សារព្រមាន! សាលា​ខេត្ត​កណ្តាល​ព្រមាន​ចំពោះ​ការ​ពុះដីឡូត៍​លក់​បែប​អាណាធិបតេយ្យ

1

ដោយគង់ សូរិយា
ភ្នំពេញ៖ អភិបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងដែនដីខេត្តកណ្តាល ដើម្បីទប់ស្កាត់និងការពុះដីឡូត៍លក់បែបអាណាធិបតេយ្យ និងសាងសង់ពុំមានច្បាប់ត្រឹមត្រូវ។

យោងតាមលិខិតរបស់អភិបាលខេត្តកណ្តាល ជម្រាបជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេត្តកណ្តាលចុះលេខ៧៦០ សជណបានឲ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាលបាន និងកំពុងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពិសេសវិស័យដីធ្លី និងសំណង់។ ជាមួយគ្នានឹងដំណើរការលូតលាស់យ៉ាងប្រសើរនេះ ខេត្តក៏បាននិងកំពុងប្រឈមបញ្ហាយ៉ាងធ្ងន់ធ្ងរ ជុំវិញការធ្វើអាជី​វកម្មដីធ្លី ដោយពុះដីឡូត៍លក់ឬសាងសង់ជាច្រើនកន្លែង ដែលមិនមានច្បាប់ត្រឹម​ត្រូវ ដូចជា ទី១ ពុះដីឡូត៍លក់ដោយមិនកាត់ឈ្មោះ និងមិនធ្វើប្លង់បំបែកក្បាលដី ជូនអ្នកទិញឲ្យបានស្របច្បាប់។

ទី២ ពុះដីឡូត៍លក់ដោយមិនមានប្លង់កម្មសិទ្ឋខ្លួនឯងត្រឹមត្រូវ និងលក់ដីឡូ​ត៍ដែលមិនស្របច្បាប់ទៅឲ្យអ្នកទិញ ទី៣ ពុះដីឡូត៍លក់ និងសាងសង់ដោយពុំ​មានច្បាប់អនុញ្ញាត្តច្បាប់ពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ឋត្រឹមត្រូវ និងទី៤ ពុះដីឡូត៍លក់ឬសាងសង់ដោយអាណាធិបតេយ្យ ដែលមិនគោរពតាមប្លង់គោល ផែន​ការ​ប្រើប្រាស់ដី និងបទបញ្ញត្តនគរូបនីយកម្មឲ្យបានត្រឹមត្រូវ។ល។

លិខិតដដែលបានបញ្ជាក់ថា “ដើម្បីពង្រឹងគុណភាពនៃការប្រើប្រាស់ដី និងការគ្រប់គ្រងដីធ្លី និងសំណង់ប្រកបដោយប្រសិទ្ឋិភាព និងសុវត្ថិភាពខ្ពស់ សូមអា​ជ្ញាធរពាក់ព័ន្ឋត្រូវចាត់វិធានការណ៍ទប់ស្កាត់ឲ្យបានល្អ និងរាយការណ៍បទល្មើស​ជាក់ស្តែងឲ្យបានទាន់ពេលវេលា”។

លិខិតដដែលបានណែនាំនូវបីចំណុចសំខាន់ៗ ដូចជា ទី១ ត្រូវសុំច្បាប់អនុ​ញ្ញាត្តជាមុនសិនមុននឹងសាងសង់ ឬពុះដីឡូត៍របស់ខ្លួនដើម្បីលក់ឬដោះដូរ ទី២ ដាច់ខាតបិទការដាក់តាំងបង្ហាញ ឲ្យបានច្បាស់លាស់ទៅនឹងទីតាំងដី ឬទីតាំងផ្ទះជាក់ស្តែង និងនៅការិយាល័យលក់ដី ឬការដ្ឋាននោះតែម្តងនូវ​ឯកសារស្របច្បាប់ ដែលបានអនុញ្ញាត្តពុះដីឡូត៍លក់ ឬសាងសង់ និងទី៣ ត្រូវប្រគល់ជូនអតិថិ​ជននូវឯកសារបញ្ជាក់ចំលងពីច្បាប់ដើម នៃលិខិតអនុញ្ញាត្តស្របច្បាប់ពីអង្គភាពទទួលខុសត្រូវឲ្យពុះដីឡូត៍លក់ ឬឲ្យសាងសង់លើដី ឬដីផ្ទះនោះ ដូចជា អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្តច្បាប់ និងប័ណ្ណកម្មសិទ្ឋដីធ្លី ព្រមទាំងលិខិតស្នាមឬឯកសារ​ពាក់ព័ន្ឋចាំបាច់ផ្សេងៗ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here