អស្ចារ្យ! ប្រាសាទអង្គរវត្តក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោកនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គេហទំព័រទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក Trip advisor បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាគោលទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងឆ្នាំ២០១៨នេះ។

យោងតាមគេហទំព័រនេះ ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីម្សិល​ម៉ិញបានឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតជាងបួនម៉ឺននាក់ ដែលបានចូលបោះឆ្នោតក្នុងគេហទំព័រនេះ បានជ្រើសរើសរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានទេ​សចរណ៍ដ៏ទាក់ទាញជាងគេនៅ​ក្នុងឆ្នាំនេះ ក្នុងចំណោមរមណីដ្ឋានទេសចរណ៍នៅលើពិភពលោក​ដទៃទៀត។ គេហំទំព័រនេះបានជ្រើសរើសប្រាសាទមួយ នៅប្រទេសអ៊ីតាលីជាប់ចំណាត់​ថ្នាក់លេខ២ និងប្រាសាទតាច ម៉ាហាល់ក្នុងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាគោលដៅទេសចរណ៍ទាក់ទាញក្នុងពិភពលោកផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់​ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៨៥ម៉ឺននាក់ កើនឡើង​ជាង១២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការ​ចាត់ចំណាត់ថ្នាក់នេះ ជាការជួយច្រើនណាស់ក្នុងការផ្សព្វផ្សាយ ផ្នែកទីផ្សារ និង​កេរ្ត៍ឈ្មោះរបស់កម្ពុជា ពិសេសប្រាសាទអង្គរវត្ត ហេតុនេះនៅពេលគេលើកយើងឡើងដល់កំពូលបែបនេះ ទាំងប្រជាជន និងរដ្ឋាភិបាលរបស់យើង គួរតែធ្វើអ្វីឲ្យបានល្អថែមទៀត ស័ក្តិសមនឹងកេរ្ត៍ឈ្មោះ និងអ្វីដែលគេលើកតម្កើង។

លោកបន្តថា ក្រុងសៀមរាប មិនគួរឲ្យមានផ្លូវដីទៀតទេ ហើយគួរពង្រឹងអនាម័យ​បន្ថែមទៀត ដែលនេះជាការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ព្រោះអាជ្ញាធរថ្នាកើជាតិបានខិតខំហើយ សម្តេចតេជោលោកបានខិតខំហើយ ហេតុនេះអាជ្ញាធរថ្នាក់ក្រោមជាតិ គួរយកចិត្តទុកដាក់លើបញ្ហានេះបន្ថែម។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌីបានសម្តែងក្តីរីករាយ​នឹងព៌តមានដ៏ល្អនេះ ហើយលោករំពឹងតាមរយៈការបោះឆ្នោតនេះ នឹងជួយទាក់ទាញ ភ្ញៀវ​ទេសចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here