ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគមកពីប្រទេសចំនួនបី បានសហការគ្នាបើកដំនើរការធនាគារថ្មីមួយ BIC Cambodia Bank PLC ដែលមានការិយាល័យកណ្តាលនៅកម្ពុជា ជាការឆ្លុះ បញ្ចាំងពីការរីកចម្រើនវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
វិនិយោគិន៣ប្រទេសដែលរួមគ្នាបើកធនាគារថ្មីនេះ រួមមាន កម្ពុជា ថៃ និងទ្បាវ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកបណ្ឌិត សាធីប លីមភុងផាន ទេសាភិបាលធនាគារ B.I.C Cambodia Bank PLC បានមានប្រសាសន៏ ក្នុងពិធីបើកសម្ភោធធនាគារថ្មីនេះនាព្រឹកថ្ងៃទី៨ សីហាកន្លងមកថា ធនាគារBIC បំរើសេវាកម្មគ្រប់ប្រភេទ រួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។ ធនាគារ BIC មិនត្រឹមតែគិតគូពីការវិវត្តន៏ និងអភិវឌ្ឍន៏របស់ខ្លូនប៉ុណ្ណោះទេ ប៉ុន្តែតែងគិតគូពីផលប្រយោជន៏របស់អតិថិជនផងដែរ។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានដើរតួនាទីដ៏សំខាន់ ក្នុងពង្រឹងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏សូមស្វាគមន៏ ចំពោះវត្តមានរបស់ធនាគារBICនៅកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនុកចិត្ត របស់វិនិយោគិនបរទេសចំពោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឈន៍វិស័យកសិកម្មជនបទបានថ្លែងថា នៅក្នុងបរិការណ៍នៃវិបត្តិហិរញ្ញវត្ថុ លោកយឹម ឆៃលីបានមានប្រសាសន៍ថា ធនាគារពាណិជ្ជ ប៊ី អាយ ស៊ី នឹងក្លាយទៅជាធនាគារមួយដែលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីរួមចំណែកធ្វើឲ្យចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានកំណត់ថា នឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
លោកបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងដំណើរការប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធធនាគារ ដើម្បីរួមចំណែកទាក់ទាញការវិនិយោគគ្រប់វិស័យក្នុងការអភិវឌ្ឍប្រទេស ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីតែងបញ្ជាក់ថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕