ស្វែងយល់ពីអាស៊ី! តោះទៅទស្សនាស្ថាបត្យកម្មអស្ចារ្យមួយទៀតនៅទីក្រុងឌូបៃ

0

ដោយវុត្ថា

ភ្នំពេញ ទីក្រុងឌូបៃ ត្រូវបានគេមើលឃើញថា មានអគារខ្ពស់កប់ពពកជាច្រើនដុះច្រូងច្រាងបង្អួតពិភពលោក ក្នុងចំណោមទីក្រុងនានានៅក្នុងពិភពលោក ដែលមានសេដ្ឋកិច្ចរីកចម្រើន។

គេហទំព័ត៌មាន propertyarea.asia បានចុះផ្សាយជាច្រើនមកហើយ នូវស្ថាបត្យកម្មសំណង់អគារនានា ជាច្រើននៅក្នុងទីក្រុងឌូបៃ និងនៅតាមបណ្តាទីក្រុងមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី ដើម្បីអោយអ្នកអានបានស្វែងយល់ពីការលូតលាស់ និងភាពអស្ចារ្យអគារដែលជាទ្រព្យសម្បត្តិ និងស្ថាបត្យកម្មសំណង់ពិភពលោកក្នុងសម័យកាលទំនើប។

Propertyarea.asia នឹងបន្តលើកអគារមួយទៀតនៅក្នុងទីក្រុងឌុបៃយកចុះផ្សាយបន្តទៀត គឺអគារ Rose Rayhaan  ឬ Rose Tower ។ អគារនេះ មានកំពស់៧២ ជាន់ និង៣៣៣ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌុបៃ ប្រទេសអារ៉ាប់រួម ដែលត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់ជាសណ្ឋាគារ ហើយអគារនេះធ្លាប់បានជាប់កំណត់ត្រាពិភពលោកជាសណ្ឋាគារខ្ពស់ជាងគេ នៅក្នុងអំឡុងឆ្នាំ២០០៩-២០១២ កន្លងមកនេះ។

អាគារសណ្ឋាគារនេះ ត្រូវបានគេចាប់ផ្តើមសាងសង់ឡើងនៅក្នុងឆ្នាំ២០០៤ និងបញ្ចប់នៅក្នុងឆ្នាំ២០០៧។ ការរចនាប្លង់និងការសង់អគារនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសាងសង់អារ៉ាប់ ដែលមានឈ្មោះថា Arabian Construction Co.។ បើទោះបីអគារនេះ បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០០៧រួចរាល់ហើយយ៉ាងណាក្តី ក៏មិនទាន់សម្ពោធដាក់អោយដំណើរការដែរ រហូតដល់ខែតុលា ឆ្នាំ២០០៩ ទើបបានសម្ពោធដាក់អោយដំណើរជាផ្លូវការ។

ស្ថាបត្យកម្មសណ្ឋាគារនេះ ត្រូវបានគេសាងសង់ឡើងយ៉ាងប្រណីតទាំងពណ៌ និងរូបរាង្គរបស់វា ដោយក្នុងនោះត្រូវបានគេលាបពណ៌ខៀវ និងមាសនៅលើជញ្ជំាងនៃអគារ ។ ជាពិសេសនោះអគារនេះ មានតែមួយគត់នៅលើពិភពលោក ដែលមានភាពល្បីល្បាញនៅក្នុងទីក្រុងឌុបៃ ក្នុងការផ្តល់ការពិសារស្រាមិនគិតថ្លៃ។

សណ្ឋាគារនេះផងដែរ មានភោជនីយដ្ឋាន២ និងហាងកាហ្វេមួយបើកដំណើរការ ២៤ម៉ោង លើ២៤ម៉ោង ។ សណ្ឋាគារដ៏ទំនើបនេះ វិនិយោគដោយក្រុមហ៊ុន Bonyan International Investment Group ដែលចំណាយថវិកាអស់ចំនួន១៨០លានដុល្លារ។ សណ្ឋាគារនេះ មានបន្ទប់ធម្មតា និងបន្ទប់លំដាបVVIPចំនួន៤៦២សម្រាប់ទទួលភ្ញៀវស្នាក់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here