អាស៊ានដាក់ចេញនូវវិធានការណ៍៥ដើម្បីជំរុញភាពប្រសើរឡើងនៃទេសចរណ៍ក្នុងតំបន់

0

ដោយ : វុត្ថា
ភ្នំពេញ : បណ្តាប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញនូវប្រធានបទចំនួន៥ដើម្បីឆ្ពោះទៅការសម្រេចរួមគ្នា ក្នុងការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេ​សចរណ៍អាស៊ាន។


ស្របពេលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានរយៈពេលពីរថ្ងៃដោយ​ចាប់ផ្តើមកាលពីថ្ងៃទី២០ ដល់២១ មិថុនានេះ អង្គសន្និសីទបានយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់ រួមមាន ទី១ បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក ទី២ ការងារ និងកំណើនសេដ្ឋកិច្ច ៖ តើវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងដូចម្តេចក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយនិរន្តរភាព។
ទី៣ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត។ ទី៤ ការទទួលស្គាល់គុណវុឌ្ឍិអាស៊ានជា គោលដៅអនាគត នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងទី៥ កិច្ចពិភាក្សាអំពី ASEAN MRA-TP វិថីឆ្ពោះទៅកាន់ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឈមណ្ឌលអាស៊ាន-ចិន, មជ្ឈមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ៧០០នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ក្នុងពិធីបើកសន្និ​សីទនេះថា សន្និសីទអន្តរជាតិរយៈពេល២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងអាស៊ានMRA-TP នេះជាទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន សំដៅចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។


លោករដ្ឋមន្រ្តីថោង ខុនក៏បានលើកពីការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (Artificial Intelligence) នាយុគសម័យបដិវត្តឧស្សាហកម្ម៤.០នេះ បានធ្វើឲ្យការងារមួយចំនួនហួសសម័យ (Obsolete) ហើយតម្រូវការការងារ និងជំនាញនៅលើទីផ្សារមានការប្រែប្រួល ទន្ទឹមនឹងការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណាដើម្បីត្រៀមខ្លួនសម្រា​ប់ជំនាញអនាគត ក្នុងនោះទាមទារឲ្យមានការរៀបចំកម្មវិធីសិក្សាមួយ មានភាពរស់រវើក ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here