វិភាគ ៖ ហេតុអីចិនជ្រើសរើសវិនិយោគច្រើននៅខេត្តព្រះសីហនុ ?

0

ដោយ ៖ លាងគង់ យិនៈ ស្ថាបនិកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ ៖ នៅពេលនិយាយពីការវិនិយោគ របស់អ្នកវិនិយោគចិននៅខេត្តព្រះសីហនុ មានចម្ងល់ជាច្រើនបានកើតឡើងថា ហេតុអីចិនជ្រើសរើសយកខេត្តនេះ ជាទីតាំងសម្រាប់គំរោងរបស់ខ្លួន។

ចម្លើយសម្រាប់សំណួរនេះ ទាមទារឲ្យមានការឆ្លើយដោយភាពច្បាស់​លា​ស់ និងមានលក្ខណៈវិទ្យាសាស្រ្តមួយ ដើម្បីឲ្យអ្នកអានអាចទទួលយកបានទាំងអស់គ្នា។

ទីតាំងអំណោយផល

ខេត្តព្រះសីហនុ មិនត្រឹមតែមានទឹកសមុទ្រព៌ណខៀវស្រងាត់ ឆ្នេរខ្សាច់ដ៏​ស្រស់ស្អាតនោះទេ ប៉ុន្តែខេត្តនេះជាតំបន់មានអាកាសធាតុល្អប្រសើរ ជាតំបន់មានកំពង់ផែទឹកជ្រៅតែមួយគត់ ដែលអាចតភ្ជាប់ការដឹកជញ្ជូនតាមកប៉ាល់ធំៗ ទៅកាន់ប្រទេសចិនដោយផ្ទាល់ ជាពិសេសគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ(Silk Road)​បានផ្តោតលើខេត្តនេះ។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសធំមួយ កំពុងទទួលយកអ្នកវិនិយោគចិនជាង១០០ក្រុមហ៊ុន និងមានរោងចក្រសហគ្រា​សប្រមាណ១៥០ ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២០ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចធំជាងគេនៅកម្ពុជានេះ បានវិនិយោគទឹកប្រាក់ប្រមាណ​៣៥០លានដុល្លារគិតត្រឹមដំណាច់ឆ្នាំមុន។លើសពីនេះនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់   រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥បានដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មទូទាំ​ងខេត្ត។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសពីរទៀត កំពុងបង្កើតឡើងមួយស្ថិតនៅតំបន់កែវផុស ក្នុងស្រុកស្ទឹងហាវ និងមួយទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុផងដែរ។

ហេដ្ឋារចនាសម្ព័ន្ឋ

ហេដ្ឋារចនាសម្ព័ន្ឋជារឿងមួយ ដែលអ្នកវិនិយោគយកចិត្តទុកដាក់បំផុត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញរបស់ពួកគេ ព្រោះខេត្តព្រះសីហនុ មិនត្រឹមតែមាន​កំពង់ផែទឹកជ្រៅនោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ដទៃទៀត ក៏បានបញ្ចប់​ការសាងសង់ និងត្រៀមនឹងសាងសង់នាពេលឆាប់ៗនេះ។

បណ្តាញផ្លូវរថភ្លើងបានបញ្ចប់រួចហើយ។ ចំណែកព្រលានយន្តហោះកង កេងខេត្តព្រះសីហនុ បាននិងកំពុងពង្រីកបន្ថែម ខណៈសកម្មភាពហោះហើរពី​អាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិកំពុងកើនឡើងជាប្រចាំ។

ជាមួយគ្នានេះ ផ្លូវល្បឿនលឿនដែលគ្រោងចំណាយ១៩០០លានដុល្លារ ក៏​បាននិងកំពុងត្រៀមសាងសង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តដ៏មានសក្តានុពលនេះ ហើយការចុះហត្ថលេខារវាងរដ្ឋាភិបាលនិងក្រុមហ៊ុន ដែលនឹងវិនិយោគសា​ងសង់ផ្លូវល្បឿនលឿនទី១ នៅកម្ពុជាក៏បានបញ្ចប់រួចហើយផងដែរ។

ចំណូលចិត្ត

មិនថាជនជាតិណានោះទេ តែងតែចូលចិត្តតំបន់មាត់សមុទ្រឬមាត់ទន្លេសម្រាប់អភិវឌ្ឍន៍គំរោងរបស់ខ្លួន ប៉ុន្តែអ្នកវិនិយោគចិនប្រហែលជាមានចំណូលចិត្តពិ​សេសជាងគេ ដោយសាររដ្ឋាភិបាលចិន តែងតែមានគោលនយោបាយពិសេស សម្រាប់អភិវឌ្ឍន៍នៅជាប់តំបន់ឆ្នេរ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជា បណ្ឌិតហុង វណ្ណៈបានថ្លែងថា ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ក៏ដូចជានៅកម្ពុជាមាន​ហេតុផលជាច្រើន ប៉ុន្តែបើនិយាយពីការជ្រើសរើសយកខេត្តព្រះសីហនុ ដោ​យសារចិនចូលចិត្តសមុទ្រ ព្រោះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលចិន បានផ្តោតជាពិសេសនៅតំបន់មាត់សមុទ្រ តាមរយៈគោលនយោបាយរបស់ខ្លួន ហើយចិនក៏មានគោលនយោបាយអភិវឌ្ឍន៍ នៅតាមខេត្តដទៃៗក្នុងប្រទេសខ្លួន​តាមរយៈគោលនយោបាយខុសៗគ្នាផងដែរ។  លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ឋ ជាមូលហេតុអំណោយផលដល់ការ​ជ្រើសរើសវិនិយោគនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា ព្រោះវាងាយស្រួលក្នុង​ការដឹកជញ្ជូន និងសូវចំណាយច្រើន”។

សាររបស់ឯកអគ្គរដ្ឋទូតចិន

ជាមួយនឹងកំណត់សម្គាល់ដ៏កម្រមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកស្យង់ បូកាលពីពេលថ្មីៗនេះបានលើកក្នុងសន្និសីទសារព៌តមានថា រដ្ឋាភិបាល​ចិន​មិនលើកទឹកចិត្តឲ្យអ្នកវិនិយោគចិន សាងសង់ទីក្រុងចិននៅកម្ពុជានោះទេដោយសារមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ​មានភាពល្អប្រសើររួចទៅហើយ។លោកបន្តថា រដ្ឋាភិបាលចិនក៏ប្រឆាំងដាច់ខាត​ចំពោះការវិនិយោគកាស៊ីណូនៅកម្ពុជា ហើយនាំជនជាតិចិនមកលេងល្បែងនៅ​កម្ពុជាផងដែរ។

បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកាស៊ីណូប្រមាណ២០កំពុងដំណើរការ និងមានជនជាតិចិន ប្រមាណ៥០០០នាក់កំពុងរស់នៅ និងប្រកបអាជីវកម្មនិងវិនិយោគនៅខេត្តនេះ។

បញ្ហាប្រឈម

 ជាមួយនឹងកំនើនវិនិយោគ កំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានា ពិសេសអ្នកវិនិយោគចិន និងកំនើនប្រជាពលរដ្ឋក្នុងស្រុក ខេត្តព្រះសីហនុកំពុងប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ និងបញ្ហាបរិស្ថានដែលត្រូវដោះស្រាយជាបន្ទាន់ផង​ដែរ ខណៈពេលរដ្ឋាភិបាលមិនទាន់មានគោលនយោបាយច្បាស់លាស់ ទាក់ទង​នឹងការធ្វើអាងចម្រោះទឹកកខ្វក់ មុនបង្ហូរចូលសមុទ្រ និងមិនទាន់មានប្លង់មេច្បាស់លាស់សម្រាប់ខេត្តនេះនៅឡើយ។

អភិបាលខេត្តព្រះសីហនុ លោកយន្ត​ មីនបានថ្លែងថា ខេត្តជួបប្រឈមបញ្ហាជាច្រើន ដោយសារកំនើននៃការវិនិយោគ ដែលធ្វើឲ្យការអភិវឌ្ឍន៍ក្នុងខេត្ត​ដើរលឿនលើសការរំពឹងទុក។ លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ការធ្វើអាង​ចម្រោះទឹកកខ្វក់ពីសំណាក់គំរោងអភិវឌ្ឍន៍នានា ជារឿងដែលប្រឈមធំបំផុតក្នុងខេត្ត ហើយអាជ្ញាធរខេត្តបាននិងកំពុងអប់រំណែនាំលើការងារនេះ។  លោកបន្តថា “ប្រសិនជាណែនាំមិនមានប្រសិទ្ឋិភាព អាជ្ញាធរខេត្តនឹងចាត់វិធានការណ៍ និងចាប់បង្ខំឲ្យអនុវត្តន៍ បើមិនដូច្នេះទេបញ្ហាបរិស្ថាននឹងបំផ្លាញអ្វីៗ​ទាំងអស់”។

គោលនយោបាយរបស់រដ្ឋាភិបាល    

ការចាប់ដៃជាមួយចិន ដើម្បីផលប្រយោជន៍របស់កម្ពុជាទាំងសេដ្ឋកិច្ច នយោបាយកាទូត និងភូមិសាស្រ្តនយោបាយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជារឿងត្រឹមត្រូវសំ​រាប់មជ្ឈដ្ឋានអ្នកវិភាគនានា។ លើកលែងតែលោកខាងលិច ដែលមាននិន្នាការប្រឆាំង និងមិនសប្បាយចិត្តពីភាគជាដៃគូរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

ហេតុនេះការវិនិយោគដ៏ច្រើនរបស់ចិននៅកម្ពុជា ដែលមានទំហំទឹកប្រាក់​រហូតដល់ជាង២០ពាន់លានដុល្លារ គិតចាប់ពីទសវត្សរ៍៩០ ដល់ឆ្នាំ២០១៧ មិនអាចកើតមានឡើងដោយចៃដន្យនោះទេ។ វាមានកត្តាជាច្រើន ទាំងផ្ទៃក្នុង និងក្នុងទិដ្ឋភាពនយោបាយ។

កត្តាផ្ទៃក្នុង គឺកម្ពុជាបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលអ្នកវិនិយោគចិន និងអ្នកវិនិយោគដទៃទៀត ដូចជា សន្តិភាពដែលកម្ពុជាត្រូវការពារឲ្យបាន កត្តាស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ច្បាប់វិនិយោគដែលអនុញ្ញាត្តឲ្យជន​បរទេសមានសិទ្ឋបោះទុន១០០ភាគរយនៅកម្ពុជា ច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ ការផ្ទេរសាច់ប្រាក់មិនមានការបង់ពន្ឋ និងច្បាប់សហកម្មសិទ្ឋដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋិ ទិញលំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ សុទ្ឋតែ​ជាកត្តាអំណយផលដល់ការវិនិយោគនៅកម្ពុជា។ល។

ជាមួយនឹងកំនើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏កើន ឡើងផងដែរ ហើយពេលចំណូលប្រជាពលរដ្ឋកើនឡើង កំលាំងទិញក៏កើនឡើង​ផងដែរ ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគអាចរកប្រាក់ចំណេញនៅទីនេះ(កម្ពុជា)បាន ព្រោះបើពួកគេមិនអាចរកប្រាក់ចំណេញបាន ពួកគេក៏មិនមកកាន់កម្ពុជានោះដែរ។

កត្តាខាងក្រៅ

 គ្មានផលប្រយោជន៍ គ្មានទំនាក់ទំនងល្អនោះទេ។ នេះជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ។ ដោយសារកម្ពុជាជាមិត្តដ៏ស្មោះត្រង់ និងអាចទុកចិត្តបានរបស់ចិន និងតែង​តែគាំទ្រចិននៅក្នុងទំនាក់ទំនងអន្តរជាតិ នៅក្នុងគ្រប់ទិដ្ឋភាពនយោបាយ ក៏ដូចជាការពូនជ្រុំនូវទំនាក់ទំនងកាទូតជាប្រវត្តិសាស្រ្ត ដែលធ្វើឡើងដោយអតីតស  ម្តេចព្រះបរមរតនកោដិព្រះសីហនុ និងសម្តេចតេជោហ៊ុន សែន ទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានមូលដ្ឋានគ្រឹះរ៉ឹងមាំ ជាប្រវត្តិ​សាស្រ្ត គឺ “កម្ពុជា ចិនជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ”។កត្តាទាំងអស់នេះហើយ ដែលចិនជ្រើសរើសវិនិយោគនៅកម្ពុជា ជាពិសេ​សខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។

សរុបមកវិញចិន មិនមែនជាមនុស្សចំលែកនោះទេ ក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំជាមួយកម្ពុជា ហេតុនេះការពូនជ្រុំនូវទំនាក់ទំនងកាទូតរវាង ប្រទេសទាំងពីរ ជាអ្វីដែលយើងគួរអបអរសាទរ និងទទួលយក ដើម្បីយើងអាច​ដើរទៅកាន់វិបុលភាពទាំងអស់គ្នានាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here