ស្វែងយល់៖ តើកម្ពុជាមានប័ណ្ណកម្មសិទ្ឋិអចលនទ្រព្យមានប៉ុន្មានប្រភេទ និងមានសុពលភាពផ្លូវច្បាប់ដូចម្តេច?

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដោយសារកម្ពុជាមានការផ្លាស់ប្តូររបបដឹកនាំញឹកញាប់ បានធ្វើឲ្យការចេញ​ប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យ ឬវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យមានច្រើន​ប្រភេទ ទៅតាមរបបនិមួយៗ ប៉ុន្តែតើប័ណ្ណទាំងនោះមានសុពលភាពផ្លូវច្បាប់បែបណា? គេហទំព័រ Propertyarea.asia បានជួបសម្ភាសន៍ជាមួយអ្នកជំនាញ និងអ្នកប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការគ្រប់គ្រងតាមរយៈប័ណ្ណសម្គាល់ ឬវិញ្ញាបនបត្រគ្រប់គ្រងអច​លនទ្រព្យនៅកម្ពុជា ពិតជាមានច្រើនប្រភេទនៅកម្ពុជា ដែលប័ណ្ណឬវិញ្ញាបនបត្រទាំងនោះមាន ដូចជា ទី១ ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ កម្ពុជាមានប័ណ្ណសម្គាល់អចលនទ្រព្យ ដែលគេហៅថា “ប័ណ្ណសាធារណៈរដ្ឋប្រជាមានិត​កម្ពុជា”។ ប័ណ្ណប្រភេទនេះនៅបន្សល់ទុកតិតចតួចប៉ុណ្ណោះ ក្នុងករណីម្ចាស់ដីមិនផ្លាស់ប្តូរ​ប័ណ្ណ និងភាគច្រើនស្ថិតនៅតំបន់ជនបទដាច់ស្រយាល។

ទី២ គិតចាប់ពីកំឡុងឆ្នាំ១៩៨៥ ដល់ដើមទសវត្សរ៍១៩៩០ កម្ពុជាបានផ្លាស់ប្តូរប័ណ្ណ​កម្មសិទ្ឋអចលនទ្រព្យថ្មីមួយទៀត ដែលគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ដែលប័ណ្ណ​ប្រភេទនេះ នៅតែមានការប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះផងដែរ។ ទី៣ ប្លង់កាន់កាប់ឬគ្រប់គ្រងអចលនទ្រព្យ ដែលមានការចេញឲ្យប្រើប្រាស់កំឡុងឆ្នាំ១៩៩៣ មកដល់បច្ចុ​ប្បន្ន (ហៅថាប្លង់ទន់) ដែលប័ណ្ណប្រភេទនេះមានការពេញនិយម ប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ននេះ។

ប័ណ្ណប្រភេទនេះ មានការទទួលស្គាល់ត្រឹមអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ និងតាមបណ្តាស្រុកនានា។

ទី៤ បច្ចុប្បន្នមានប័ណ្ណមួយទៀត ដែលហៅថាប្លង់រ៉ឹង ឬវិញ្ញាបនបត្រដែលមានការ​ទទួលស្គាល់ពីមន្រ្តីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត។ប័ណ្ណនេះមានពីរយ៉ាង ដែលខ្លះគេហៅថា L MAPនិងខ្លះទៀតហៅប័ណ្ណបំបែកក្បា​លដី។

លោកច្រឹក សុខនីមបានបន្តថា រហូតមកទល់ពេលនេះ ដើម្បីទប់ស្កាត់ទំនាស់ដីធ្លី និងប័ណ្ណនិមួយៗមានសុពលភាពផ្លូវច្បាប់ គឺពេលចុះវាស់វែងដីធ្លី តែងតែមានមន្រ្តីជំនាញ​ក្រសួងរៀបចំដែនដីចូលរួម ទោះជាធ្វើប្លង់ឬប្លង់រ៉ឹងក៏ដោយ។

លោកបន្តថា “ប័ណ្ណទាំង៥​ប្រភេទខាងលើនេះ សុទ្ឋតែមានសុពលភាពផ្លូវច្បាប់ ប៉ុន្តែដើម្បីបញ្ចៀសហានិភ័យពីការរំលោភបំពានដីធ្លី អ្នកកាន់កាប់អចលនទ្រព្យដែលមាន​ប្លង់របបសាធារណៈរដ្ឋ ប័ណ្ណស្លាបមាន់ និងប្លង់ទន់គួរតែរៀបចំឯកសាររបស់ខ្លួន ដើម្បីស្នើសុំធ្វើប្លង់រ៉ឹង ដែលមានការទទួលស្គាល់ពីមន្ទីរ និងក្រសួងជំនាញជាក់លាក់”។លោកបន្តថា ការកាន់កាប់អចលនវត្ថុអ្វីមួយ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ពី​សំណាក់អាជ្ញាធរជំនាញ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យនាពេ​លអនាគត”។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​និងកំពុងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន ចុះធ្វើប័ណ្ណកម្មសិទ្ឋដីធ្លីថ្មី ជូនប្រជាពលរដ្ឋនៅគ្រប់​ភូមិ ឃុំនៃបណ្តារាជធានី ខេត្តទាំង២៥បណ្តើរៗហើយ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here