កត្តាសេដ្ឋកិច្ច ​និង​ប្រជាសាស្ត្រ​នឹង​ជំរុញ​ឲ្យ​ប្រជាជន​រស់នៅ​តាម​ខុន​ដូ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​បែបបទ នៃ​ការរស់នៅ​របស់ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខ? នៅពេល​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កាន់តែ​អាក្រក់ និង​កំនើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង កាន់តែច្រើន?។

អគ្គនាយក​ក្រុមហ៊ុន​ស្លឹក​រិ​ទ្ធ​រៀល​ធី លោក ឃាង ពុ​ទ្ឋី បាន​និយាយ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មិនយូរ​ទេ​និន្នាការ​រស់នៅ​តាម​ខុន​ដូ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​កើនឡើង។ អ្នក​ដែល​រស់នៅ​ខុន​ដូ ភាគច្រើន​ជា​អ្នក​ដែល​ធ្លាប់បាន​ទៅ​រស់នៅ ឬ​សិក្សា​នៅក្រៅ​ប្រទេស។ ការរស់នៅ​ខុន​ដូ គឺមាន​ភាព​ឯករាជ្យ និង​មាន​សុវត្ថិភាព​ខ្ពស់។ លោក​បាន​បន្តថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ប្រាក់ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់​កាន់តែច្រើន បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​ដូ​វិញ ពីព្រោះ​ខុន​ដូ​មាន​ទីតាំងនៅ​កណ្តាល​ក្រុង ស្របពេល​ការកកស្ទះ​ចរាចរណ៍ និង​ការកើនឡើង​នៃ​តម្លៃ​ដី ក៏បាន​ចូលរួមចំណែក​ធ្វើឱ្យ​ការគិត​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ផងដែរ។

លោក​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវតែ​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​ខុន​ដូ និង​ត្រូវ​នាំគ្នា​គាំទ្រ ព្រោះ​បើ​យើង​មានគំនិត​អវិជ្ជមាន​ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាមិនខាន ខណៈ​ប្រទេសជិតខាង​កម្ពុជា គេ​បានធ្វើ​ដំណើរ​លឿន​ជាង​ប្រទេស​យើង​ឆ្ងាយ​ណាស់​ទៅហើយ ចំពោះ​ផ្នត់គំនិត​នៃ​ការរស់នៅ​ខុន​ដូ ដូច្នេះ​យើង​មិនត្រូវ​គិតថា ការសាងសង់​នេះ​វា​លើស​តម្រូវការ​ទេ ព្រោះ​បើ​លើស​មែន​រាជរដ្ឋាភិបាល​នឹងមាន​វិធានការណ៍​ដោះស្រាយ​ជាមិនខាន។

នាយក​ក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ខុន​ដូ Axis Residences ដែលមាន​ចំនួន៥៦៦យូ​នី​ត ស្ថិតនៅតាម​បណ្តោយ​ផ្លូវ2004 ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានលើកឡើង​កាលពីពេលថ្មីៗនេះ​ថា“ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ជាស​សរ​គ្រឹះ​ដ៏​រឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច និង​អចលនវត្ថុ​ក្នុងប្រទេស​កម្ពុជា។ លោក​បន្តថា “យើង​ពិតជា​មានការ​ជឿជាក់ និង​ចង់ឱ្យ​ប្រជា​ពល​ដ្ឋ​ខ្មែរ ទទួលបាន​កន្លែង​រស់​នៅ​ដ៏​ស្អាត​កម្រិតស្តង់ដា។

លោក Anthony បញ្ជាក់ថា “យើង​ពិតជា​ចង់​ចូលរួម​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈកាល​ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​មួយ​ដ៏​ល្អ​ដូច​នៅ​ប្រទេស​សឹង្ហ​បុរី។ លោក​បន្តថា“គោលបំណង​ដែល​យើង​ធ្វើការ​វិនិយោគ​ខុន​ដូ Axis Residences គឺ​មិន​គ្រាន់តែ​ដើម្បី​បង្កើតជា​ផ្ទះ​ស្នាក់នៅ​រួម​នោះទេ តែ​ការពិត​វា​ជា​លំនៅឋាន​ដែល​គួរឱ្យ​ចង់​រស់នៅ និង​មានអ្វីៗគ្រប់យ៉ាង​ជា​តម្រូវការ​របស់​អ្នកស្នាក់នៅ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solutions បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ នឹង​កើនឡើង​ប្រមាណ៤លាន​នាក់​នៅ​ឆ្នាំ​រហូតដល់​ឆ្នាំ២០៣៥ខាងមុខនេះ ជា​ពេលវេលា​ដែល​ការកកស្ទះ​ចរាចរ ណ៍​នឹង​កើនឡើង តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្លាំង និង​បច្ចេកវិទ្យា​កាន់តែ​សម្រួល​ដល់​បែបបទ នៃ​ការរស់នៅ​កាន់តែ​ងាយស្រួល និង​មាន​ភាព​ស៊ី​វិ​ល័យ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល​ បាន​និយាយថា ការរស់នៅ​ខុន​ដូ គឺជា​បែបបទ​នៃ​ការរស់នៅ​មួយ​ដែលមាន​ភាព​ស៊ី​វិ​ល័យ និង​ទាន់សម័យ ដោយសារ​ខុន​ដូ​អាចមានអ្វីៗសព្វបែបយ៉ាង​ដូចជា ចំណតរថយន្ត​សមរម្យ ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ ស្ទី​ម សូ​ណា អាង​ហែល​ទឹក និង​សួនច្បារ​ជាដើម។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ខ្មែរ​យើង​ចេះតែ​គិតថា ការរស់នៅ​ខុន​ដូ​គឺ​ជើង​មិន​ជាប់​ដី (សំណង់​ដែលមាន​កម្ពស់​ច្រើន​ជាន់) ប៉ុន្តែ​បច្ចុប្បន្ន​នៅតាម​ប្រទេស​រីកចម្រើន​នានា​គេ​បានធ្វើ​រួចហើយ ព្រោះ​ការរស់នៅ​ក្នុង​ខុន​ដូ គឺ​បាន​ផ្តល់ឱ្យ​យើង​រស់នៅ​មួយ​ដែលមាន​ភាព​សុ​ខុ​ដុមរ​មនា ទំនើប និង​ទាន់សម័យ។

លោក សារុន ឫទ្ធា អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​មានការ​លំបាក ក្នុង​ការរក​ទិញ​ដី ដើម្បី​សាងសង់​ផ្ទះ​នៅ​កណ្តាល​ក្រុង​ណាស់ ព្រោះ​ដី​នៅ​តំបន់សំខាន់ៗដូចជា បឹង​កេងកង ដូនពេញ ឬ​ទួលគោក តម្លៃ​របស់​វា​បាន​ឡើងថ្លៃ​ខ្ពស់​ខ្លាំងណាស់។ ការកើនឡើង​នៃ​តម្លៃ​នេះ គឺ​ដោយសារតែ​ដី​នៅ​ក​ណ្ត​ល​ក្រុង កំពុង​ក្លាយជា​ដី​សម្រាប់​វិនិយោគិន ទិញ​យកទៅ​សាងសង់​អគារខ្ពស់ៗ អគារ​ពាណិជ្ជកម្ម​និង​ខុន​ដូ​ជាដើម។

យោងតាម​ផែនការមេ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ពង្រីក​ផ្ទៃដី​ចំនួន២០គីឡូម៉ែត្រ​ការ៉េ​ជុំវិញ​រាជធានី​ភ្នំពេញ​នោះ បានធ្វើឱ្យ​និន្នាការ​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ក៏​កើនឡើង​ច្រើន​ផងដែរ ប៉ុន្តែ​វា​មិន​ឡើងថ្លៃ​ខ្ពស់​ដូច​នៅ​កណ្តាល​ទីក្រុង​ទេ ដែល​អាច​អនុញ្ញាតឱ្យ​អ្នកមាន​ប្រាក់ចំណូល​មធ្យម ឬ​លើសពី​មធ្យម​អាច​ទិញ​បាន។

លោក សារុន ឬ​ទ្ឋា បាន​បញ្ជាក់ថា “នៅ​រាជធានី​ភ្នំពេញ សម្រាប់​អ្នក​ដែលមាន​ផ្ទះ​ចាប់ពី១ដល់១០ គឺមាន​ប្រហែល១០ភាគរយ ចំណែក​អ្នក​មានផ្ទះ​នៅ​ដោយ​ខ្លួនឯង​មាន​ប្រហែល២០ភាគរយ និង​អ្នក​មិនមាន​ផ្ទះ​តែមាន​ប្រាក់ខែ និង​ចំណូល​មធ្យម​ថេរ ឬ​លើស​មធ្យម​អាចមាន​ចំនួន៧០ភាគរយ (ពួកគេ​ពុំទាន់​មានផ្ទះ​នៅឡើយ​ទេ​ដោយ​អ្នកខ្លះ​មានផ្ទះ​នៅ ប៉ុន្តែ​ជួនកាល​អាច​បង់​រំ​លោះ​ជាមួយ​ធនាគារ)។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា កំនើន​អគារ​ខុន​ដូ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៥ កន្លងមក​មាន​ចំនួន១៥,០០០យូ​នី​ត ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើងដល់៤៥,០០០យូ​នី​ត នៅក្នុង​ឆ្នាំ២០១៨ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here