អស្ចារ្យ​ កត្តាសន្តិភាព​ កំណើនប្រាក់ចំណូលប្រជាជនជាង 5លានចេញដើរកំសាន្ត

0

ជាមោទនភាព និងគួររីករាយបំផុត ដែលត្រឹមតែរយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្ពុជាបានទាក់ទាញបណ្តាភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានាបានរហូតដល់ទៅចំនួន 5,238,816 នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន 88,191 នាក់។ នេះបើផ្អែកតាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍កាលពីព្រឹកមិញនេះ ។

នៅក្នុងទិន្នន័យដដែលបានបង្ហាញទៀតថា សម្រាប់គោលដៅសំខាន់ៗដែលភ្ញៀវទេសចរសម្រុកទៅកម្សាន្តច្រើនជាងគេរួមមាន6ទៅតាំង ដែលក្នុងនោះរួមមានដូចជា ៖

ទី1- ខេត្តសៀមរាប ដែលមានការប្រារព្វអង្គរសង្ក្រាន្ត មាន 2,062,749 នាក់។

ទី2- តំបន់ឆ្នេរ រួមមាន(ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងខេត្តកែប) មានភ្ញៀវជាតិទៅកំសាន្ត 45 ម៉ឺននាក់ ភ្ញៀវអន្តរជាតិ ជាង 25,000នាក់។

ទី3- តំបន់អេកូទេសចរណ៍ នៅភូមិភាគឥសាន្ត រូមមាន (ខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែង) មានភ្ញៀវជាតិជាង 24,000 នាក់ និងភ្ញៀវអន្តរជាតិជាង2,400នាក់។

ទី4- តំបន់កម្សាន្តតាមបណ្តាខេត្តនៅផ្លូវជាតិលេខ5 រួមមាន (ខេត្តបាត់តំបង ប៉ៃលិន និងខេត្តពោធិសាតិ) មានភ្ញៀវជាតិជាង 81ម៉ឺន នាក់ ដោយមានភ្ញៀវអន្តរជាតិជាង1ពាន់នាក់ ។

ទី5 – តំបន់ទេសចរណ៍ដទៃទៀត មានដូចជា (ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ) ទទួលបានភ្ញៀវទេសចរជាង1,400,000នាក់ ខណៈដែលភ្ញៀវអន្តរជាតិ មានប្រមាណជាង 9,000 នាក់។

ទី6- តំបន់រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិប្រមាណ 167,560 នាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង1ម៉ឺននាក់ ។

គួរកត់សម្គាល់ផងដែរថា សម្រាប់កំណើនភ្ញៀវទេសចរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ2018នេះ មានការកើនឡើងជិតទ្វេរដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅនោះ ជាពិសេសមានការទាក់ទាញភ្ញៀវអន្តរជាតិបានកាន់តែច្រើន ខណៈដែលនៅក្នុងរយៈពេល3ថ្ងៃនេះ កម្ពុជាមានពិធីសង្ក្រាន្តដ៏គួរឱ្យទាក់ទាញ និងត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here