អ្នកជំនាញ! ធ្វើជាភ្នាក់ងារអចលនទ្រព្យគួររក្សាគុណតម្លៃ៦យ៉ាង

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពនេះកំពុងទទួលបាន​ជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួ​លបានជោគជ័យ។ អ្នកដើរតួនាទីជាភ្នាក់ងារអចលនទ្រព្យ ត្រូវមានគុណសម្បត្តិចំនួន៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះ​ត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការ​ដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចល​ន​ទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះ​ត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។អ្នក​នាងបន្តថា “ក្រៅពីចំណុ​ចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចបង្វឹកបាន ប៉ុន្តែសុច្ចរឹតភាព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។

ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយ​ពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ​ងអាជីពនេះ។ អ្នកនាង Grace Rachny Fong បញ្ជាក់ឲ្យដឹង។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។

អ្នកនាង Grace Rachny Fong បានទទូចថា “ប្រសិនជាចង់ចាប់អាជីពនេះឲ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជា​ជាងគិតបែបឆក់កណ្តៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here