អ្នកវិនិយោគ​៖ ទីផ្សារពោតចាប់ផ្តើមបង្ហាញសក្តានុពលកាន់តែខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញអស់ព្រួយបារម្ភទៀតហើយ ចំពោះទីផ្សារពោតរបស់ប្រជាកសិករក្នុងភូមិបឹងលើ ឃុំខ្ពប់ ស្រុកលើកដែក ខេត្តកណ្តាល ព្រោះថា ទីផ្សារមួយនេះ កំពុងតែមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ដែលធ្វើអោយជីវភាពរបស់ពលរដ្ឋក្នុងស្រុក មួយនេះកាន់តែប្រសើរ។

ក្រុមប្រជាកសិករនៅមូលដ្ឋានខាងលើ បានរីកមុខរីកមាត់ ដោយសារតែមានការបង្ហាត់បង្រៀន តាមលក្ខណៈបច្ចេកទេស និងផ្តល់គ្រាំពូជពីក្រុមហ៊ុនអាហ្រ្គោថេក វីតា (Agrotech Vita) ដែលមានជំនាញត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវា ប្រមូលផលពូជពោតបង្កាត់ថ្មី P4554 និង P4472 របស់ផៃអូនៀនៅក្នុងភូមិបឹងលើ ឃុំខ្ពប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីចុងសប្តាហ៍មុន លោកឧញ៉ា ស៊ន សុខណា អគ្គនាយកក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita)  បានថ្លែងថា សម្រាប់ទីផ្សារពោតនាពេលបច្ចុប្បន្ន គឺអាចនិយាយថាមានច្រើនណាស់ សម្រាប់ប្រជាកសិករ ដោយពេលខ្លះក្រុមហ៊ុនបញ្ជាទិញស្ទើរតែមិនទាន់ ព្រោះកសិករបានលក់ផលិផលអស់ ដោយមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុក។ មិនតែប៉ុណ្ណោះ សម្រាប់តម្លៃទីផ្សារវិញ មានលក្ខណៈសមរម្យគឺ ក្នុង១គីឡូ មានតម្លៃ៨៥០ សម្រាប់ពោតសើម និង១០០០ ទៅ១១០០រៀលសម្រាប់ពោតស្ងួត។

លោកឧញ៉ាបន្តថា “ពេលបច្ចុប្បន្ននេះ ការផលិតរបស់ប្រជាកសករនៅមានកម្រិតមិនឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ ដែលទាមទារអោយប្រជាកសិករខ្មែរបង្កើនការផលិតអោយបានច្រើនបន្ថែម ដើម្បីនាំចេញទៅលក់ក្រៅស្រុក ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ដោយក្នុងនោះក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita)មានតួនាទីជួយបង្ហាត់បង្រៀនការដំាដុះ ជ្រើសរើសពូជ ស្របតាមបច្ចេកទេសចាប់តាំងពីការរៀបចំដី ការភ្ជួររាល់ដី អំឡុងពេលដំា ការប្រើប្រាស់ជី និងការប្រើប្រាស់ ថ្នាំកសិកម្ម ដើម្បីការពារមុន”។ លោកបន្តថា“គ្រប់ជំហ៊ាននីមួយៗ សុទ្ធតែមានសារៈសំខាន់នៃការលូតលាស់របស់ពោត ដើម្បីអោយប្រជាកសករទទួលបានទិន្នផលខ្ពស់”។

លោកឧញ៉ាស៊ន សុខណាបានបន្តថា ការធ្វើដូច្នេះគឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពប្រជាកសិករ តាមគោលនយោបាយលរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើលក៏ចាត់ទុកវិស័យកសិកម្ម ជាវិស័យអទិភាព ដោយបានកំណត់យ៉ាងច្បាស់ថា វិស័យកសិកម្មនៅតែមានតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការភិវឌ្ឍជនបទ។

ប្រជាកសិករមូលដ្ឋានបានលើកឡើងដែរថា បច្ចុប្បន្ននេះ ទីផ្សារពោតរបស់ពួកគេមានទីផ្សារល្អប្រសើរជាងមុន ដោយសារតែមានការបង្ហាត់បង្រៀនបច្ចេកទេស ផ្តល់គ្រាំពូជពីក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita) របស់លោកឧញ៉ា ស៊ន សុខណា បានធ្វើឲ្យពួគេមានមានជីវភាពធូធាជាងមុន និងមិនការព្រួយបរម្ភពីការលក់ចេញនោះទេ។

អ្នកស្រី  អ៊ុន ពៅប្រជាកសិករដាំពោតនៅមូលដ្ឋានខាងលើបានបញ្ជាក់ថា កាលពីមុនពុំមានទីផ្សារសមរម្យ បានធ្វើអោយប្រជាកសិករក្នុងស្រុកលើកដែកនេះ អត់ចង់ដាំនោះទេ តែនៅពេលមានទីផ្សារ និងមានការបង្រៀនពីអ្នកមានបច្ចេកទេស និងផ្តល់គ្រាប់ពូជប្រជាពលរដ្ឋបាននិងកំពុងបង្កើនការដាំឡើងវិញ។

រីឯលោក ហ៊ ផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានថ្លែងអោយដឹងដែរថា អជ្ញាធរបានជម្រុញអោយប្រជាកសិករ ដាំដំណាំគ្រប់ប្រភេទមិនថា ដំណាំពោតនោះទេ តែចាប់តាំងពីប្រជាពលរដ្ឋ បង្កើនការដាំដុះពោតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាលលើទំហំដីប្រមាណ២៧១៨ហិកតាមក បានធ្វើឲ្យពួកគាត់ទទួលបានផលចំណេញ១ ហិកតាបាន៥០០ដុល្លារ ។លោកបន្តថា ការណ៍នេះបានធ្វើឲ្យកសិករ មានជីវភាពធូរធារ ទាំងក្រុមហ៊ុនក៏ទទួលបានផលចំណេញផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺប្រែក្លាយកសិកម្មកម្ពុជាពីកសិកម្មតាមបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មីដែល  ផ្តោតទៅលើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីព្រមទាំងការបង្កើនសមត្ថភាព ដើម្បីលើកកម្ពស់ផលិតភាពទៅលើដំណាំច្រើនមុខ រួមទាំងការចិញ្ចឹមសត្វ និងការគិតគូផងដែរ ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធិភាព ព្រមទាំងធានាជីវភាព បរិស្ថាន និងធនធានធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here