អស្ចារ្យ Prince Real Estate បង្ហាញគំរោងយក្សតម្លៃ៥០០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិនបានបង្ហាញគំរោងអភិវឌ្ឍន៍ដ៏សម្បើមជាច្រើនទៀត ដែលមានទុនវិនិយោគរហូតដល់​៥០០០លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមាន សម្រាប់អបអរខួប៣ឆ្នាំរបស់ខ្លួនដែលបានវិនិយោគនៅកម្ពុជា ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យ ក្រុមហ៊ុនអចលនទ្រព្យយក្សមកពីប្រទេសចិននេះ បាននិងកំពុងបង្ហាញគំរោងជាច្រើនទៀត រួមមានផ្សារទំនើបព្រីនស៍ ស៊ូភើ ម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹន បេ ក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ចំណែកឯគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី គម្រោងព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភី ផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល ១០ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនសរុបរហូតដល់៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើនេះ។

ក្រុមហ៊ុន Prince Real Estate Group បាននិងកំពុងវិនិយោគគំរោងជាច្រើនរួចមកហើយនៅទីក្រុងភ្នំពេញ ដូចជា Diamond Oneនៅទីក្រុងកោះពេជ្រ គំរោងPrince Plaza ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅខេត្តព្រះសីហនុ។

នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានថ្លែងថាការវិនិយោគនៅកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសកម្ពុជាចិន ដែលបានឈានដល់ការដាក់ចេញ នូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០និងគោលនយោបាយផ្លូវសូត្រ ខ្សែក្រវ៉ាត់មួយផ្លូវមួយសុទ្ឋតែជាផ្នែកដ៏សំខាន់នៃ ការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។លោកបន្តថា លោកជឿជាក់ថាទីផ្សារ​កម្ពុជាមានភាពរីកចម្រើន ហើយយើងនឹងចូលរួមអភិវឌ្ឍន៍កម្ពុជាឲ្យឈានឡើង​មូយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here