អ្នកជំនាញថា៖ ក្រុងនៃទីរួមខេត្តចំនួន៩ នឹងមានការរីកចម្រើនខ្លាំងផ្នែកអចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបាននិយាយថា ខេត្តចំនួន៩ នឹងមានការរីកចម្រើនកាន់តែខ្លាំង លើវិស័យអចលនទ្រព្យនាពេលអនាគត ខណៈបច្ចុប្បន្នបណ្តា​ខេត្តទាំងនោះ កំពុងចាប់ផ្តើមទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ឧសភានេះថា បច្ចុប្បន្នមានបណ្តាខេត្តជាច្រើន​កំពុងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ដែលមានការអភិវឌ្ឍទាំងបុរី រមណី​យដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។ ការរីកចម្រើននេះបានធ្វើឲ្យសកម្មភាពទិញ លក់ ជួនបានកើនឡើងយ៉ាងច្រើន។

អ្នកនាងបន្តថា ក្រៅពីទីក្រុងភ្នំពេញ បណ្តាខេត្តដែលមានការីកចម្រើន និងកំពុងមានសក្តានុពលខ្លាំងនាពេលអនាគត រួមមាន កំពង់ស្ពឺ ខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តកណ្តាល។ អ្នកនាងបន្តថា បណ្តាខេត្តទាំងនេះនឹងមានការរីកចម្រើនខ្លាំង ដោយសារកំនើននៃការមកដល់របស់អ្នកវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ និងធនធានធម្មជាតិ និងភូមិសាស្រ្តអំណោយ​ផលនៃខេត្តទាំងនោះ។

អគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់ថន បានយល់ស្របនឹងការលើកឡើងខាងលើ ដោយបានថ្លែងថា តំបន់ដែលមានការរីកចម្រើនវិស័យនេះ អ្នកណាក៏ទទួលស្គាល់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបដែរ ប៉ុន្តែបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តកំពត កែប កោះកុង ក៏ទទួលរងឥទ្ឋិពលពីការ​រីកចម្រើននៃខេត្តព្រះសីហនុផងដែរ ដែលធ្វើឲ្យគំរោងមួយចំនួនហៀរដល់ខេត្តជិតខាងទាំងនោះ។

លោកបន្តថា ចំណែកខេត្តកំពង់ចាម ក៏មានការរីកចម្រើនផងដែរ ប៉ុន្តែភាគច្រើនជាការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ដោយសារខេត្តនេះមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាជនច្រើនមុនពេលបំបែកជាពីរ។ ចំណែកខេត្តកំពង់ស្ពឺ កណ្តាល ក៏ជាខេត្តមានការរីកចម្រើនលឿនផងដែរ ដោយសារវាមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ និងទទួលឥទ្ឋិពលពីការរីកចម្រើននៃទីក្រុងរបស់យើង។

អ្នកនាង Grace Rachny Fong បានបន្ថែមថា “ទោះជាបណ្តាខេត្តទាំងនោះមានការរីកចម្រើន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ និងមានកេរ្ត៍ឈ្មោះ​ដែលអាចធ្វើការដោយទំ​នុកចិត្តនៅឡើយទេ”។ អ្នកនាងបន្តថា “ការទិញលក់ ជួលអច​ល​នទ្រព្យដោយគ្មានវិជ្ជាជីវៈ និងមិនធ្វើតាមក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់នឹងធ្វើ  ឲ្យមានហានិភ័យខ្ពស់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here