វិស័យឯកជនស្នើឲ្យមានការរៀបចំ Walk Street នៅរាជធានីភ្នំពេញ

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : ស្របពេលរាជធានីភ្នំពេញ មិនសូវមានកន្លែង​កំសាន្ត​សម្រាប់ភ្ញៀវទេសចរ​ណ៍ វិស័យឯកជនដែលធ្វើការលើវិស័យ​នេះបានស្នើអាជ្ញាធរក្រុង និងក្រសួងទេសចរណ៍ រៀបចំតំបន់មាត់​ទន្លេជាកន្លែងសម្រាប់ថ្មើជើងឬ Walk Street នាពេលរាត្រី។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា  ភ្ញៀវទេសចរ​អន្តរជាតិមកទស្សនារាជធានីភ្នំពេញ ពួកគេមិនបានស្នាក់នៅ​រយៈពេលយូរនោះទេ ដោយសារនៅភ្នំពេញមិនសូវមាន​កន្លែងកំសាន្ត​សំ​រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ហេតុនេះសមាគម​ចង់ឃើញអាជ្ញាធររៀបចំតំបន់ដើរកំ​សាន្តនាពេលរាត្រីនៅមាត់​ទន្លេ ដែលអាចដើរកំសាន្តដោយគ្មានការរំខានពីយានយន្តនានា។

លោកស្រីបន្តថា “ខ្ញុំគិតថាតំបន់មាត់ទន្លេ ចាប់ផ្តើមពីមុខ​ព្រះបរមរាជវាំង ទៅដល់ផ្សាររាត្រី ជាកន្លែងស័ក្តិសមបំផុតសំរាប់រៀបចំ walk Street ដើម្បីផ្តល់ជា​កន្លែង​​កំសាន្តនិងទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ”។លោកស្រី​បន្ថែម​ថា “តំបន់នេះអាចរៀបចំជាតំបន់គ្មានយានយន្ត ចាប់ពី​ម៉ោង៥-១០យប់ ពិតជាល្អ ហើយខ្ញុំជឿថាវានឹង​ទាក់ទាញ​ភ្ញៀវទេសចរ​និងបង្កើតភាពរសរវើកនាពេលរាត្រីសម្រាប់​ក្រុងភ្នំពេញ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងស្រដៀងគ្នាថា នៅរាជធានីភ្នំពេញមាន​ការអភិវឌ្ឍ​ជាច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែរមណីយដ្ឋា​នសម្រាប់ភ្ញៀវទេសចរ​នៅមានកម្រិតនៅឡើយ ដែលមិនអាចទាក់ទាញឲ្យភ្ញៀវស្នាក់​នៅ​យូរបានទេ ហេតុនេះការរៀបចំរមណីយដ្ឋានទេសចរណ៍ ផលិតផល​ទេសចរណ៍ថ្មីៗ​ជារឿងចាំបាច់ ដើម្បីផ្តល់កន្លែង​កំសាន្តសម្រាប់ភ្ញៀវនាពេលរាត្រី។

លោកបន្តថា “ការរៀបចំតំបន់ដើរកំសាន្ត នៅមុខព្រះបរមរាជវាំង ដល់ផ្សាររាត្រីជា​ការល្អប្រសើរណាស់ ដើម្បីធ្វើឲ្យតំបន់​នេះកាន់តែ​មាន​ភាពរសរវើក និងផ្តល់កន្លែងកំសាន្តសំរាប់ភ្ញៀវអន្តរជាតិ”។លោកបន្តថា “កន្លងមកយើងមានផ្សាររាត្រីដែរ តែមានទំហំតូច ​និង​មានភាពទាក់ទាញនៅមានកម្រិត ដោយសារផ្សារនេះមិនបាន​លក់​ផលិតផលខ្មែរដូចជាគំនិតដែលផ្តួចផ្តើមពីមុនមកទេ”។

ក្នុងជំនាន់លោក កែប ជុតិម៉ា ធ្វើជាអភិបាលក្រុង លោកគ្រោង​សហការ​ជាមួយក្រ​សួងទេសចរណ៍រៀបចំ Walk Streetនៅតំបន់នេះហើយ ប៉ុន្តែដោយសារមានការជំទាស់ពី​ប្រជាពលរដ្ឋ​នៅតំបន់នេះ ទើបគំរោងនេះត្រូវបានផ្អាករហូតមក​ទល់ពេល​នេះ។

អ្នកជំនាញទេសចរណ៍មួយរូប បានលើកឡើងក្នុងលក្ខខ័ណ្ឌ​មិនបញ្ចេញឈ្មោះថា រឿងខ្លះអាជ្ញាធរគួរប្រើកណ្តាប់ដៃដែក ដើម្បីអនុវត្តន៍បាននូវគំរោងអ្វីមួយ ព្រោះការលើកឡើងឬការ​ជំទាស់របស់ប្រជាពលរដ្ឋ ភាគច្រើនភ័យខ្លាចបាត់បង់​ផលប្រយោជន៍របស់ខ្លួន ជាជាងផលប្រយោជន៍សាធារណៈ។ លោកបន្តថា ប្រសិនជាមានការរៀបចំតំបន់ដើរកំសាន្ត ឬ walk street នៅលើតិរវិថីព្រះស៊ីសុវត្ថិ ពីមុខព្រះបរមរាជវាំង​ដល់សួន​ផ្សារ​ផ្សារ​ចាស់ ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹង​ទទួលបានផលប្រយោជន៍កាន់តែ​ច្រើន ក្នុងការធ្វើអាជីវកម្មរបស់​ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here