ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុនថៃ ប៊ុនរ៉ុង កំពតបៀលឌីងកំពុងផ្លាស់ប្តូរប្រវត្តិសាស្រ្តក្រុងកំពតហើយ ដោយក្រុមហ៊ុននេះនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយនៅក្នុងក្រុងកំពតកំពស់រហូតដល់៤១ជាន់។
អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ស៊ឹម សុខជា បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា អគារពាណិជ្ជកម្មដំបូងគេបង្អស់កម្ពស់៤១ជាន់ បានកំពុងចាប់ផ្តើមសាងសង់ឡើង នៅក្នុងចំណុចគល់ស្ពានចាស់ត្រើយខាងកើតព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងកំពតបៀលឌីង។
លោកបានបន្តថា “មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវផ្សារទំនើប ហាងមានឈ្មោះល្បីៗ មជ្ឍមណ្ឌលកម្សាន្ត ហើយផ្នែកខាងលើជាខុនដូ ដែលមានចំណតរថយន្តនៅផ្នែកជាន់ក្រោមដី”។
លោកស៊ីម សុខជាបានបន្តទៀតថា អគារនេះជាអគាខ្ពស់ជាងគេ ក្នុងចំណោមបណ្តាខេត្តទាំងអស់របស់កម្ពុជា លែកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល។ បើតាមការពិនិត្យជាក់ស្តែង អំពីដំណើរការសាងសង់ គឺពិតជាមានស្តង់ដា និងគោររពតាមផ្លូវច្បាប់ ព្រោះក្រុមហ៊ុនបានគិតគួរល្អិតល្អន់ ចំពោះបញ្ហាដែលអាចបង្កឲ្យប៉ះពាល់ផ្សេងៗ ក្នុងនោះគេឃើញការដាំជំរឹងរបងហុំព័ទការដ្ឋានធ្វើឡើងយ៉ាងត្រឹមត្រូវ គិតគូទាំងសុវត្ថិភាព និងនូវរក្សាសោភ័ណ្ឌភាពក្រុង។ ចំណុចការដ្ឋានអគារនេះ ជាចំណុចដែលប្រមូលផ្តុំដោយភ្ញៀវទេសចរ ដើរកម្សាន្តច្រើនទាំងពេលយប់ និងពេលថ្ងៃ ព្រោះក្បែរកន្លែងជិះទូកកម្សាន្តមើលថ្ងៃលិច និងមើលអំពិលអំពែក។
ក្រុងកំពតបាននិងកំពុងធ្វើការកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព ការពង្រឹកកិច្ចការងារថែរក្សា ការពារអនាម័យបរិស្ថានស្អាត ធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងគួរឲ្យសំគាល់។ ក្រុងកំពតបានក្លាយពីកន្លែងឆ្លងកាត់ ទៅមកជាកន្លែងស្នាក់នៅរបស់ទេសចរ រាល់ពេលថ្ងៃបុណ្យទានធំៗ សេវាស្នាក់នៅពេញទាំងអស់នៅក្បែរ និងក្នុងក្រុង ព្រោះតំបន់ទេសចរកែច្នៃស្អាតៗត្រូវបានបង្កើតថ្មី បន្ថែមលើធនធានដែលមានស្រាប់ ដូចជាទឹកធ្លាក់តាដា និងដូងទេជាដើម ហើយថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានប្រកាសជាសាធារណៈថា នឹងរៀបចំសោភ័ណភាពឆ្នេរខ្សាច់សាធារណៈ ដែលអាចឲ្យ ភ្ញៀវទេសចររាប់ម៉ឺននាក់មកកម្សាន្ត នៅក្នុងទឹកដីសង្កាតត្រើយកោះ ដែលនេះជាមោទនភាពមួយរបស់ពលរដ្ឋខេត្តកំពតដែរ។
ក្រុងកំពតជាក្រុងមួយ កាន់តែមានភាពទាក់ទាញ ដោយសារការកើនឡើងនូវចំនួនអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសកំណើនភ្ញៀវទេសចរណ៍បានកើនឡើងជារៀងរាល់ឆ្នាំ៕