ដំណឹងល្អៈស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលចោមចៅនឹងត្រូវសាងសង់នៅពេលឆាប់ៗ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រហែលជាមិនសូវតឹងទ្រូងដោយសារការកកស្ទះចរាចរណ៍​ទៀត​នោះទេ​នៅពេលស្ពានអាកាសក្បាលថ្នល់ និងស្ពាននៅរង្វង់មូលចោមចៅនឹងសាងសង់បញ្ចប់ ​ខណៈការ​បើកការដ្ឋានសាងសង់​នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីចាប់ផ្តើមការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរនេះ កាលពីថ្ងៃ​ទី២៥ មេសាកន្លង​មក​នេះ ​អភិបាលរាជធានីភ្នំពេញ លោក​ឃួង ស្រេងបានជំរុញឱ្យ​មន្ត្រីពាក់​ព័ន្ធធ្វើការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់​ទាំង​២នេះ ឱ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ដើម្បី​បើកការដ្ឋាន​សាង​សង់ស្ពាន​អាកាសនា​​ពេលដ៏ខ្លីខាងមុននេះ។​អភិបាលរាជធានី​ភ្នំពេញ ក៏បានជំរុញឱ្យមានការដោះស្រាយ​ផលប៉ះពាល់​នៅតំបន់ទាំងពីរនេះ ឱ្យបានច្បាស់លាស់ ដើម្បី​អាច​ធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ​នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោម​ចៅនៅនា​ពេលដ៏ខ្លីខាង​មុខនេះ។

គម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី​នៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយ​ពេលប្រមាណ​២០ខែ ។ តំបន់​រង្វង់​មូល​ចោម​ចៅ និងតំបន់ខាងមុខអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ច​រាចរណ៍​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅនេះបានស្ថាបនារួច។នេះបើតាមមន្រ្តី​ជំនាញ​សាលារាជធានីភ្នំពេញ។

ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ដោយវាវាស្ថិតនៅចំ​ចំណុចប្រសព្វផ្លូវធំៗ ដូចចាមហាវិថីសហព័ន្ឋរុស្ស៊ី ផ្លូវវេងស្រេង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជា​តំបន់​​មមាញឹក​បំផុតនាពេលបច្ចុប្បន្ននេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ថវិកាប្រើប្រាស់សម្រាប់ការ​សាងសង់​​ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់​សាលារាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន​កំណាត់​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ចាប់​ពី​​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​ពង្រីក​បន្ថែម​ទទឹង​ឲ្យ​ធំ​ទូលាយ អាចឲ្យ​​រថយន្ត​ធ្វើ​ចរាចរណ៍​៣​គន្លង​ចូល​ក្នុង​ក្រុង និង​៤​គន្លង​ចេញ​ក្រៅ​ក្រុង ដោយមាន​សួនច្បារនៅចំ​កណ្តាល និងមាន​ដាក់​ប្រព័ន្ធ​លូ​២​ខ្សែ គឺ​១​ខ្សែ​នៅ​ចំ​កណ្តាល​សួន​ទំហំ​៨​តឹក និង​១​ខ្សែ​ទៀត​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​មាន​ទំហំ​១,៥​ម៉ែត្រ បាន​ស្ថាបនា​រួច​ហើយកាលពីពេលថ្មីៗនេះ៕

- Advertisement -
ចែករំលែក