អ្នកជំនាញហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃផ្សារទំនើប

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃឧស្សា​ហកម្ម”ផ្សារទំនើប”ដោយសារនៅឆ្នាំនេះ ផ្សារទំនើបតូចធំប្រមាណ១៣នឹងបើកដំនើរការ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIAបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារបែបសហគមន៍ និងផ្សារទំនើបស្តង់ដាអន្តរជាតិចំនួន១២ នឹងបើកដំណើរការនៅទីក្រុងភ្នំពេញភាគច្រើន ដែលធ្វើឲ្យចំនួនផ្សារកាន់តែច្រើនមាននៅទីក្រុងនេះ និងធ្វើឲ្យស្ថានភាពប្រកួតប្រជែងមានការកើនឡើង ប៉ុន្តែចំនួនផ្សារដែលបើកដំនើរការពីមុនមក និងបើកបន្ថែមនៅឆ្នាំនេះ មិនទាន់លើសតម្រូវការនោះទេ ផ្ទុយទៅវិញបើផ្សារទំនើបថ្មីៗផ្គត់ផ្គង់ច្រើនបែបនេះ នឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវ​ការ។

អ្នកនាងបន្តថា “ផ្សារបែបសហគមន៍ និងផ្សារទំនើបធំៗមួយចំនួនដែលបើកនៅឆ្នាំនេះ វាមិនលើសតម្រូវការទេ ដោយអ្នកវិនិយោគបានជ្រើសរើសទីតាំង និងចាប់យកចំណែកអតិថិជនខុសៗគ្នា”។ អ្នកនាងបន្ថែមថា “អំណាចទិញនៅកម្ពុជាកំពុងមានការកើនឡើង ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺផ្សារបែបសហគមន៍ដែលលក់ចំណីអាហារ និងភេសជ្ជៈជាផ្សារឬជាមុខទំនិញដែលមានតម្រូវការច្រើនជាងគេ”។

ផ្សារទំនើបអន្តរជាតិដែលគ្រោងបើកដំនើរការនៅឆ្នាំនេះ មានដូចជា ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON MALL2 , THe BRIDGE Commercial, The Prince Central Plaza, Phnom Penh Mega Mall និងផ្សារបែបសហគមន៍ជាច្រើនទៀតដូចជា​ផ្សារបែបសហគមន៍ THE PARK, THE COMMUNE, WB ARENA, HERITAGE WALK ក្នុង​ខេត្តសៀមរាបជាដើម។

នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោកប៉ែន សុខគាបានថ្លែងថា កំនើននៃផ្សារទំនើបនៅកម្ពុជា ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហើយជំរុញឲ្យកំលាំងទិញមានការ​កើនឡើង កំនើនប្រជាសាស្រ្តនៅក្នុងទីក្រុង ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបជាដើម។

លោកបន្តថា “កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាភាពទាក់ទាញមួយរបស់កម្ពុជា ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here