ដោយ : គង់ សូរិយា
ភ្នំពេញ : សាលារាជធានីភ្នំពេញកំពុងរៀបចំផែនការថ្មីសម្រាប់ទីក្រុង ដោយជ្រើសរើសយកតំបន់ភាគខាងត្បូង ជាតំបន់ធម្មជាតិស្រស់បំព្រង និងធានាបាននូវនិរន្តរភាពបរិស្ថាន។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីសប្តាហ៍មុនបានដាក់ចេញនូវផែនការថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យនៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ពន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។ គំរោងនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួនឹងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រងចង់ឲ្យតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។
អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ពន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។
យោងតាមទិន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់ ១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។
អតីតវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានជំរុញឲ្យការអភិវឌ្ឍន៍រាជធានីភ្នំពេញ ផ្តោតទៅកាន់ភាគខាងត្បូង ដោយសារវាជាតំបន់ខ្ពស់ មិនប្រឈមមុខនឹងការលេចទឹក និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធនានា៕
[…] https://dailypostjob.com/%E1%9E%9F%E1%9F%92%E1%9E%9C%E1%9F%82%E1%9E%84%E1%9E%99%E1%9E%9B%E1%9F%8… […]