សូត្រមាសលើកដំបូងពីមជ្ឈមណ្ឌលស្រាវជ្រាវសូត្របានផលិតចេញហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : សូត្រមាសលើកតំបូង ត្រូវបានផលិតចេញដោយកសិករក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីដំណើរការបង្កាត់ពូជ ទទួលបានជោគជ័យនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេ​ញ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រជាលើកដំបូង នៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ កក្កដាកន្លងមកថា ផលិតផលសូត្រលើកដំបូ​ងត្រូវបានផលិតចេញរួចហើយ ដោយសិល្បករ និងសហគ្រិនក្នុងខេត្តកំពង់ស្ពឺ។ លោកបន្តថា ដំនើរការផលិតសូត្រនៅកម្ពុជាមានលក្ខណៈជាប្រពៃណី ប៉ុន្តែមិនសូវទទួលបាន​ជោគជ័យនោះទេ ហេតុនេះទើបយើងបង្កើតមជ្ឈមណ្ឌលនេះឡើង ដោយប្រើប្រាស់ធន​ធានមនុស្សដែលទទួលការបណ្តុះបណ្តាលពីប្រទេសថៃ។


លោកបន្តថា “យើងចង់ឲ្យដំនើរការនេះមាននិរន្តរភាព តាមរយៈមនុស្សដែលមាន ​3H ដែល H1 គឺ Head សំដៅដល់អ្នកមានការគិតពិចារណាច្បាស់លាស់ H2 គឺសំដៅលើអ្នកមានឆន្ទៈនិងក្តីស្រលាញ់ច្បាស់លាស់ និង H3 គឺសំដៅដល់ការប្រើប្រាស់ដៃដើម្បីបង្កើ​តសកម្មភាព និងមានការប្តេជ្ញាចិត្តខ្ពស់”។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា នៅកម្ពុជាបាននាំចូលសូត្រ ៣០០តោន និង​មានតម្លៃ ៣០លានដុល្លារដើម្បីយកមកប្រើប្រាស់ ដើម្បីផលិតជារបស់ប្រើប្រាស់នានា ខណៈការផលិតក្នុងស្រុកធ្វើបានប្រមាណ១ភាគរយប៉ុណ្ណោះ។ លោកបន្តថា យើងចង់ឲ្យការងារនេះមាននិរន្តរភាព និងមានអ្នកផលិត មានអ្នកស្រាវជ្រាវច្បាស់លាស់ ដើម្បីធ្វើឲ្យ​ការផលិតសូត្រពីលក្ខណៈគ្រួសារ ទៅជាការផលិតមួយមានលក្ខណៈឧស្សាហកម្ម និងអាចកាត់បន្ថយការនាំចូលពីបរទេស។


លោកបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានក្រុមការងារនិងយុវជន វ័យក្មេងប្រមាណ៤០នាក់ ដែលពួកគេទទួលបានការបណ្តុះបណ្តាលពីប្រទេសថៃ ចុះអប់រំនិងបណ្តុះបណ្តាលកសិករគំរូនៅតាមបណ្តាខេត្ត ដើម្បីឲ្យពួកគេមានចំណេះដឹងជាមូលដ្ឋាន និងអាចធ្វើឲ្យដំណើរការផលិតរបស់ពួកគេទទួលបានជោគជ័យ ហើយកសិករទាំង​នោះនឹងក្លាយជាជនបង្គោល ដើម្បីបណ្តុះបណ្តាលអ្នកដទៃទៀត ដែលចង់ផលិតសូត្រយកធ្វើជាមុខរបរ ដែលអាចធ្វើឲ្យជីវភាពពួកគេមានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here