Jack Ma ចាប់ផ្តើមវាយលុកក្នុងទីផ្សារប្រទេសថៃ

0

ដោយវុត្ថា

ភ្នំពេញ  នៅទីបំផុតលោក Jack Ma បានប្រកាសចូលវាយលុកទីផ្សារប្រទេសថៃ តាមរយៈក្រុមហ៊ុនលំដាប់ពិភពលោក Alibaba Group ដែលជាក្រុមហ៊ុនដ៏ធំរបស់លោក។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post បញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Alibaba Group និងរដ្ឋាភិបាលរបស់ថៃកំពុងស្វះស្វែងរកព៌តមានកាន់តែពិស្តារ ក្នុងការចុះកិច្ចព្រមព្រៀង ដើម្បីបង្កើតមជ្ឈ​មណ្ឌលឌីជីថលដ៏ទំនើបមួយនៅក្នុងប្រទេសថៃ។

លោក Angel Zhao ប្រធានក្រុមដឹកនាំសកលភាវូបនីយកម្មរបស់ក្រុមហ៊ុន Alibaba Group បាននិយាយថា ក្រុមហ៊ុនយក្សអេឡិចត្រូនិចចិន កំពុងធ្វើការពិនិត្យរបស់ការណ៍នៅដំណាក់កាលចុងក្រោយ នៃផែនការវិនិយោគសម្រាប់សម្ភោធដាក់អោយដំណើរនៅខែក្រោយនេះ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយលោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីនិង រដ្ឋមន្រ្តីឧស្សាហកម្ម Uttama Savanayana នៅទីក្រុងបាងកក។

លោក Zhao គ្រោងនឹងជួបលោក Uttama Savanayana ជាថ្មីម្តងទៀតក្នុង   រយៈពេលពីរសប្តាហ៍ទៀត ដើម្បីពិភាក្សាលម្អិតបន្ថែមទៀតអំពីកិច្ចព្រមព្រៀងនេះ។

ផែនការរបស់ក្រុមហ៊ុន Alibaba ដែលគ្រោងបង្កើតមជ្ឈមណ្ឌលឌីជីថលទំនើបនៅក្នុងប្រទេសថៃនាពេលនេះ គឺដើម្បីបំពេញតាមការសន្យារបស់លោក Jack Ma បន្ទាប់ពីការធ្វើទស្សនកិច្ចជាច្រើនលើកច្រើនសារ មកកាន់ប្រទេសនេះកាលពីប៉ុន្មានឆ្នាំកន្លងទៅ។

លោក Jack Ma ស្ថាបនិកក្រុមហ៊ុន និងនាយកប្រតិបត្តិ Alibaba នឹងត្រឡប់មកកាន់ប្រទេសនេះជាថ្មីម្តងទៀត នៅខែមេសាខាងមុខ ដើម្បីសម្ភោធដាក់អោយដំណើរជាផ្លូវការ នៃមជ្ឈមណ្ឌលឌីជីថល រួមទាំងព័ត៌មានបន្ថែមទៀតអំពីទីតាំងរបស់ក្រុមហ៊ុន។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គម្រោងនេះ នឹងរួមបញ្ចូលនូវមជ្ឈមណ្ឌលចែកចាយ កន្លែងដឹកជញ្ជូន រោងចក្រផលិត មជ្ឈមណ្ឌលបណ្តុះបណ្តាល និងមជ្ឈមណ្ឌលកែច្នៃ។

លោក Uttama Savanayana បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅក្នុងដំណាក់កាលកានៃការវិនិយោគនេះ ក្រុមហ៊ុន Alibaba នឹងត្រូវចំណាយដើមទុននៅក្នុងគម្រោងអប់រំជាលើកតំបូង ដែលត្រូវបានរចនាឡើងដើម្បីបង្កើនធនធានមនុស្សរបស់ប្រទេសថៃ។

លោកបានជំរុញឱ្យក្រុមហ៊ុន Alibaba សហការជាមួយប្រទេសថៃ ក្នុងការជំរុញគោលដៅទេសចរណ៍ ដែលមិនសូវមានប្រជាប្រិយភាព ចំពោះភ្ញៀវទេស​ចរចិន។

ក្រុមហ៊ុន Alibaba និងរដ្ឋាភិបាលថៃនឹងធ្វើការរួមគ្នា ក្នុងការជួយកសិករផ្លាស់ប្តូរ ទៅរកពាណិជ្ជកម្មអេឡិចត្រូនិក និងចាប់ផ្តើមបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍សម្រាប់ការចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕

- Advertisement -
ចែករំលែក