Hutton CPL ទទួលសិទ្ឋលក់គំរោងខុនដូតម្លៃជាង ១០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ទីបំផុតក្រុមហ៊ុន KHCN ដែលជាអ្នកអភិវឌ្ឍន៍​ខុនដូ SEA GATE SUITE នៅខេត្តព្រះសីហនុ បានប្រគល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុនអចលនទ្រព្យ Hutton CPL។

នាយកប្រតិបត្តិក្រុមហ៊ុន Hutton CPL លោកសុត វីរៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ ឧសភានេះថា ការសម្រេចចិត្តជ្រើសរើសយកគំរោងខុនដូប្រណីតនេះមកលក់ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើ​ម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណា​ត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។

គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុន KHCN Investment &Development Co, Ltd។

លោកបន្តថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់   រយៈពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។

គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូ Sea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

លោកសុត វីរៈបានបន្តថា ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយាន​យន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគ​ចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

- Advertisement -
ចែករំលែក