វិស័យឧស្សាហកម្មកម្ពុជានាំចេញទឹកប្រាក់ជិត១១ពាន់លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ វិស័យឧស្សាហកម្មកម្ពុជា កាន់តែធ្វើពិពិធកម្មក្នុងការនាំចេញ ដោយទំហំទឹកប្រាក់នៃការនចេញកាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជិត១១ពាន់លាន​ដុល្លារអាមេរិក។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ បានថ្លែង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងនាព្រឹកថ្ងៃទី១២ ខែមីនានេះថា ដោយសារវិស័យឧស្សាហកម្មមានការរីកចម្រើន បានធ្វើឲ្យកំលាំងពលកម្មបម្រើការងារ ឲ្យផ្នែកវិស័យឧស្សាហកម្មបានកើនឡើង ក្នុងនោះបម្រើ ការងារផ្នែកឧស្សាហកម្មកាត់ដែរ មានកំលាំងពលកម្ម ជាង៨សែន៤ម៉ឺននាក់ និងផ្នែកផ្សេងៗទៀតមានជាង១សែននាក់ ដោយបានធ្វើឲ្យតម្លៃសរុបបរិមា​ណផលិតផលនាំចេញ មានចំនួនជិត១១ពាន់លានដុល្លារអាមេរិក ស្មើនឹង១៧០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៣ ។

លោកបន្តថា ចំណែកឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុកវិញ មានចំនួនជាង២ពាន់លានដុល្លាអាមេរិកស្មើនឹង២៨០ភាគរយ ឧស្សាហកម្មនាំចេញ​កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួនជាង៧ពាន់លានដុល្លារអាមេរិក ស្មើនឹង១៣៥ភាគរយ និងឧស្សាហកម្មនាំចេញផ្សេងទៀតមានដូចជា អង្ករ ស្កសរ ចំណីសត្វ កង់ កេសកាតុង កំប៉ុងស្រាបៀរ ស្រាបៀរ ភេសជ្ជ បារី ប្រដាប់ព្យូរស  ម្លៀកបំពាក់ ត្បូងពេជ្រ ខ្សែរូតកីឡា និងគ្រឿងសង្ហារឹមជាដើម មានចំនួនជាង១ពាន់លានដុល្លារអាមេរិក ស្មើនឹងកំនើន៥៩២ភាគរយ បើប្រៀបធៀបទៅឆ្នាំ២០១៣ផងដែរ ។​

របាយការណ៍របស់ក្រសួងបានបង្ហាញឲ្យដឹងផងដែរថា គិតត្រឹមបំណាច់ឆ្នាំ២០១៧ នៅកម្ពុជាមានរោងចក្រធុនធំ ដែលបានចុះបញ្ជីរសរុបជាង១៥០០រោងចក្រស្មើនឹង១៣៧% បើធៀបទៅឆ្នាំ២០១៣។ ក្នុងនោះឧស្សាហកម្មតម្បាញកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូប មានចំនួនជាង១ពាន់រោងចក្រ ស្មើនឹង១២៩%ផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា កំលាំងពលកម្មសរុបក្នុងវិស័យនេះ មានជិត១លាននាក់ ស្មើនឹង១៤៣ភាគរយ បើធៀបទៅឆ្នាំ២០១៣ ដោយឡែកកំលាំងពលកម្ម ដែលបានបម្រើការងារលើឧស្សាហកម្ម តម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូប មានចំនួនជាង៨សែននាក់ ស្មើនឹង៤១៣ភាគ​រយ។ ចំពោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបជាង១សែន៥ម៉ឺនមូលដ្ឋាន ស្មើនឹង១៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ និងបានបន្តផ្តល់ការងារជូនប្រជាពលរដ្ឋ ចំនួនប្រមាណជាង១លាន នា​ក់ស្មើនឹង២២៩ភាគរយ ហើយមានផលរបរប្រចាំឆ្នាំរហូតដល់ជិត១លានដុល្លារ ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោកប៊ិន​ ឈិនបានថ្លែងថា សមិទ្ធផលទាំងឡាយ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នា គ្មានគោលនយោបាយ និងយុទ្ធសាស្រ្ត ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនោះទេ កម្ពុជាក៏មិនមានការរីកចម្រើននោះដែរ។ ជាក់ស្តែងគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពពេញផ្ទៃប្រទេស គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់អភិវឌ្ឍន៍គ្រប់វិស័យ និងបានជម្រុញឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាកំណើនខ្ពស់ជាមធ្យម៧,៧% នៅក្នុងរយៈពេល២ទស្សវត្សចុងក្រោមនេះ ប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន ហើយធន់នឹងវិបត្តិ ដោយធនាគារពិភពលោកបានកត់ត្រាថា ជាប្រទេសឯកទត្តករកំណើន និងត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋិនាមថា “កម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅក្នុងអាស៊ី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here