អ្នកជំនាញប្រាប់ពីវិធីសាស្រ្តទិញដី ឬផ្ទះឆាប់បានចំណេញលឿន

0

ដោយ គង់ សូរិយា

ភ្នំពេញ ការវិនិយោគលើដីធ្លី ឬផ្ទះមិនសុទ្ឋតែបានផលចំណេញទេ បើសិនជាយើង​ខ្វះមូលដ្ឋានចំណេះដឹងត្រឹមត្រូវ និងមិនដឹងពីវិធីសាស្រ្តនៃការវិនិយោគទេនោះ ហេតុនេះ អ្នកជំនាញអចលនវត្ថុកម្ពុជា បានបង្ហើបពីវិធីសាស្រ្តមួយចំនួន ដើម្បីទិញអចលនទ្រព្យឆាប់ទទួលបានផលចំណេញ។

អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៥ កក្កដានេះថា ការទិញដីឬផ្ទះមិនសុទ្ឋតែទទួល​បានផលចំណេញទេ ព្រោះផ្ទះឬដីខ្លះទិញហើយមិនត្រឹមលក់មិនចេញទេ តែអាចនាំឲ្យខាតបង់ប្រាក់ និងពេលវេលាទៀតផង។ ហេតុនេះការទិញដី ឬផ្ទះដើម្បីបានចំណេញច្រើន និងលឿន គួរទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅពេលទទួលបានព៌តមានមុនគេ ទិញមុនគេ នឹងទទួលបានផលចំណេញច្រើន។

លោកស្រីបានបន្តថា “អ្នកទិញដីឬផ្ទះក៏ត្រូវគិតពីហុងស៊ុយផងដែរ  ព្រោះក្បួនហុងស៊ុយមានសារៈសំខាន់ណាស់ ទាក់ទងនឹងទ្រព្យធន់ ព្រោះទ្រព្យខ្លះមិនត្រឹមតែមិនធ្វើឲ្យ​យើងចម្រុងចម្រើនទេ តែក៏ធ្វើឲ្យយើងមានបញ្ហាក្នុងជីវិតផងដែរ”។លោកស្រីបន្តថា “ការ​ទិញដីនៅជាយក្រុង ដែលមានចម្ងាយ២០ទៅ៣០គីឡូម៉ែត្រពីទីក្រុង និងជាតំបន់អភិវឌ្ឍ​ន៍ មានមនុស្សច្រើនរស់នៅ ក៏យើងទទួលបានផលចំណេញខ្ពស់ផងដែរ”។

អ្វីដែលត្រូវចងចាំគឺគួរទិញដី ដែលស្ថិតនៅជាប់ផ្លូវ ផ្ទះដែលបែរមុខទៅរកហុងស៊ុយល្អប្រសើរ តែយើងមិនអាចកំណត់ថា ទិសណាល្អទាំងអស់ទេ វាអាស្រ័យលើហុងស៊ុយ​របស់មនុស្សម្នាក់ៗ ដែលមានជោគជតាខុសៗគ្នាផងដែរ។លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។

លោកស្រីបន្តថា ដើម្បីទទួលបានព៌តមានល្អ និងដឹងពីមូលដ្ឋានអចលនវត្ថុ ទិសនៃក្បួនហុងស៊ុយល្អប្រសើរ លោកស្រីតែងតែផ្តល់ការពិគ្រោះយោបល់ពីបញ្ហានេះ ហេតុនេះ អ្នកវិនិយោគគួរសិក្សា ឬពិភាក្សាជាមួយអ្នកជំនាញអចលនវត្ថុជាមុន មុនសម្រេចចិត្តវិនិយោគជាការល្អប្រសើរ ដើម្បីបញ្ចៀសហានិភ័យ និងទទួលបានផលចំណេញលឿនពីការ​វិនិយោគរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here