ស្វែងយល់ពីអាស៊ី! តោះទៅមើលអាគារ Tokyo Skytree ខ្ពស់ជាងគេរបស់ជប៉ុន

0

ដោយ វុត្ថា

ភ្នំពេញ៖ តូក្យូជាទីក្រុងដែលមានប្រជាជនច្រើនជាងគេក្នុងចំណោម៤៧ ខេត្តរបស់ប្រទេសជប៉ុន និងជាទីក្រុងមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ទីក្រុងនេះមានអាគារនិងសំណង់ចំនួន៤៦អគារ ដែលមានកម្ពស់លើសពី១៨៥ម៉ែត្រ។

សំណង់អគារដែលខ្ពស់ជាងគេ នៅក្នុងណោមអគារនៅក្នុងទីក្រុងនេះ គឺអគារ Tokyo Skytree មានកំពស់រហូតដល់៦៣៤ម៉ែត្រ ដែលត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១២។ អគារខ្ពស់កប់ពពកនៅក្នុងទីក្រុងតូក្យូនេះ ត្រូវបានគេចាត់ទុកជាបាតុភូតថ្មីមួយនៅប្រទេសជប៉ុន។

អគារ Tokyo Skytree គឺជាប៉មផ្សាយប៉ុស្តិ៍ទូរទស្សន៍របស់ទីក្រុងតូក្យូ។ អគារនេះ គឹស្ថិតនៅចំណុចកណ្តាលនៃទីក្រុង ស្ថិតក្នុងសង្កាត់ Sumida City ហើយនៅមិនឆ្ងាយពីព្រះវិហារ Asakusa នោះទេ។

ដោយសារអគារនេះ មានកម្ពស់រហូតដល់៦៣៤ម៉ែត្រ (ត្រូវបានគេអានជាភាសាជប៉ុនថា Musashi ជាឈ្មោះប្រវត្តិសាស្ត្រនៃទីក្រុងតូក្យូ) វាគឺជាអគារដែលមានរចនាសម្ព័ន្ធខ្ពស់ជាងគេនៅក្នុងប្រទេសជប៉ុន និងជាអគារខ្ពស់បំផុតលំដាប់ទីពីរនៅលើពិភពលោក។ អគារដ៏ធំទំនើបមួយនេះមានផ្សារលក់ដូរ និងអាងចិញ្ចឹមត្រីផងដែរ។

អ្វីជាចំណុចលេចធ្លោរបស់អគារ Tokyo Skytree គឺមានកន្លែងពីរសម្រាប់ទស្សនាទិដ្ឋភាពដ៏រសរវើក និងទាក់ទាញនៃទីក្រុងតូក្យូ។ កន្លែងទាំងពីរនេះគឺអាចទស្សនាទីក្រុងតូក្យូដ៏ស្រស់ស្អាត បានដោយជុំវិញស្ថិតនៅកម្ពស់៣៥០ និង៤៥០ម៉ែត្រ។

នៅកម្រិតកម្ពស់៣៥០ម៉ែត្រនៃអាគារនេះ ត្រូវបានគេហៅថា Tembo Deck នោះ គឺជាកន្លែង ដែលអាចមើលទេសភាពដ៏អស្ចារ្យពីគ្រប់ជាន់នៃអគារ។ ជាន់ខាងលើមានបង្អួ​ចធំទូលាយ ដែលផ្តល់ជូននូវទេសភាពបែប៣០៦ ដឺក្រេដ៏ល្អបំផុតនៃទីក្រុង។ ជាន់កណ្តាលមានហាងលក់វត្ថុអនុស្សាវរីយ៍មួយ និងភោជនីយដ្ឋាន Musashi Sky ដែលបម្រើអា​ហា​របារាំង និងជប៉ុន ខណៈជាន់ក្រោមបំផុតមានហាងកាហ្វេ។

អគារ Tokyo Skytree គឺជាកន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សា​ន្ត និងមើលទស្សនីយភាពទីក្រុងតូក្យូទាំងមូលនាពេលថ្ងៃ និងពេលរាត្រីដ៏មានប្រជាប្រិយភាព។

ទីក្រុងតូក្យូបានក្លាយជាទីតាំង នៃគម្រោងសំណង់អគារខ្ពស់ៗជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់តាំងពីឆ្នាំ២០១០អាគារចំនួន១៣ ដែលមានកំពស់ចាប់ពី១៨៥ម៉ែត្រឡើងត្រូវបានសាងសង់បញ្ចប់។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧នេះ មានអាគារខ្ពស់កប់ពពកចំនួន៨ កំពុងត្រូវបានសា​ងសង់នៅក្នុងទីក្រុងតូក្យូ។ មានគម្រោងសំណង់អគារខ្ពស់ៗជាច្រើនទៀត ចាប់ពី១៨៥ ម៉ែត្រឡើងត្រូវបានគេស្នើឡើង សម្រាប់សាងសង់នាពេលអនាគតដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here