អបអរសាទរ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​វេទិកា​នយោបាយ​អាស៊ី-អឺរ៉ុប ទទួលស្គាល់​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី

0

ជា​ដំណឹង​ល្អ​មួយ ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​វេទិកា​នយោបាយ​អាស៊ី-អឺរ៉ុប ចេញ​សេចក្ដីថ្លែងការណ៍​រួម ប្រកាស​ទទួលស្គាល់ថា​ជា  ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (Asian Cultural Council-ACC) ដែលជា​ស្ថាប័ន​មួយ​របស់ សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP)។

ការ​ថ្លែង​ការទទួលស្គាល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​អង្គ​វេទិកា​នយោបាយ​អាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​អ្នកនយោបាយ​អភិរក្ស និង​កែទម្រង់​អឺរ៉ុប (European Conseratives and reformists Group-ECR) និង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅ​ទីក្រុង​ឡុង។

សម្រាប់​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោកស្រី ឃួន សុ​ដា​រី សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​នេះ និង​ក្រុម​អ្នកនយោបាយ​អភិរក្ស និង​កែទម្រង់​អឺរ៉ុប​តំណាង​ដោយ លោក ចេ​ហ្វ្រី វ៉ាន់​អូ​ដុន (Geoffrey Van Orden) បាន​ធ្វើជា​សហប្រធាន នៅក្នុង​វេទិកា​នេះ។

សេចក្តីថ្លែងការណ៍​រួម នៃ​វេទិកា​នយោបាយ​អាស៊ី-អឺរ៉ុប នៅក្នុង​ទីក្រុង​ឡុង​ដ៍ ត្រូវបាន​អនុម័ត និង​បានបញ្ជាក់​ឡើងវិញ​នូវ​គោលបំណង​រួម​ទាក់ទង​នឹង​សន្តិភាព និង​ការអភិវឌ្ឍ​ជា​និរន្ត​ន៍ សម្រាប់​ប្រជាពលរដ្ឋ​នៃ​ទ្វីប​ទាំងពីរ។ បាន​ទទួលស្គាល់ថា ពាណិជ្ជកម្ម និង​ការតភ្ជាប់​ក្នុង​តំបន់​ជា​ឧបករណ៍​មួយ​សម្រាប់​ជំរុញ ដល់​ភាពជា​ដៃគូ​រវាង​អាស៊ី និង​អឺរ៉ុប។

សេចក្តីថ្លែងការណ៍​រួម​នេះ បានទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​តួនាទី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​ប្រធាន​ស្ថាបនិក​កិត្តិយស នៃ​ក្រុមប្រឹក្សា​វប្ប​ធ​ម៍​អាស៊ី (Asian Cultural Council-acc) ដែលជា​ស្ថាប័ន​មួយ​របស់ ICAPP។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍​រួម ក៏បាន​ទទួលស្គាល់​តួនាទី​របស់​ប្រទេស​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ ជា​ដៃគូរ​រវាង ក្រុមប្រឹក្សា​វប្ប​ធ​ម៍​អាស៊ី និង​អង្គការ​យូណេស្កូ។ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នេះ និង​ត្រូវ​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ២០១។

បន្ទាប់ពី​បញ្ចប់ វេទិកា​នយោបាយ​អាស៊ី-អឺរ៉ុប ក្រុម​ប្រទេស​ជា​សមាជិក បានសម្រេច​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​វប្ប​ធ​ម៍​អាស៊ី នៅ​រាជធានី​ភ្នំពេញ ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៩ ខាងមុខនេះ​តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here