អ្នកនាង Grace Rachny ពីក្មេងស្រីទូលនំលក់ ក្លាយជាអ្នកដឹកនាំឆ្នើមក្នុងវិស័យអចលនទ្រព្យ

0

ដោយ គង់ សូរិយា

       ភ្នំពេញ មនុស្សម្នាក់ៗពើបនឹងវាសនាខុសៗគ្នា ប៉ុន្តែការតស៊ូ និងមិនបោះ​បង់បានធ្វើឲ្យអ្នកនាង Grace Rachny Fong ដែលធ្លាប់ទូលនំលក់ និងញុំាបាយជាមួយអំបិលក្នុងវិស័យកុមារភាព បានក្លាយជាអ្នកដឹកនាំនិងជាគ្រូបង្វឹកឆ្នើមក្នុងវិស័យអចលនទ្រព្យ។

ចាប់កំណើតនៅភូមិ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ក្មេងស្រីរូបនេះបានចូលសិក្សានៅសាលាឋបសិក្សាព្រៃជ្រូក និងបន្តមកកាន់អនុវិទ្យាល័យបឹងកេងកង១ មុនបន្តទៅសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ហើយបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រង ដោយសិក្សាជំនាញធនាគារនិងហិរញ្ញវត្ថុ។

ជាកុមារកំព្រា ព្រោះឪពុកម្តាយតាំងពីកុមារភាព បានធ្វើឲ្យក្មេងស្រីឆ្លាតវៃរូបនេះមិនសូវហ៊ាននិយាយ ព្រោះខ្លាចនិ​យា​​យខុស ប៉ុន្តែឆ្លងកាត់ការលើកទឹកចិត្តជាច្រើន បានធ្វើឲ្យអ្នកនាង Grace Rachny មានភាពក្លាហាននិងអាចនិយា​យបានយ៉ាងល្អ និងប្រកបដោយទំនុកចិត្ត ក្នុងនាមជាគ្រួបង្វឹកផ្នែកអចលនទ្រព្យម្នាក់នាពេលបច្ចុប្បន្ននេះ។

ផ្តើមជីវិតជាមួយភាពជូរចត់

ក្នុងចំណោមបងប្អូន៤នាក់ វាសនាបានបន្សល់តែអ្នកនាងម្នាក់ប៉ុណ្ណោះដែ​លបានរស់រានបន្ទាប់ពីរបបប៉ុល ពត ហើយបានចាកចេញពីស្រុកកំណើតមកកាន់ក្រុងភ្នំពេញ ជាមួយឪពុកមាក្នុងកំឡុងដើមទសវត្សរ៍ទី៩០ និងបន្តសិក្សានៅទីក្រុង ដែលទើបបើកចំហសេដ្ឋកិច្ចនាពេលនោះ។

ក្នុងរបបប៉ុល ពតក្មេងស្រីរូបនេះរៀនរស់តាមកាលៈទេសៈ ដោយពេលខ្លះមិនមានអ្វីបរិភោគបាយ ក្រៅពីអំបិលឡើយ។

ជាមួយនឹងទឹកដីថ្មីនាក្រុងភ្នំពេញ អ្នកនាង Grace Rachny បានធំដឹងក្តីនៅទីក្រុងថ្មីនេះ។ ក្នុងភាពជាយុវវ័យ ឆាកជីវិតតរុណីរូបនេះ ក៏នៅតែហត់នឿយ ដោយរៀន​ផង ធ្វើការផ្ទះគ្រប់បែបយ៉ាងនៅផ្ទះរបស់លោកពូផង គឺពេលវេលារៀនសូត្រមានតិចតួចណាស់ ប៉ុន្តែការលំបាកទាំងឡាយ មិនបានធ្វើឲ្យកញ្ញាបោះបង់ការតស៊ូនោះឡើយ។

អ្នកនាង Grace Rachny Fong បាននិយាយក្នុងភាពជឿជាក់ថា “ឆ្លងកាត់លំ​បាកទាំងអស់នោះ បានធ្វើឲ្យខ្ញុំរឹងមាំ និងអាចដោះស្រាយបានគ្រប់បញ្ហាកើតឡើង ទោះបញ្ហានោះលំបាកបែបណាក្តី គឺខ្ញុំតែងអាចរកមធ្យោបាយដោះស្រាយ​បានជានិច្ច”។

ការងារថ្មីចាប់ផ្តើមចេញពីភាពស្ងៀមស្ងាត់

ពេលវេលារំកិលទៅមុខ ការវិវត្តនៃចំណេះដឹង គួបផ្សំនឹងបទពិសោធន៍ជីវិត

បានធ្វើឲ្យអ្នកនាងចាប់ផ្តើមឆាកជីវិត និងអាជីពថ្មីស្រឡាងមួយ គឺនៅពេលបញ្ចប់​ការសិក្សាមហាវិទ្យាល័យនៅឆ្នាំ២០០២ ដោយបានចាប់ផ្តើមធ្វើការជាបុគ្គលិកផ្នែ​កលក់នៅក្រុមហ៊ុនសឹង្ហបុរី ជាក្រុមហ៊ុនដែលបាននាំចូលសម្ភារៈអគ្គិសនីទំនើបមួយនៅទីក្រុងភ្នំពេញ ដោយទទួលបានប្រាក់ខែដំបូងចំនួន៤០ដុល្លារក្នុងមួយខែ។

ទីតាំងការងារថ្មីនេះ ក៏ជាកន្លែងដែលអ្នកនាងGrace Rachnyបានចាកចេញពីនារីស្ងៀមស្ងាត់ មកជានារីម្នាក់មានភាពរួសរាយរាក់ទាក់ មានជំ​នឿចិត្តដោយខ្លួនឯង។ អ្នកនាងបន្តថា “អ្នកផ្លាស់ប្តូរខ្ញុំធំជាងគេក្នុងជីវិតគឺ​មនុស្សពីរនាក់ គឺលោកPhilip Fong(ស្វាមី) និងលោកKen Cheeជាជនជាតិសឹង្ហ​បុរី ដែលពួកគាត់ជាអ្នកលើកទឹកចិត្តខ្ញុំឲ្យនិយាយជាសាធារណៈលើកតំបូង”។

ការងារពិតជាបង្រៀនមនុស្ស និងផ្តល់បទពិសោធន៍ការងារច្រើន ហើយកន្លែងការងារក៏អាចរាប់ថាជាមហាវិទ្យាល័យមួយ ដែលអ្នកនាងGrace Rachny Fongបាននិយាយថា “ខ្ញុំចូលចិត្ត អាជីពលក់ ព្រោះវាជាអាជីពដ៏ល្អ ដោយសារយើងមានឳកាសជួបជាមួយមនុស្ស​គ្រប់ឋានៈសង្គម ពិសេសអ្នកអភិជននានា ហេតុនេះ យើងដឹងថាគួររៀបចំអាកប្បកិរិ​យាបែបណា ដើម្បីអាចទាក់ទងនឹងមនុស្សគ្រប់ប្រភេទ និងអាចចូលចុះគ្រប់ស្រ​ទាប់មនុស្ស”។អ្នកនាងបន្តថា “ខ្ញុំគិតថា គ្មានអាជីពណាល្អជាងផ្នែកលក់នោះទេ ព្រោះវាជាអាជីពដែលបង្រៀនយើង ទាក់ទងនឹងការចារ ការលក់ផលិតផល និងរបៀបទំនាក់ទំនងអតិថិជន”។

កន្លែងធ្វើការផ្តើមជីវិតគូ

កន្លែងធ្វើការតំបូងរបស់អ្នកនាងGrace Rachny Fongមិនត្រឹមតែផ្តល់នូវ​បទពិសោធន៍ការងារ និងមានឳកាសទំនាក់ទំនងជាមួយក្រុមអភិជននោះទេ ប៉ុន្តែ​កន្លែងនោះក៏ជាកន្លែង ដែលអ្នកនាងបានជួបគូស្នេហ៍លោកPhillip Fongជន​ជាតិសឹង្ហបុរី ដែលជាមេរបស់ខ្លួន។ ទំនាក់ទំនងក្នុងភាពយុវវ័យនេះបានបន្តរហូត ដល់អ្នកទាំងពីរ បានរៀបការជាមួយគ្នានៅឆ្នាំ២០០៣ ដោយបច្ចុប្បន្នទទួលបានបុត្រីពីរជាចំណងដៃ។

ជាមួយនឹងពេលវេលាផ្អែមល្ហែម ក្នុងឆាកជីវិតគូ ក៏ជាពេលដែលស្វាមីនិងអ្នកនាងGrace Rachny Fongបានចាប់ផ្តើមបើកក្រុមហ៊ុនថ្មី ដោយយកទំនុកចិត្តជាដើមទុន ព្រោះកេរ្ត៍ឈ្មោះលោកប្តីរបស់ខ្លួនទៅនិយាយជា​មួយអតិថិជន និងអ្នកផ្គត់ផ្គង់។ ទីបំផុត ក្រុមហ៊ុននោះក៏ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

ចំណូលចិត្តជាអ្នករៀនសូត្រ និងចង់ចេះចង់ដឹងមិនចេះចប់ នាពេលបន្ទា​ប់មកអ្នក​នាងGrace បានផ្លាស់ប្តូរការងារជាមួយស្វាមី ទៅធ្វើការនៅអង្គការអន្តរជាតិ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗក្នុងសង្គមការងារ ក៏ដូចជា ការធ្វើជំនួញ។

នៅឆ្នាំ២០០៧ អ្នកនាងនិងស្វាមីបានចាប់ផ្តើមក្រុមហ៊ុនថ្មីមួយ គឺJM Asiaដោយសហការជាមួយអ្នកវិនិយោគសឹង្ហបុរី ដើម្បីចាប់ផ្តើមក្រុមហ៊ុននេះ ជាក្រុម​ហ៊ុនផ្តល់ការប្រឹក្សា និងបណ្តុះបណ្តាលអាជីពជាសហគ្រិននៅកម្ពុជា ជាការងារ​មួយដែលលោក Phillip Fongបានចាប់អារម្មណ៍ និងចង់ជួយប្រទេសកម្ពុជា បន្ទា​ប់​ពីលោកមើលឃើញថា ប្រទេសសឹង្ហបុរីមានការរីកចម្រើនលឿន ដោយចាប់ផ្តើមចេញពីចំ​ណុចនេះ។

ក្រុមហ៊ុនJM Aisa ក៏មានបុត្រសម្ព័ន្ឋរបស់ខ្លួនមួយទៀត គឺJM Investment ដែលផ្តល់សេវាកម្ម ជាភ្នាក់ងារផ្តល់សេវាជួលការិយាល័យ ជួលផ្ទះ និងទិញលក់អចល​នទ្រព្យបណ្តើរៗ និងក៏ជាក្រុមហ៊ុនដែលដើរតួនាទីជាអន្តរការី ដើម្បីផ្តល់ឳកាសឲ្យក្រុមហ៊ុនក្នុងស្រុក និងបរទេសអាចចាប់ដៃគ្នាវិនិយោគរួមគ្នានៅកម្ពុជា​ផងដែរ។​

អ្នកសិក្សាមិនចេះចប់

       ទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ ក៏អ្នកនាងGrace Rachny Fongមិនដែលបោះបង់ឳកាសសិក្សាខ្លួនឯងឡើយ ដោយអ្នកនាងបានសិក្សាវគ្គ​ជំនាញខ្លីៗជាច្រើននៅសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ថៃ និងសឹង្ហបុរីជាដើម។ ជាមួ​យនឹងការពង្រឹងសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់នេះហើយ ទើបទីបំផុតអ្នកនាងបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីសហរដ្ឋអាមេរិក ក្នុងនាមជាគ្រូបង្វឹកលំដា​ប់អន្តរជាតិ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញអច​លនទ្រព្យលំដាប់អន្តរជាតិស្រ្តីជាលើកតំបូងនៅកម្ពុជា។

បច្ចុប្បន្ននៅកម្ពុជាមានតែអ្នកនាងGrace Rachny និងលោកវ៉ា វីរៈប៉ុណ្ណោះ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិនៅកម្ពុជា ដែលមានការទទួលស្គាល់ទូទាំងពិភពលោក។

អ្នកនាងGrace Rachnyបានថ្លែងថា “ពេលខ្លះខ្ញុំចំណាយប្រាក់ពី៥០០០ទៅ១០,០០០ដុល្លារអាមេរិក ដើម្បីសិក្សាវគ្គខ្លីៗនៅបរទេស ដោយសារចង់ពង្រឹងសមត្ថភាព និងបទពិសោធន៍របស់ខ្ញុំ”។

ចាប់ផ្តើមប្រឡូកការងារអចលនទ្រព្យពេញទំហឹង

       ការសិក្សា តាមរយៈការអានសៀវភៅ សិក្សាពីមនុស្សជំវិញខ្លួន ព្រមទាំងភាពជូចត់​ក្នុងជីវិតនាអតីតកាល មិនត្រឹមតែអាចឲ្យGrace Rachnyអាចក្រោកឈរដោយរ៉ឹងមាំដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឲ្យស្រ្តីរូបនេះមានឳកាសចែករំលែកចំនេះ​ដឹង បទពិសោធន៍ដល់អ្នកដទៃទៀតបានយ៉ាងច្រើន និងប្រកដដោយទំនុកចិត្តខ្ពស់។

ក្នុងឆ្នាំ២០១៤ អ្នកនាងGrace Rachny Fongបានចូលប្រឡូកក្នុងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia ក្នុងតួនាទីជានាយិកាប្រតិបត្តិនៃក្រុមហ៊ុននេះ ដែលដើរតួនាទីជាគ្រូបង្វឹក ជាអ្នកលក់Franchise ផ្តល់សេវាកម្មទិញលក់ ជួល និងចាត់ការទូទៅក្នុងក្រុមហ៊ុននេះ។

ភាពពេញចិត្ត

មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា និងមានតម្រូវការខុសៗគ្នា ប៉ុន្តែអ្នកនាងGrace Rachnyមានភាពពេញចិត្តស្រដៀង និងដោយឡែកពីគេផងដែរ ដោយអ្នកនាងបានថ្លែងថា “ឆ្លងកាត់បទពិសោធន៍ជីវិត ការងារ ការសិក្សា និងការលំបាកទាំងឡាយ រហូតមកទល់ពេលនេះ អ្វីសំខាន់និងពេញចិត្តបំផុតក្នុងជីវិតគឺក្រុមគ្រួសារ និងសុខភាព”។

អ្នកនាងបានបញ្ជាក់ថា “ទ្រព្យសម្បត្តិយើងអាចរកបាន និងជារបស់ក្រៅខ្លួន ហេតុនេះអ្វីសំខាន់គឺគ្រួសារ ព្រោះបើគ្រួសារគ្មានសុភមង្គល គ្មានភាពជោគ ជ័យនោះទេ”។អ្នកនាងបន្ថែមថា “និយមន័យនៃភាពជោគជ័យ និងសុភមង្គល របស់ខ្ញុំ គឺគ្រួសារកក់ក្តៅ និងសុខភាពល្អ”។

អនុសាសន៍

       មនុស្សម្នាក់ៗមានភាពជោគជ័យបានមកដោយខុសៗគ្នា និងមានវិធីសា​ស្រ្តខុសៗគ្នា ដើម្បីឈានពីដំណាក់កាលមួយទៅដំនណាក់កាលមួយ មុនសម្រេ​ចបាននូវជោគជ័យក្នុងជីវិត។

អ្នកនាងGrace Rachnyបានផ្តល់នូវគំនិត និងទស្សនរបស់ខ្លួនថា ដើម្បីសម្រេចបានជោគជ័យ យើងត្រូវរៀនសូត្រកុំឈប់ និងមិនត្រូវហត់នឿយនឹងការ​សិក្សានោះទេ ធ្វើបែបនេះទើបយើងអាចអភិវឌ្ឍន៍ខ្លួនឯងបាន។ អ្នកនាងបន្តថា ក្រៅពីការបណ្តុះបណ្តាល ដោយផ្ទាល់នៅលក្រៅប្រទេស ខ្ញុំចូលចិត្តអានសៀវ​ភៅប្រភេទសៀវភៅលើកទឹកចិត្ត  អានកាសែត មើលទូរទស្សន៍ រៀនពីមនុស្សជំវិញខ្លួន។

អ្នកនាងបន្តថា “ស្រ្តីទាំងឡាយចូលប្រឡូកក្នុងសង្គម សិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយយកគុណតម្លៃរបស់ខ្លួនជួយដល់សង្គមវិញ”។

ជនជាគំរូ

       មនុស្សជោគជ័យតែងតែមានជនគំរូ ជានិម្មិតរូបរបស់ខ្លួន និងព្យាយាមយក​មនុស្សទាំងនោះជាការលើកទឹកចិត្តខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ត ហើយផ្តល់គុណតម្លៃរបស់ខ្លួនដល់សង្គមវិញ។

អ្នកនាងGrace Rachny Fong បានយកគំរូមហាសេដ្ឋីនីជាច្រើននៅលើពិភពលោក ដើម្បីរៀបចំថ្នាលជីវិតរបស់ខ្លួន ឲ្យមានពន្លឺកាន់តែត្រចះត្រចង់ឡើង និងយកគំរូស្រ្តីកម្ពុជាពីររូបជាIdolរបស់ខ្លួន។

ស្រ្តីខ្មែរដ៏រ៉ឹងមាំម្នាក់ គឺលោកស្រីសូតូ គូលីកាជាអ្នផលិតខ្សែភាពយន្តរឿង “ដុំហ្វីលចុងក្រោយ”។ ស្រ្តីរូបនោះមានស្វាមីជាជនជាតិអាមេរិក ហើយភាពយន្ត​របស់លោកស្រីបានទទួលពានរង្វាន់អន្តរជាតិជាច្រើន។

លោកស្រីតូតូ គូលីកាក៏ជាស្រ្តីបានឆ្លងកាត់នូវការលំបាក និងតស៊ូក្នុងឆាកជីវិតជាច្រើន ទំរាំមានភាពជោគជ័យមកដល់សព្វថ្ងៃនេះ មិនខុសពីអ្នកនាងGrace Rachny Fongបានឆ្លងកាត់ឆាកជីវិតដ៏ជូរចត់ ជាអ្នកមិនសូវនិយាយស្តី មកជាស្រ្តីដែលមានចរិករួសរាយរាក់ទាក់ រហូតក្លាយជាគ្រូបង្វឹកឆ្នើម និងមានជំនឿចិត្តលើខ្លួនឯង ​ទំរាំទទួលបាន​ជោគជ័យមកទល់សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here