រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ ចំណូលចរន្តថវិកាជាតិកើនដល់ទឹកប្រាក់ ៤៥៦០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំណូលចរន្តថវិកាជាតិរបស់រដ្ឋាភិបាល បានបង្ហាញសញ្ញាវិជ្ជមានដោយ​រយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលថវិកានេះបានកើនពី ២២៦៤លានដុល្លារ ដល់ចំនួនជាង ៤៥៦០លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុប និងធនាគារពិភពលោកប្រចាំកម្ពុជាលោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ជាលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១៣​-២០១៨ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដងមានប្រមាណ ២២៦៤លានដុល្លារ ដល់ប្រមាណ ៤៥៦០លានដុល្លារអាមេរិក។

ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធផលជាវិជ្ជមាន ដោយអនុញ្ញាត្តឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលនៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងតាមរយៈចំណាយ វិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈមានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតប្រជាពលរដ្ឋ។

លោកបន្តថា កម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរ“ប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការ” ទៅជា“ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចេញ និងវិមជ្ឈការ” ស្របតាមការលានុវត្តន៍ជាអន្តរជាតិ ហើយកម្មវិធីកែទម្រង់នេះ ត្រូវបានដាក់ចេញដោយរចនាតាមអភិក្រមជាខឿនចំនួន៤ និងត្រូវបានរៀបចំអនុវត្តជា៤ដំណាក់កាលផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសកម្ពុជាទទួ​លបានកំណើនសេដ្ឋកិច្ចអត្រាជាមធ្យម៧,៦ភាគរយ ចាប់ពីឆ្នាំ១៩៩៤-២០១៥ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី៦នៅលើពិភពលោក  ហើយកម្រិតអត្រាភាពក្រីក្រធ្លាក់ចុះពី៤៧,៨ភាគ​រយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបផងដែរ។

ឯកអគ្គរដ្ឋទូត នៃស្ថានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgarបានថ្លែងថា ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ដោយចីរភាព បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ តាមរយៈធនាគារពិភពលោក លើគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ប្រទេសជាដៃគូចំនួន១០រួមមាន កម្ពុជា, ឡាវ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ុង-ហ្គោលី, ទីម័រខាងកើត, វៀតណាម និងដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here