អស្ចារ្យ! ក្រុមហ៊ុនព្រីនស៍ប្រកាសបោះទុន ៦០០០លានដុល្លារវិនិយោគនៅក្នុងរាជធានីខេត្តចំនួនបី

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Prince Real Estat Groupបានប្រកាសបោះទុនវិនិយោគ៦ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យក្នុងរាជធានីខេត្តចំនួនបីនៅកម្ពុជា។

ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើន នៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងអគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន១៣ទីតាំងនៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុននេះបានប្រកាសរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថា “ក្នុងរយៈពេល១០ឆ្នាំ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប គ្រោងនឹងវិនិយោគនូវទឹកប្រាក់៦ពាន់លានដុល្លារ លើផ្ទៃដីទំហំជាង៤០០ហិកតាដើម្បីអភិវឌ្ឍគម្រោងអគារចម្រុះបណ្តុំនូវអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិ ស្មើនឹងទំហំអភិវឌ្ឍន៍សរុបជាង៦លានម៉ែត្រការ៉េ នៅក្នុងខេត្តក្រុងសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោកលី មីន នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការវិនិយោគទៅលើអចលនទ្រព្យដ៏សែនច្រើនសន្ធឹកសន្ទាប់នៅក្នុងប្រទេសកម្ពុជា គឺស្របទៅតាមយុទ្ធសាស្រ្ត Belt and Road initiatives របស់រដ្ឋាភិបាលចិន ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធ និងបាននឹងកំពុងឈានដល់កម្រិតល្អបំផុត។

លោកបានបន្ថែមថា ប្រទេសកម្ពុជាទទួលបានផលវិជ្ជមាន ជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងនៅក្នុងតំបន់ ក្រោមយុទ្ធសាស្រ្ត”ខ្សែក្រវាត់មួយផ្លូវមួយ”។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោ​ងផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់នៅចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here