សសៃឈាមសេដ្ឋកិច្ចធំមួយតភ្ជាប់ភាគខាងលិចដល់ភាខាងកើតកំពុងពង្រីក

0

ដោយ វុត្ថា

ភ្នំពេញ៖ សសៃឈាមសេដ្ឋកិច្ចកម្ពុជាដ៏ធំមួយ ដែលតភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូនភាគ​ខាងលិច មកភាគខាងកើតប្រទេស ត្រូវបានបើកការដ្ឋានពង្រីកសក្តានុពលនៅព្រឹក​ថ្ងៃទី២១ ឧសភានេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបានអញ្ជើញបើកការដ្ឋានពង្រីក​ផ្កូវនេះ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកការរដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ដោយឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកណ្តាល ប្រវែង៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC មានទិសចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) បំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។

គម្រោងនេះគ្រោងចំណាយថវិកា សរុបប្រមាណ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផល ប៉ះពាល់ សាងសង់ដោយក្រុមហ៊ុន Sumitoto Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Joint Venture និងក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Katahira & Engineers International និង Oriental Consultant Global ដោយប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវនេះថា “ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានឆ្លុះ បញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រួល ដល់ការដឹកជញ្ជូនផលិតផលក្រុមហ៊ុនវិនិយោគ និងកសិផលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅ ទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែន អន្តរជាតិ ប្រកបដោយភាពងាយស្រួល និងចំណាយតិច”។

លោកបន្តថា បន្ទាប់ពីសាងសង់រួចរាល់ កំណាត់ផ្លូវជាតិនេះនឹងក្លាយជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់ បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថ​យគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើ រតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ និងជួយជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិពីខេត្តបាត់ដំបង ដែលជាជង្រុកស្រូវដ៏ធំរបស់កម្ពុជាផងដែរ។​

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលអញ្ជើញជាអធិបតីបើកការដ្ឋា​ន​ពង្រីកផ្លូវដ៏វែងនេះបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥មួយខ្សែនេះ ប្រហែលជានៅក្នុងរយៈពេល១០ឆ្នាំទៅមុខ  គឺជាផ្លូវតែមួយគត់ដែលល្អជាងគេ ដោយសារចាប់ពីការចេញ​ដំណើរពីទីក្រុងភ្នំពេញ មកដល់ព្រែកក្តាម ក៏នឹងត្រូវបើកជាបួន​គន្លង ហើយ​ចាប់​ពីព្រែកក្តាមរហូតដល់ព្រំដែន កម្ពុជា ថៃ នឹងជាផ្លូវទំហំបួនគន្លងទាំងអស់ ជាពិសេសគឺបាន​មក​ពី​ហិរញ្ញប្បទាន​ពីប្រទេស​ជប៉ុន​តែម្តង។

ឮសម្តេចមានប្រសាសន៍ថា​ “ការអភិវឌ្ឍនេះ កម្ពុជាក៏ត្រូវតែមានការខិតខំដោយខ្លួនឯងផង និងខិតខំ​ទាក់​ទាញ​​មិត្តភក្តិឱ្យផ្តល់ នូវជំនួយឥតសំណងឬកម្ចីឥណទានសប្បទានដែលមានអត្រាការប្រាក់ថោក ដើម្បីយកមកធ្វើ​ការអ​ភិវឌ្ឍ​ប្រទេស ដោយបូកនឹងថវិកាបដិភាគជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការបោះសំអា​តគ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះ និង​​ដោះ​​​​ស្រាយ​​ផល​​ប៉ះពាល់”។

សម្តេចតេជោបានបន្តថា គម្រោងអភិវឌ្ឍន៍កាន់តែច្រើន ថវិកាបដិភាគរបស់កម្ពុជាក៏កាន់តែច្រើនផងដែរ  សម្រាប់ការដោះស្រាយ​​​ផល​​​ប៉ះពាល់ ហើយត្រង់ចំណុចនេះស   ម្តេចថា បញ្ហានេះក៏ផ្តើមចេញពីចិត្តធម៌ របស់រដ្ឋាភិបាលទាំងរដ្ឋាភិបាលមុនៗ ក៏ដូច​ជារាជ​រដ្ឋាភិ​​បាល​​​​​នៅក្នុងដំណាក់កាលក្រោយ ដោយសម្តេចចង់សំដៅទៅលើបញ្ហាដីចំណីផ្លូវ ដែលតាមពិត ដីចំណីផ្លូវត្រូវ​បាន​ចែង​នៅក្នុ​ង​អនុក្រិត្យរួចមកហើយ ឱ្យទុកដីចំណីផ្លូវចម្ងាយពី២៥ម៉ែត្រទៅ៣០ម៉ែត្រ  មិនអនុញ្ញាត​ឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់កាន់កាប់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here