អ្នកជំនាញនៅតែសុទិដ្ឋិនិយម ទោះជាទុនវិនិយោគក្នុងវិស័យសំណង់ដាំក្បាលចុះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះបានដាំក្បាលចុះខ្លាំង ក្នុងរយៈពេលពីរខែ ដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន   ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មេសានេះថា បើមើលនិន្នន័យរបស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគំរោងដែលមានទឹក​ប្រាក់ត្រឹមតែ៣៦៥លានដុល្លារប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទុនវិនិយោគមានទំហំរហូតដល់១២៨០លានដុល្លារអាមេរិក។អ្នកនាងបន្តថា និន្នាការនេះមានការធ្លាក់ចុះខ្លាំង ដោយសារយើងសង្កេតឃើញថា គំរោងដែលបានប្រកាសសម្ភោធថ្មីៗបានថយចុះច្រើន។

អ្នកនាងបន្តថា “ការថយចុះនៃការវិនិយោគនេះ មិនមែនដោយសារស្ថានភាពន​​យោ​បាយទេ តែដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះការអភិវឌ្ឍន៍នៅកម្ពុជា៨០ភាគរយ  ផ្តោតលើលំនៅដ្ឋាន ហេតុនេះទីផ្សារនៅត្រូវការពេលវេលា ដើម្បីឲ្យតម្រូវការឆ្លើយតប​នឹង​ការផ្គត់ផ្គង់”។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ាចេង ខេងបានថ្លែងឲ្យដឹងផងដែរថា ក្នុងដើមឆ្នាំនេះសកម្មភាពនៃការទិញលក់ដីធ្លី និងសកម្មភាពសាងសង់នៅតែមាន​ភាពសម្ម និងរ៉ឹងមាំ មិនមានសញ្ញាហានិភ័យឬគួរឲ្យបារម្ភណាមួយកើតមាននោះទេ ហេតុនេះការថយចុះនូវការចុះបញ្ជីរទំហំទុនវិនិយោគ មិនមែនជាអ្វីដែលគួរឲ្យកត់សំគាល់នោះទេ ព្រោះគំរោងនិមួយៗពេលស្នើសុំសាងសង់ មិនមែនសាងសង់ចប់ក្នុងរយៈពេលមួយឆ្នាំនោះទេ គឺត្រូវការពេលវេលា៣ទៅ៤ឆ្នាំទើបបញ្ចប់ការសាងសង់។

លោកបន្តថា “យើងមិនមានអ្វីគួរឲ្យបារម្ភទេ ព្រោះសកម្មភាពនៃការទីញលក់ និងកំនើនវិនិយោគនៅតែបន្តកើនឡើង”។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុននីមបានថ្លែងឲ្យដឹងផងដែរថា សកម្មភាពវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានការថម​ថយល្បឿនពិតមែន ដោយសារជាឆ្នាំនៃការបោះឆ្នោត ដែលធ្វើឲ្យប្រជាជនមួយចំនួន​មានការបារម្ភ ទោះបីជាស្ថានភាពនយោបាយ មិនមានអ្វីប្រែប្រួលគួរឲ្យបារម្ភក៏ដោយ។

លោកបន្តថា “ទោះជាយ៉ាងណា ខ្ញុំមើលឃើញថាសកម្មភាពនៃការទិញលក់លំនៅដ្ឋាននៅតែមានសញ្ញាល្អប្រសើរ និងមានភាពរ៉ឹងមាំនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here