនួន ចំពោះការបោះឆ្នោតនៅកម្ពុជា ដោយសារគ្មានវត្តមានគណបក្សប្រឆាំង(អតីតគណបក្ស​សង្រ្គោះជាតិ)ចូលរួម ជារឿងដ៏គួរឲ្យសោកស្តាយ និងខ្មាស់អៀនមួយ។

ផ្ទុយទៅវិញអ្នកសង្កេតការណ៍រុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ដែលបានសម្តែងការអបអរសាទរចំពោះបរិយាកាសបោះឆ្នោត និងការរៀបចំ​ការបោះឆ្នោតនៅកម្ពុជាប្រកបដោយបរិយាកាសសុខសន្តិភាព តម្លាភាព​និងអាចទុកចិត្តបាន ក៏បានថ្លែងនូវសារចំអកមួយថា “មិនមែនដល់តែមានការទទួ​លស្គាល់ពីអាមេរិក ទើបហៅថាលទ្ឋិប្រជាធិបតេយ្យនោះឡើយ”។

អ្នកនាំពាក្យ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន ភ្លាមៗបានចេញមកប្រកាសទទួល​ស្គាល់ និងអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោត និងអំពាវនាវកុំឲ្យបណ្តាប្រទេសនានា លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនា​មជារដ្ឋអធិបតេយ្យមួយ។

រដ្ឋាភិបាលរបស់ប្រជាជន

បន្ទាប់ពីការបោះឆ្នោតបញ្ចប់ និងជាពេលវេលាចេញជួបជាមួយកម្មករ និយោជិតជាលើកទី១ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ សម្តេចតេជោហ៊ុន សែនដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី៦ នៃរាជរដ្ឋាភិបាលបានផ្ញើរសារដ៏កក់ក្តៅមួយដល់ប្រជាពលរដ្ឋ ដោយជម្រុញឲ្យមន្រ្តីធ្វើការបំរើប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនជាងមុនទ្វេរដង ដើម្បីតបស្នង “ការគាំទ្រ ការស្រលាញ់ ការទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតគាំទ្រសម្តេចដឹកនាំរដ្ឋាភិបាល​បន្តទៀត”។

ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលបានចេញប្រកាសភ្លាមៗ បន្ទាប់ពីការបោះឆ្នោតតាមរយៈការប្រកាសលើកលែងការបង់ថ្លៃលើការជិះរថភ្លើង ការជិះកាណូតសាធារណៈចាប់ពីតំបន់ព្រែកព្នៅ ដល់ក្រុងតាខ្មៅខេត្តកណ្តាលរហូតដល់ដំណាច់ឆ្នាំនេះ និងនៅថ្ងៃទី​១៣ សីហាកន្លងមកនេះ សម្តេចប្រកាសលើកលែងការបង់ថ្លៃធ្វើដំណើរតាមផ្លូវជាតិលេខ២១ ដែលជាផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងប្រកាសបញ្ចុះតម្លៃអគ្គិសនី និងថ្លៃទឹកបន្តទៀតផងដែរ។

ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ សន្សំសំចៃថវិកាជាតិ និងបង្រួមគណរដ្ឋមន្រ្តីមិនសំពីងសំពោងដូចអាណត្តិទី៥កន្លងមក សម្តេចតេជោបានប្រកាសរួចហើយថា គណរដ្ឋមន្រ្តីអាណត្តិទី៦នេះ អ្នកដែលមានតំណែងជាសមាជិករដ្ឋាភិបាល គឺមានឋានៈចាប់ពីរដ្ឋមន្រ្តីឡើង ហើយរដ្ឋាភិបាលអាណត្តិទី៦នេះ គឺដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។

ជាមួយនឹងកាលានុវត្តន៍ភាព ដែលកម្ពុជាមាននិងសម្រេចបានកន្លងមក និងចក្ខុវិស័យដ៏វែងឆ្ងាយចំពោះមុខ តាមរយៈការដាក់ចេញនូវគោលនយោបាយចតុកោណដំណា​ក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦ ដែលនឹងចាប់កំណើតនៅដើមខែកញ្ញាខាងមុខនេះ កម្ពុជានឹងធ្វើដំណើរតាមគោលដៅរបស់ខ្លួន គឺសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ​​សេដ្ឋកិច្ច និងការសមាហរណកម្មផ្លូវចិត្តដួងចិត្តប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់អនាគតមួយ ដែលពោរពេញដោយស្នាមញញឹម និងវិបុលភាពពិតប្រាកដ។

បច្ចុប្បន្នប្រជាជនកម្ពុជារកបាននូវសន្តិភាពផ្លូវកាយហើយ តែសន្តិភាពផ្លូវចិត្តមិន​ទាន់សម្រេចបាននៅឡើយទេ ហេតុនេះរដ្ឋាភិបាលថ្មី ត្រូវរកឲ្យបាននូនសន្តិភាពផ្លូវចិត្តមួយទៀត ដែលការព្យាបាលសន្តិភាពផ្លូវចិត្ត ពិតជាត្រូវការការព្យាបាលរយៈពេលវែងមួយ ដើម្បីប្រជាជាតិនេះទទួលបានសុខដុមនីយកម្មពិតប្រាកដ និងនិរត្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here