អស្ចារ្យ : ជប៉ុននឹងវិនិយោគបង្កើតសួនសត្វសាហ្វារីដ៏ធំមួយនៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ: រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្រុមហ៊ុនជប៉ុនដើម្បីរៀបចំវិនិយោគបង្កើតសួនសត្វដ៏ធំមួយនៅតំបន់ព្រៃភាគខាងជើងប្រទេស នៅក្នុងទឹកដីនៃខេត្តព្រះវិហារ។


លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD.ស្តីពី «ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃកាលពីថ្ងៃទី២៨ កក្កដាកន្លងមកថា គុណតម្លៃសំខាន់បំផុតបីចំណុចនៃការវិនិយោគនេះដែលរាជបណ្ឌិត្យសភាកម្ពុជា មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដូចជា ទី១  – ទេសចរណ៍ធម្មជាតិ មានសត្វ និង ព្រៃឈើ ទី២ – ទេសចរណ៍វប្បធម៌ មានឡស្លដែកដែលបន្សល់ទុកមកតាំងពីសម័យមុនអង្គរ និងវប្បធម៌ជនជាតិកួយខេត្តព្រះវិហារ
ទី៣ – ទេសចរណ៍សិប្បនិម្មិត ក្នុងនោះនឹងមានបង្ហាញជាលក្ខណៈទេសចរណ៍បែបផលិតផល មានន័យថាអ្នកទេសចរនឹងបានឃើញទាំងតម្លៃធម្មជាតិ ជាមួយនឹងផលិត​ផលផ្សេងៗ ដែលផលិតនៅក្នុងតំបន់ឧទ្យានដោយផ្ទាល់ ហើយនៅឧទ្យានអាចនឹងមានខ្សែរ៉ត សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ទស្សនាតំបន់សួនសត្វ និង ព្រៃធម្មជាតិដ៏ស្រស់បំព្រងផងដែរ។


លោក គីណូស៊ិតា សូរី ប្រធានក្រុមហ៊ុន B.M. Nature Safari Co. LtD. បានបង្ហា​ញពីឆន្ទៈក្នុងការថែរក្សាសម្បត្តិធម្មជាតិ ហើយលោកបានបន្ថែមថា នៅពេលនេះយើងនៅមានពេលវេលា ក្នុងការថែរក្សាការពារព្រៃធម្មជាតិ សត្វព្រៃ ដូច្នេះយើងត្រូវរួមសហការគ្នា ដើម្បីជំរុញឱ្យព្រៃឈើនិងសត្វព្រៃនានាបន្តមានវត្តមានបន្តទៀត។ លោកនឹងនាំយកបច្ចេកវិទ្យាទំនើបរបស់ជប៉ុនមកជម្រុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាននេះ ឱ្យត្រូវកម្រិតស្តង់ដាល្អ និងធំបំផុតមិនធ្លាប់មានពីមុនមកនៅកម្ពុជា ហើយកន្លងមកក្រុមហ៊ុនបានសហការបង្កើតសួនសត្វប្រភេទនេះ នៅបណ្តាប្រទសជាច្រើន ពិសេសនៅទ្វីបអាហ្រ្វីករួចហើយដែរ។
ទន្ទឹមគ្នានោះដែរ ក្រុមការងារឧទ្យានឫស្សីត្រឹប ដឹកនាំដោយលោក សូត្រ សំណាង បានបង្ហាញពីភាពជឿជាក់លើលទ្ធភាព និងឆន្ទៈរបស់ក្រុមហ៊ុនជប៉ុន B.M. Nature Safari Co. LtD. ដែលមានបទពិសោធន៍ ក្នុងការបង្កើតសួនសត្វសាហ្វារីជាង១០០ប្រទេសមកហើយ ពិសេសនៅតំបន់អាហ្រ្វិក ហើយអ្នកដែលទទួលផលច្រើនពីការអភិរក្សសត្វព្រៃទាំងនេះ គឺប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។
លោក សូត្រ សំណាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឈប់បរបាញ់សត្វ កាប់ព្រៃ និងដុតព្រៃរានយកដី តែងាកមកជួយការពារ និងថែរក្សាព្រៃវិញ នោះពួកគាត់នឹងទទួលបានផលពីការអភិរក្សយូរអង្វែងតកូនតចៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here