ស្វែងយល់ពីទឹកដីក្រុងបាត់ដំបង តើខេត្តនេះមានសក្តានុពលអ្វីខ្លះ?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ និយាយពីខេត្តមានសក្តានុពលសេដ្ឋកិច្ច និងខេត្តអនុស្សាវរីយ៍ច្រើនជាងគេ ក្នុងស្លាបកាអ្នកនិពន្ឋ គេមិនអាចមើលរំលងឬបំភ្លេចចោល​ខេត្តបាត់ដំបងឡើយ ដោយសារខេត្តទឹកដីនៅភូមិភាគពាយ័ព្យប្រទេសនេះ មានសក្តានុពលទាំងផលកសិកម្ម និងល្បឿននៃការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

ខេត្តបាត់ដំបង មានប្រជាជនរស់នៅសរុបជាង១លាននាក់ ធំជាងគេលំដាប់ទី២បន្ទាប់ពីរាជធានីភ្នំពេញ ហើយក្រុងបាត់ដំបងក៏មានសក្តានុពលខ្លាំងផងដែរ ដោយខេត្តនេះមានសំណង់ផ្ទះល្វែង និងបុរីចំនួន១១កន្លែង ច្រើនជាងគេធៀបនឹងបណ្តាខេត្តដទៃទៀត។

លោកវេង ម៉ុងម្ចាស់បុរីរំចេក ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបងដែលគ្រោងបោះទុន៣០លានដុល្លារវិនិយោគលើលំនៅដ្ឋាន មានលក្ខណៈជាបុរីតំបូងគេបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានចាប់ផ្តើមវិនិយោគបុរីរបស់លោកលើផ្ទៃដីសរុប១៩ហិកតា និងគ្រោងសាងសង់ផ្ទះសរុបចំនួន១៥០០ល្វែង ប៉ុន្តែរហូតមកទល់ពេលនេះ ផ្ទះបានសាងសង់រួចមានចំនួន៤៥០ល្វែង និងបានលក់​អស់ជាង៣០០ល្វែង។លោកបន្តថា តំលៃលំនៅដ្ឋានក្នុងបុរីរបស់លោកបានដាក់តំលៃលក់ចន្លោះពី៣៧០០០ដុល្លារ ដល់៥៧០០០ដុល្លារសម្រាប់ផ្ទះកំពស់មួយជាន់ និងពីរជាន់។

លោកបន្តថា “ប្រសិនជាខេត្តមានការរិកចំរើនលឿន និងលក់ដាច់ដូចបច្ចុប្បន្ន ខ្ញុំគិតថារយៈពេល៤ឆ្នាំទៀត គំរោងទាំងមូលនឹងបញ្ចប់ ដោយរួមបញ្ចូលទាំងផ្សារនិងរោងភាពយន្តដែលអាចដាក់មនុស្សបាន៣០០នាក់”។លោកបន្តដោយសម្តែងសុទិ​ដ្ឋិនិយមថា“ប្រជាជនក្រុងបាត់ដំបងមានជីវភាពប្រហាក់ប្រហែលគ្នា ទាំងក្នុងទីក្រុង និងជនបទ ពិសេសក្រុងបាត់ដំបងមានការរីកចំរើនយ៉ាងលឿន ដោយនៅរាជធានីភ្នំពេញមានអ្វី ក្រុងបាត់ដំបងក៏មានដូចគ្នា ពិសេសផ្នែកធនាគារ”។

លោកវេង ម៉ុងបានបន្តថា ថ្នាក់ដឹកនាំក្រុងបាត់ដំបង បាននិងកំពុងយកចិត្តទុក​ដាក់អភិវឌ្ឍន៍ខេត្តនេះយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាដើម្បីអភិវឌ្ឍន៍ទីក្រុងនេះឲ្យមានតែមានការអភិវឌ្ឍ ឈានទៅកម្រិតថ្មីមួយ ដែលលោកជឿជាក់ថា ខេត្តនេះនឹងមានការអភិវឌ្ឍ និងមានសក្តានុពលកាន់តែខ្លាំងបន្ថែមទៀត​នាពេលអនាគត។

អតីតអភិបាលខេត្តបាត់ដំបង លោកចាន់ សុផលបានថ្លែងថា កាលពីពេលថ្មីៗនេះ​រដ្ឋាភិបាលប្រទេសហុងគ្រី បានជួបជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងទេសចរ​ណ៍ ដើម្បីបង្ហាញពីគោលបំណង និងការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តនេះ កាន់តែច្រើន ដោយបានលើកគំរោងមួយចំនួន​នៅវត្តក្តាំងងារ អភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅវត្តគ ការកែច្នៃសំរាម និងកសាងកំពង់ផែទេសចរណ៍ ហើយគំរោងនេះបានដាក់ស្នើសុំការអនុម័តពីរាជរដ្ឋាភិបាលហើយ។

លោកបន្តថា “ខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរណ៍ច្រើនគួរសម ដោយ​សារខេត្តនេះ មានសក្តានុពលល្អលើវិស័យទេសចរណ៍ ព្រោះខេត្តមានប្រាង្គ​ប្រាសាទ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្រ្ត និងសក្តានុពលវិស័យកសិកម្ម ដែលយើងអាចរៀបចំជាកសិទេសចរណ៍បាន”។លោកបន្តថា “ក្រៅពី​សក្តានុពលទាំងនេះ ខេត្តបាននិងកំពុងរៀបចំទប់ទឹកនៅទំបន់សាលាតាអន ដើម្បីរក្សាទុកទឹកនៅក្នុងស្ទឹងសង្កែ ឲ្យមានជម្រៅរហូតដល់ជាង៩ម៉ែត្រខួបប្រាំង និងខួប​វស្សាផងដែរ”។

ក្រៅពីវិស័យទេសចរណ៍ បច្ចុប្បន្នការអភិវឌ្ឍវិស័យអចលនទ្រព្យក៏មានកំនើន​គួរឲ្យកត់សំគាល់ផងដែរ ដែលរហូតមកទល់ពេលនេះមានសំណង់បុរី និងផ្ទះល្វែង​ចំនួន១១កន្លែងផងដែរ។ អាជ្ញាធរខេត្តកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសាងសង់រោងចក្រកែច្នៃសំរាមខ្នាតតូច ដែលអាចជួយធ្វើឲ្យបរិស្ថានក្នុងខេត្តកាន់តែស្រស់បំព្រងថែមទៀត។

លោកចាន់ សុផលបានបន្តថា ការលក់លំនៅដ្ឋាននៅតាមការដ្ឋានសំណង់ផ្ទះល្វែងនានាមិនសូវទទួលបានជោគជ័យទេនៅឆ្នាំនេះ ដោយសារកតំលៃកសផលរប​ស់ប្រជាពលរដ្ឋមិនសូវល្អ បើតំលៃកសិផលល្អប្រជាជនច្រើនបានមកពីបណ្តាស្រុកនានា មកទិញផ្ទះក្នុងឲ្យកូនរបស់ពួកគេស្នាក់នៅដើម្បីសិក្សារៀនសូត្រផងដែរ។

ក្រុងបាត់ដំបងមានសង្កាត់ចំនួន១០ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន​១៥៥.០០០នាក់។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalបានថ្លែងថា បាត់ដំបងជាខេត្តមានសក្តានុពលមួយ ដែលប្រជាពលរដ្ឋមិនសូវធ្វើចំណាកស្រុកនោះទេ ដោយសារវាជាខេត្តផលិត ដែលប្រជាពលរដ្ឋអាចពឹងផ្អែកលើ​សក្តានុពលកសិកម្មនៅក្នុងខេត្តដោយខ្លួនឯងបាន ហើយបាត់ដំបងជាក៏ជាខេត្តមាន​សក្តានុពលសេដ្ឋកិច្ច ដោយមានច្រកអន្តរជាតិ និងច្រកព្រំដែនទ្វេរភាគីជាច្រើនជាប់​ជាមួយប្រទេសថៃ។

លោកបន្តថា “ខេត្តនេះមានការអភិវឌ្ឍច្រើន ប៉ុន្តែការលក់លំនៅដ្ឋាននៅ​ឆ្នាំនេះ ក៏ស្ថិតក្នុងភាពទ្រឹងដូចនៅរាជធានីភ្នំពេញដែរ ប៉ុន្តែអនាគតរបស់ខេត្តនេះនៅ​តែមានការរីកចំរើនខ្ពស់ ប្រសិនជាគំរោងរៀបចំគំរោងមេទាក់ទងនឹងទេសចរណ៍ ត្រូវបានអនុម័តដោយរដ្ឋាភិបាល”។

តំលៃដីធ្លីក្នុងក្រុងបាត់ដំបង ពិសេ​សតំបន់ពាណិជ្ជកម្មមានតំលៃចន្លោះពី១៥០០ទៅ២៥០០ដុល្លារ និងដីនៅជាយៗក្រុង​និងផ្លូវតូចៗមានតំលៃចន្លោះពី ៥០ទៅ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ានួន រិទ្ឋី។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងជាប្រធានសម្ព័ន្ឋសមាគម​សហរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានអភិវឌ្ឍន៍ផ្សារទំនើបកំពស់៦ជាន់នៅទីក្រុងនេះបានថ្លែងថា ដោយសារផ្សារធំៗនៅក្រុងបាត់ដំបងមានចំនួនច្រើន បានធ្វើឲ្យ​ការលក់សម្លៀកបំពាក់ផ្សេងៗមិនសូវជោគជ័យនោះទេ ប៉ុន្តែការលក់បន្លែនៅបរិ​វេណរបស់ផ្សារនេះ មានសកម្មភាព២៤ម៉ោង ដែលបន្លែភាគច្រើនត្រូវបានដឹកមកកាន់រាជធានីភ្នំពេញ ហើយប្រជាកសិករដាំបន្លែពួកគេកំពុងសប្បាយចិត្តនឹងការដាំចុះ ដោយសារបន្លែមានតម្រូវការខ្ពស់។

ទាក់ទងនឹងអចលនទ្រព្យក្នុងខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានថ្លែងថា “តំលៃដីនៅក្រុងបាត់ដំបង នៅតំបន់ដែលមានតម្រូវការខ្ពស់ដោយដីសំរាប់​សាងសង់ផ្ទះល្វែងមានតំលៃចន្លោះ៨០០ ទៅ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឲ្យតំលៃដីមួយឡូត៍មានចន្លោះពី៣០០០០ដល់១០០ ០០០ដុល្លារអាមេរិក។

លោកបន្តថា“តំលៃដីនៅក្នុងទីក្រុងបាត់ដំបងឆ្នាំនេះ ស្ថិតក្នុងសភាពទ្រឹងធៀ​បនឹងបណ្តាឆ្នាំមុនៗ ប៉ុន្តែសកម្មភាពទិញដីឡូត៍សាងសង់ផ្ទះល្វែងបាន និងកំពុង​កើនឡើង ហើយអ្នកទិញភាគច្រើនគឺទិញសាងសង់ផ្ទះ មិនទិញទុកលក់យកចំណេ​ញដូចបណ្តាឆ្នាំមុននោះទេ”។

ខេត្តបាត់ដំបងក៏ទាក់ទាញចំណាប់អារម្មណ៍ របស់ប្រតិបត្តិករទេសចរណ៍ច្រើនផងដែរ ដោយសារខេត្តមានវត្តមានសណ្ឋាគារពី៣០ទៅ៤០កន្លែង ដែលមួយទ​សវត្សរ៍មុនមានសណ្ឋាគារតែបីបួនកន្លែងប៉ុណ្ណោះ។

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ខេត្តបាត់ដំបងមានសក្តានុពលលើវិស័យទេសចរណ៍យ៉ាងខ្លាំង ដោយសារ​មារមណីយដ្ឋានវប្បធ៌ម រមណីយដ្ឋានធម្មជាតិ និងប្រ​វត្តិសាស្រ្តដ៏ទាក់ទាញរបស់ខេត្ត ដែលមានបន្សល់និងរក្សាបាននូវសំណង់សម័យអាណានិគម សំណង់ផ្ទះបុរា​ណច្រើនដែលមានវ័យចំណាស់ច្រើនជាងគេផងដែរ។

លោកបន្តថា “ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរណ៍ច្រមុះស្រួចច្រើន

ពួកគេចូលចិត្តមកលំហែរកំសាន្ត និងសិក្សាស្វែងយល់ពីវប្បធ៌មរបស់ខេត្តនេះដែលធ្លាប់គ្របគ្រងដោយបារាំង និងជនជាតិសៀម”។លោកបន្តថា “ដោយសារសក្តានុពល និងការយកចិត្តទុកដាក់ពីការអភិវឌ្ឍរបស់ខេត្ត បានធ្វើឲ្យទឹកដីដែលកវីសរសេរបទចម្រៀងមិនចេះអស់នេះ កាន់តែមានសង្ឃឹម និងស្នាមញញឹម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here