OCIC គ្រោងរៀបចំទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំជាងគេនៅកម្ពុជាOCIC គ្រោងវិនិយោគទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ខណៈសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាសម្រេចបាន៧០ភាគរយរួចហើយ។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានប្រាប់Propertyarea.asiaនៅការិយាល័យរបស់លោកនាព្រឹកថ្ងៃទី១៨ ឧសភានេះថា រហូតមកទល់ពេលនេះការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតសម្រេចបាន៧០ភាគរយហើយ ដោយចំណាយទុនវិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក។លោកបន្តថា ចំនួននេះមិនទាន់រាប់បញ្ចូលនូវតម្លៃនៃការបូមខ្សាច់ចាក់បំពេញនៅឡើយទេ។

លោកបន្តថា “យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ”។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែងតម្លៃចាប់ពី១៥ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះក្នុងដំណាក់កាលទី១ហើយ។ ចំណែកដំណា​ក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ច សង្គម​កម្ពុជា។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អ​ប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកា​សធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រ​កបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម៕

LEAVE A REPLY

Please enter your comment!
Please enter your name here