Mekong Harmony បុរីថ្មីមួយនឹងរំលេចខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កំពុងទទួលបានការចាប់អារម្ម ណ៍និងគំរោងវិនិយោគជាច្រើន ដោយអ្នកវិនិយោគក្នុងស្រុក និងអឺរ៉ុបបានសម្រេចសាងសង់បុរីថ្មីមួយ ដែលគ្រោងបោះទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក។

គំរោងនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ដោយមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណី​ត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Century21 Cambodia ដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹង​សាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។

សេចក្តីប្រកាសបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមាន Private Swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផល​នាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។

សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍ​ថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើ​ប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ។

គម្រោងនេះស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here