អាគារពាណិជ្ជកម្មExchange Square តម្លៃ១០០លានដុល្លារចាប់ផ្តើមសម្ភោធ

0

ដោយ គង់ សូរិយា

ភ្នំពេញអគារពាណិជ្ជកម្ម Exchange Square តម្លៃ១០០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ​និងវិនិយោគដោយក្រុមហ៊ុន HongKong Land បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨នេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Hongkong Land លោក Robert Wong បានលើកឡើងថា ក្រុមហ៊ុនលោកមានគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅតាមបណ្តាទីក្រុង ក្នុងទ្វីបអាស៊ីជាច្រើន ដែលទទួលបានភាពជោគជ័យ។ ដោយឡែកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបាននិងកំពុងក្លាយជាតំបន់ហិរញ្ញវត្ថុ និងអាជីវកម្ម ដែលកំពុងលូតលាស់យ៉ាងខ្លាំងនៅក្នុងតំបន់ និងជាទីក្រុងដ៏ធំមួយដែលក្រុមហ៊ុនបានពង្រីកវត្តមាននាពេលនេះ។

លោកបន្តថា “អគារថ្មីនេះ បានក្លាយទៅជាគម្រោងអភិវឌ្ឍន៍គំរូ នៅក្នុងទីក្រុង ហើយបានទាក់ទាញការិយាល័យ និងហាងទំនិញលក់រាយនានា ពីការចាប់ផ្តើមបើកដំណើរការសាកល្បង នាខែសីហាកន្លង ឆ្នាំមុន”។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកប៉ែន សុផលបានថ្លែងថា ការបើកដំណើរការអាគារថ្មី មានកំពស់រហូតដល់២៦ជាន់កម្ពស់១១៧.១៥ម៉ែត្រ លើក្រឡាផ្ទៃសំណង់សរុប ៥៩.៨៤១​ម៉ែត្រការ៉េ បានឆ្លុះបញ្ចាំងអំពីការវិវត្តឈានឡើងនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យឯកជនជាដៃគូ និងបានលើកកម្ពស់តួនាទីវិស័យឯកជន ក្នុងការងារអភិវឌ្ឍអចលទ្រព្យ ធ្វើឲ្យទីផ្សារអច​លនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងឆាប់រហ័ស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​បង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងមក ទុនវិនិយោគខាងវិស័យសំណង់ បានកើនដល់៦,៧៩៨លានដុល្លារអាមេរិក កើនឡើង២១,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៦ មានទុនវិនិយោគជាង៥,៥០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here