អគ្គនាយកបុរី ប៉េង ហួត បង្ហាញពីទស្សនវិស័យនៃការវិនិយោគបុរី

0

ដោយ ស៊ីវ ម៉េង SIV MENG

ភ្នំពេញជាមួយនឹងភាពជោគជ័យ និងអាចនិយាយថាជាបុរីឈានមុខគេមួយនៅកម្ពុជា បុរីប៉េង ហួតទទួលបានការទទួលស្គាល់ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ តើបុរីនេះទទួលបានជោគជ័យយ៉ាងដូចម្តេច លោកស៊ីវ ម៉េងអ្នក​យកព៌តមានផ្នែកអចលនទ្រព្យ នៃកាសែតភ្នំពេញប៉ុស្ត៍បានជួបសម្ភាសន៍ពិសេ​សជាមួយលោកឧកញ៉ាថៃ ម៉េងលីអគ្គនាយកបុរីប៉េង ហួត ដើម្បីស្តាប់ពីទស្សនវិស័យ និងយុទ្ឋសាស្រ្តរបស់លោក ក្នុងការវិនិយោគបុរីនេះ។

តើលោកឧកញ៉ាបានចាប់ផ្តើមវិនិយោគបុរីនេះយ៉ាងដូចម្តេច?

ខ្ញុំបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះ​នៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់    វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេសច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។

បន្ទាប់ពីសាងសង់ទីតាំងបុរីទី១ នៅផ្លូវលេខ៥៩៨ យើងបានចាប់ផ្តើមវិនិយោគបុរីបន្តមកកាន់ផ្លូវជាតិលេខ១ ដែលមានទំហំដីកើនឡើងដល់ជាង២០គីឡូ​ម៉ែត្រ និងបន្តវិនិយោគនៅគំរោង​ជាច្រើនទៀត។

ការឌីសាញបុរីនេះ បានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ។

តើរហូតមកទល់ពេលនេះផ្ទះដែលបានសង់ចប់ និងលក់ចេញបានប៉ុន្មានហើ​យតាំងពីចាប់ផ្តើម?

គិតរហូតមកទល់ពេលនេះ មានផ្ទះជិត១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ៧០០០ ទៅ៨០០០ខ្នងត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ។

អ្វីដែលប្រជាជនក្នុងស្រុក​ និងភ្ញៀវអន្តរជាតិចាប់អារម្មណ៍ គឺម៉ូតផ្ទះនិងហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងបុរីនេះ តើលោកឧកញ៉ាយកទស្សននៃការរៀបចំបែបផែន​នគរូបនីយកម្មមកពីណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហូតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេ​សជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើង​ក៏អាច​សាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។

អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នក​មានជីវភាពលំដាប់ខ្ពស់។

អ្វីជាកត្តាកំណត់ស្នូលដែលធ្វើឲ្យបុរីប៉េង ហួតទទួលជោគជ័យរហូតមកទល់ពេលនេះ ក្រៅពីម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ?

អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។ ជាក់ស្តែង​យើ​ងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ ព្រោះ​យើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំ​នើប សាលារៀនអន្តរជាតិជាដើម។   

ងាកមកមើលស្ថានភាពទីផ្សារបុរី តើលោកឧកញ៉ាមើលឃើញដូចម្តេច?

ខ្ញុំគិតថា សម្រាប់បុរីប៉េង ហួតមិនមានបញ្ហាអ្វីនោះទេ វានឹងបន្តរីកចម្រើន​បន្តទៀត ព្រោះប្រទេសយើងកំពុងរីកចម្រើន ហេតុនេះយើងនឹងបន្តវិនិយោគបន្ថែមទៀត។ គិតរហូតមកទល់ពេលនេះ យើងបានចំណាយទុនច្រើនមកហើយ។

យើងមានទិសដៅ និងពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលអនាគត។

ក្រៅពីការវិនិយោគដោយជោគជ័យ តើក្រុមហ៊ុនបុរីប៉េង ហួតបានរួមចំណែកជួយដល់ការងារសង្គមយ៉ាងដូចម្តេច?

ក្រុមហ៊ុនបុរីរបស់យើង ក្រៅពីការរកស៊ីទទួលបានប្រាក់ចំណេញហើយ យើងក៏បាន​ផ្តល់ជំនួយមនុស្សធ៌ម ជួយដល់មន្ទីរពេទ្យគន្ឋបុប្ឆាចំនួន១០ម៉ឺនដុល្លា​រកាលពីសប្តាហ៍មុន និងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជា​សា​លារៀន កសាង​វត្តអារ៉ាម និងផ្លូវមួយចំនួនទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយ​រដ្ឋាភិបាលកម្ពុជា។

មានការលើកឡើងថា ឈ្មោះប៉េង ហួតជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគបុរីនេះ តើពិតទេលោកឧកញ៉ា?

បាទពិតហើយ ពាក្យប៉េងហួត គឺចេញពីឈ្មោះរបស់បងប្រុសខ្ញុំពីររូប ដែលជាស្ថាបនិកបុរីនេះ បងខ្ញុំម្នាក់ឈ្មោះប៉េង និងម្នាក់ទៀតឈ្មោះហួត។

ងាកមកស្ថានភាពនយោបាយកើនកំដៅកាលពីពេលថ្មីៗនេះ តើមានរងផលប៉ះពាល់ដល់ការលក់លំនៅដ្ឋានរបស់បុរីឬទេ?

ស្ថានភាពនយោបាយកាលពីពេលថ្មីៗនេះ រងផលប៉ះពាល់តិចតួច ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយសម្រាប់រយៈពេលវែងមិនមានបញ្ហានោះទេ ដោ​យ​សារយើងបានឆ្លងកាត់បទពិសោធន៍ជាច្រើន ប៉ុន្តែក្រោយពេលបោះឆ្នោតអ្វីៗនឹង​មានភាពប្រសើរឡើង ហើយយើងនៅតែដំណើរការល្អជាងគេ។

លើសពីអ្វីជាផ្ទះនៅក្នុងបុរី បច្ចុប្បន្នក្រុមហ៊ុនបុរីប៉េង ហួតបានចាប់ផ្តើមវិនិ​យោគលើខុនដូសម្រាប់លក់ តើហេតុអ្វីដែរ លោកឧកញ៉ា ? ដោយសារទីផ្សារខុនដូល្អប្រសើរឬយ៉ាងណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការ​របស់អតិថិជនជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here