ដោយ វុត្ថា
ភ្នំពេញ៖ អូស្រ្តាលី និងមេដឹកនាំអាស៊ានសុទ្ឋតែសម្លឹងឃើញផលប្រយោជន៍ពីគ្នាទៅវិញទៅមក ទើបរដ្ឋាភិបាលអូស្រ្តាលីបានងាកមកអាស៊ាន ដែលជាសហគមន៍មួយមានមនុស្សជាង៦៣០លាននាក់កំពុងរស់នៅ។
ជាមួយនឹងការចាប់ផ្តើមក្រាលព្រំក្រហម ស្វាគមន៍បណ្តាមេដឹកនាំ រួមជាមួយនឹងអគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអូស្រ្តាលីអាស៊ាន ជាលើកតំបូង និងជាប្រវត្តិសាស្រ្តចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨មិនាខាងមុខនេះសុទ្ឋតែជាផលប្រយោជន៍នៅក្នុងនោះ ទាំងកម្រិតកាទូត កម្រិតនយោបាយ និងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ដែលនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានសម្លឹងឃើញ ហើយលោកទំនងជាមេដឹកនាំអូស្រ្តាលី ដែលមានចក្ខុវិស័យដ៏វែងឆ្ងាយមួយ ។
កិច្ចប្រជុំផ្តោតលើអ្វី
កិច្ចប្រជុំកំពូលនេះ នឹងធ្វើឲ្យមានការកែប្រែនូវរជ្ជកាលថ្មីមួយ បន្ថែមក្នុងភាពជាដៃគូនៃបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងអាស៊ាន។ កិច្ចប្រជុំនេះផងដែរ នឹងកសាងអោយកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសន្ទនានយោបាយ និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ដើម្បីបង្កើតភាពជាដៃគូក្រៅប្រទេស សម្រាប់ពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
បន្ថែមពីនេះ កិច្ចប្រជុំកំពូលនេះ នឹងពង្រឹងការរួមចំណែករួមគ្នា ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម និងការទទួលបានឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មរ។
ការធ្វើការជាមួយអាស៊ាន បានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។
អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ តំបន់នេះផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំ ដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។
ភាពជាដៃគូ
ភាពជាដៃគូរវាងអាស៊ាន និងអូស្ត្រាលីមានសារៈសំខាន់ ចំពោះសន្តិសុខនិងវិបុលភាពក្នុងតំបន់។
តាំងពីបានក្លាយជាដៃគូសន្ទនាអាស៊ាន លើកដំបូងនៅឆ្នាំ១៩៧៤ អូស្ត្រាលី បានគាំទ្រចំពោះចក្ខុវិស័យរបស់អាស៊ានស្តីពី សហគមន៍តំបន់រួមបញ្ចូលគ្នាដោយច្បាប់ ដែលមានបញ្ចូលគ្នាជាសហគមន៍សេដ្ឋកិច្ច។ នៅឆ្នាំ២០១៣ ស្ថានបេសកកម្មអូស្ត្រាលីប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅទីក្រុងហ្សាកាតាហើយទទួលខុសត្រូវចំពោះការជំរុញ ចំណាប់អារម្មណ៍របស់អូស្ត្រាលីជាមួយដំណើរការអាស៊ាន និងអាស៊ាន។
នៅឆ្នាំ២០១៤អូស្ត្រាលី និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្ត្រដោយទទួលស្គាល់សារៈសំខាន់ នៃទំនាក់ទំនងក្នុងការកសាងគ្នា ទៅវិញទៅមកលើបញ្ហាសន្តិសុខ និងវិបុលភាព។
ប្រជាជន
មិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរទេ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននិងសហគមន៍អាស៊ាន ក៏មានភាពរលូនផងដែរ ដោយមេដឹកនាំអាស៊ានមិនដែលមានបញ្ហាអរិយភាពជាមួយអូស្រ្តាលីនោះឡើយ ហើយសហគមន៍អាស៊ាន តែងតែជួយគាំទ្រដល់ភាពជាដៃគូ របស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍។ នេះយោងតាមការធ្វើជំរឿនអូស្ត្រាលីឆ្នាំ២០១៦ ប្រជាពលរដ្ឋជាង៨៩៦.០០០ នាក់បានទទួលកេរមរតកពីប្រជាជាតិអាស៊ាន។
អូស្ត្រាលីទទួលភ្ញៀវទេសចរណ៍ ជាងមួយលាននាក់មកពីបណ្តាប្រទេសក្នុងបំបន់អាស៊ានក្នុងមួយឆ្នាំៗ ហើយក្នុងឆ្នាំ២០១៦ ប្រជាជនអូស្រ្តាលីបានធ្វើដំណើរកម្សាន្ត ទៅកាន់បណ្តាប្រទេសអាស៊ានជិត៣លាននាក់។
ការបំពេញឲ្យគ្នា
អូស្រ្តាលីបានធ្វើការជាមួយអាស៊ាន និងបានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍។ ការអប់រំគឺជាមូលដ្ឋានគ្រឹះ នៃការចូលរួមរបស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍ ហើយត្រូវបានគាំទ្រដោយវិធានការនានា ដូចជា ផែនការឡុំបូថ្មី (New Colombo Plan) និងជ័យលាភីអូស្ដ្រាលី (Australia Awards)។
និស្សិតប្រហែល១០០.០០០នាក់ មកពីបណ្តាប្រទេសអាស៊ានកំពុងសិក្សានៅប្រទេសអូស្រ្តាលីហើយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អូស្ត្រាលីចំនួន១៣.៥០០នាក់ កំពុងទទួលបានការគាំទ្រក្នុងការសិក្សា និងអនុវត្តកម្មសិក្សា នៅក្នុងបណ្តាប្រទេសអាស៊ាន តាមរយៈផែនការកូឡុមបូថ្មី(New Colombo Plan)។
ដៃគូពាណិជ្ជកម្ម
អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ ពាណិជ្ជកម្មរវាងអូស្ត្រាលីនិងបណ្តាប្រទេសអាស៊ាន មានចំនួន៩៣,២ពាន់លានដុល្លារអូស្រ្តាលីក្នុងឆ្នាំ២០១៦ ។ តំបន់នេះ បានផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។
ជាមួយនឹងប្រជាជនជាង៦៣៧លាននាក់ និងកម្រិតអតិថិជនកំពុងកើនឡើងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានត្រៀមខ្លួនសម្រាប់ការរីកចម្រើនបន្ថែមទៀត។
ការធ្វើការនិងដោះស្រាយបញ្ហារួមគ្នា
អូស្ត្រាលី និងអាស៊ានកំពុងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់រួមមាន: ទី១ កែលម្អបរិយាកាសប្រតិបត្តិការ សម្រាប់អាជីវកម្ម ដោយលុបបំបាត់ឧបសគ្គចំពោះពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី – នូវែលសេឡង់ (AANZFTA) និងឆ្ពោះទៅរកការរីកចម្រើនភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទី២ ប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមដោយអំពើហិង្សា ដោយធ្វើការរួមគ្នានៅក្នុងវេទិកាទ្វេភាគី និងក្នុងតំបន់ និងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន – អូស្ត្រាលីសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។
ហេតុអ្វីបានមានកិច្ចប្រជុំកំពូលនេះ
ប្រសិនជាមើលមួយភ្លេត វាហាក់ជារឿងសាមញ្ញមួយសម្រាប់កិច្ចប្រជុំកំពូលជាលើកតំបូងនេះ ប៉ុន្តែការពិតមានរឿងជាច្រើននៅពីក្រោយនោះ ទើបអូស្រ្តាលីបានងាកមកកាន់តែជិតស្និទ្ឋជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ផង ឥទ្ឋិពលក្នុងតំបន់នេះផង និងជាយុទ្ឋសាស្រ្តនយោបាយផង។
ទោះបីជាអូស្រ្តាលីមានភាពជិតស្និទ្ឋជាមួយលោកខាងលិច ពិសេសសហរដ្ឋអាមេរិកក្តី ប៉ុន្តែចាប់តាំងពីឡើងកាន់អំណាច ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាន់យកគោលនយោបាយគាំពារនិយម ឬសក់អ្នកណាក្បាលអ្នកហ្នឹង ដែលធ្វើឲ្យបណ្តាសម្ព័ន្ឋមិត្ត និងដៃគូប្រកួតប្រជែងរបស់អាមេរិកបើកភ្នែកធំៗ និងចេញប្រតិកម្មជាបន្តបន្ទាប់។
មើលឃើញនិន្នាការអញនិយម (ទំនោរបែបនេះនឹងនាំអាមេរិកធ្លាក់ក្នុងឳនភាព) អូស្រ្តាលីទំនងជាមិនសប្បាយចិត្ត និងបានត្រៀមខ្លួនជាស្រេច ដើម្បីកុំឲ្យទូក ដល់កណ្តាលទន្លេហើយ ទើបរកចង្វារជាក្រោយគឺហួសពេលហើយ។ហេតុនេះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលីប្រាកដណាស់ ដែលភាសាកាទូតត្រូវនិយាយថា “មានមិត្តប្រសើរជាងមានសត្រូវ ទាញផលប្រយោជន៍ពីគ្នាបានច្រើនប៉ុណ្ណា ជារឿងរបស់បុគ្គលឆ្លាត”៕